ពលរដ្ឋអះអាងថាមានការផ្ទុះអាវុធបាញ់បោះវាយតប់រីឯប៉ូលិសក្នុងតំបន់ព្យាយាមគេចវេះមិនឆ្លើយនឹងសំណួរអ្នកសារព័ត៌មាន

0
441

ដោយៈ បាយ៉ង់ថែមស៍

ព្រះសីហនុៈ រឿងផ្ទុះអាវុធបាញ់បោះ វាយតប់គ្នា ដោយផ្ដើមចេញពីបញ្ហាទំនាស់ដីធ្លីកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅថ្មីៗនោះអាជ្ញាធរមូលដ្ឋាន និងប៉ូលិសក្នុងតំបន់ហាក់មានបំណងចង់បិទបាំងការពិត ខណៈប្រជាពលរដ្ឋបានអះអាងកាលពីរសៀលថ្ងៃទី២១ ខែធ្នូ ២០២០ ថា ពួកគាត់រងការវាយប្រហារ បង្កអុកឡុករំខាន បាញ់គំរាមដោយក្រុមកាងដីឱ្យឧកញ៉ាម្នាក់នៅ ខែត្រព្រះសីហនុ។ អំពើហិង្សាផ្ទុះអាវុធ និងវាយតប់គ្នានេះបង្កឱ្យមានរបួសស្នាមស្ថិតនៅភូមិអូរឧកញ៉ាហេង (ភូមិព្រៃស្មាច់) ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខែត្រព្រះសីហនុ។

អំពើហិង្សាខាងលើបានចាប់ផ្ដើមម៉ោង២ជាងរសៀលកាលពីថ្ងៃទី២០ ខែធ្នូ ២០២០។ រឿងនេះបានអូស បន្លាយរហូតដល់ម៉ោងជិត៦ល្ងាចទើបប៉ូលិស ស្រុកព្រៃនប់ ដែលដឹកនាំដោយលោក ហ៊ូ យ៉ៃ នាំខ្លួនជន បង្កមួយក្រុមចំនួន៩នាក់ទៅកាន់ អធិការដ្ឋាននគរបាល ស្រុកព្រៃនប់ ដោយរក្សាទុករថយន្ តមួយគ្រឿង ដែលពលរដ្ឋនាំគ្នារុញផ្ដួលទៅមួយចំហៀងនៅនឹងកន្លែងកើតហេតុព្រោះតែខឹងនឹងប៉ូលិសមិនព្រមចាប់ពួកក្រុមជនបង្កភ្លាមៗ ហើយមុននឹងផ្ដួលរថយន្តនោះពួកគាត់នាំគ្នាគប់ដុំថ្មតបតទៅ នឹងក្រុមបង្កឱ្យរងរបួសមួយចំនួន។ ដោយឡែករថយន្តក្រឡាប់នៅកន្លែងកើតហេតុកាលនោះសមត្ថកិច្ចក៍ស្ទួចយកទៅបាត់ នៅយប់ម៉ោងប្រ មាណ៧នាថ្ងៃខែឆ្នាំដដែល។

អ្នកនាំពាក្យសាលាខែត្រព្រះសីហនុ លោក ឃាង ភារម្យ មានប្រសាសន៍តាមប្រព័ន្ធតេឡេក្រាមកាលពីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នេះថា« រឿងហិង្សាខាងលើស្ថិតក្នុងដៃ លោកព្រះរាជអាជ្ញា។ ខ្ញុំស្នើសុំលោកសួរទៅ ព្រះរាជអាជ្ញារង លោក ហ៊ួត វិចិត្រ ឬសួរទៅលោក លឹម  ប៊ុនហេង អ្នកនាំ ពាក្យអយ្យការអមសាលាដំបូង ខែត្រព្រះសីហនុ »។

លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូង ខែត្រព្រះសីហនុ ប្រាប់ឱ្យ បាយ៉ង់ថែមស៍ ដឹងថា« ជនសង្ស័យទាំង៨នាក់ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសតាម មាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ និងពីបទធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ ទោស មាត្រា៤១១ ក្រមព្រហ្មទណ្ឌ។ សំណុំរឿងនេះត្រូវបានបញ្ជូនទៅ ចៅក្រមស៊ើបសួរបន្តនីតិវិធី»។

ដូចគ្នានេះដែរលោក ហ៊ួត វិចិត្រ ព្រះរាជអាជ្ញារង ដែលបានចុះផ្ទាល់ទៅកន្លែងកើតហេតុកាលពីព្រឹកថ្ងៃទី២១ ខែធ្នូ បន្ទាប់ពីកើតហេតុរំលងមួយយប់ បានប្រាប់ បាយ៉ង់ថែមស៍ តាមប្រព័ន្ធតេឡេក្រាមកាលពីរសៀលថ្ងៃ ទី២៥ ខែធ្នូ ថា« សំណុំរឿងបញ្ជូនមកមានតែ៨នាក់។ ខ្ញុំបានចោទប្រកាន់ពួកគាត់ទាំង៨នាក់ពីបទហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស តាមបញ្ញាតិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ»។

លោកបន្តទៀតថា «កាលពីព្រឹកម៉ិញ ចៅក្រមស៊ើបសួរ កំពុងស្តាប់ចម្លើយពីពួកគាត់។ មកទល់ពេលនេះខ្ញុំមិន ទាន់ដឹងថា ពួកគាត់ត្រូវបានចៅក្រមស៊ើបសួរសម្រេចយ៉ាងណានៅឡើយទេ»។ លោកក៍បានបញ្ជាក់ជាសារស ម្លេងតាមប្រព័ន្ធតេឡេក្រាមថា « ពាក់ព័ន្ធរឿងអាវុធគឺមានក្រុមការងារមួយផ្សេងទៀតដែលគេនឹងធ្វើការលើ ករណីអាវុធនេះ »។

ពាក់ព័ន្ថនឹងករណីហិង្សាខាងលើនេះលោកអភិបាលស្រុកព្រៃនប់ និងអធិការនគរបាល ស្រុកព្រៃនប់ គឺលោក ហ៊ូ យ៉ៃ ពុំអាចសុំការបំភ្លឺបានទេតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០។

គួរបញ្ជាក់ថា លោក ហ៊ូ យ៉ៃ អធិការនគរបាល ស្រុកព្រៃនប់ ទទួលទូរស័ព្ទដែរលើកទីមួយ។ ប៉ុន្តែលោកចុចបិទ ភ្លាមៗបន្ទាប់ពីឮថា «អ្នកសារព័ត៌មាន» ។ លើកទីពីរលោកមិនទទួលទូរស័ព្ទនោះឡើយ…។ សូមមហាជនធ្វើ ការវិនិច្ឆ័យដោយខ្លួនឯងចុះ។

ដោយឡែកក្រុមកាងបង្កហិង្សា ពុំអាចស្វែងរកមធ្យាបាយសុំការបញ្ជាក់បានទេ ពីការចាប់ផ្ដើមរឿងបាញ់បោះ និង វាយតប់ខាងលើ និង លោក ភឿន ផល្លា ដែលរងការចោទថានៅពីក្រោយការវាយប្រហារនេះ ក៏ពុំអាច សុំការអធិប្បាយបានដែរ ព្រោះពុំមានមធ្យាបាទំនាក់ទំនង។

រហូតមកដល់ល្ងាចថ្ងៃទី២៥ ខែធ្នូ នេះពុំមានមន្រ្តីណាអាចសុំការបញ្ជាក់បានទេថា តើអ្នកបង្ករឿងហិង្សាទាំង ៨នាក់នោះត្រូវឃុំខ្លួន ឬនៅក្រៅឃុំនោះទេ។ ប៉ុន្តែប្រជាពលរដ្ឋបានប្រាប់ថា ពួកគាត់បានឃើញបុរសម្នាក់ក្នុង ចំណោមជនបង្កទាំង៨នាក់នោះដែលរងរបួសក្បាលបានដឹកប្រពន្ធចុះឡើងក្នុង ឃុំអូរឧកញ៉ាហេង ធ្វើមិនដឹង រឿងអ្វីឡើយ…៕ សាមុត