ពលរដ្ឋផ្ទុះការតវ៉ាខណ:ទីប្រឹក្សាក្រសួងរៀបចំដែនដីចុះពិនិត្យលើការស្នើសុំអន្តរាគមន៍ចេញបណ្ណកម្មសិទ្ធិដីធ្លី

0
73

ខែត្រតាកែវៈ ប្រជាពលរដ្ឋប្រមាណជា១៧គ្រួសារបានផ្ទុះការតវ៉ាខណៈពេលទីប្រឹក្សា ក្រសួងរៀបចំដែនដីនគរូបណីកម្ម សំណង់ និងសុរិយោដី បានចុះត្រួតពិនិត្យទីតាំងដីគម្របព្រៃឈើជិតមួយរយហិកតា ដែលមានផែនទីគ្រប លើដីអាស្រ័យផលជាក់ស្ដែងរបស់ពួកគាត់ស្ថិតនៅ ភូមិព្រៃតាឡូយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខែត្រតាកែវ។

ដីគម្របព្រៃឈើ១កន្លែងដែលមានទំហំ៨៨៤,៨៥៤ម៉ែត្រការ៉េ ដែលពលរដ្ឋរស់នៅ និងអាស្រ័យផលដាំស្វាយ និងដំណាំរួមផ្សំផ្សេងៗជាច្រើនឆ្នាំបែរជាមានម្ចាស់ត្រួតលើគ្នាច្រើននាក់ ហើយមកអះអាងថា ជាកម្មសិទ្ធិរៀងៗខ្លួន។ តើរឿងរ៉ាវនោះផ្តើមចេញពីមូលហេតុអ្វី ? នេះជាសំណួរគ្មានចម្លើយជាក់លាក់មួយនៅក្នុងទំនាស់ដីធ្លីដែលកើតឡើងរយៈពេលយូរឆ្នាំ។

វិវាទដីធ្លីខាងលើកើតឡើងរវាង ប្រជាពលរដ្ឋ និងបុគ្គលឈ្មោះ ជា យោធិន ដែលបានអះអាងថា ដីរបស់ពួកគាត់រៀងៗខ្លួន។ ភាគីពលរដ្ឋបានអាស្រ័យផលជាក់ស្តែងយូរឆ្នាំមកហើយ រីឯលោក ជា យោធិន ជាអ្នកទិញដីបន្ដពីឈ្មោះ ទេព លន់។ ក្រោយពីបានទិញដីរួចលោក​ ជា យោធិន ក៏បានដាក់ពាក្យស្នើសុំអន្តរាគមន៍ទៅ ក្រសួងដែនដី ដើម្បីធ្វើការចុះត្រួតពិនិត្យ និងសុំចុះបញ្ជីដីធ្លីកម្មសិទ្ធិតាមទំហំដីជាក់ស្ដែងដែលខ្លួនបានទិញកន្លងមក។

ជាទូទៅរឿងទំនាស់ដីធ្លីនៅកម្ពុជាបើទោះបីជាមាន ក្រុមការងារ នៃរាជរដ្ឋាភិបាល ចុះដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការក៏ដោយ ក៏នៅតែដោះស្រាយមិនចប់នោះដែរ។ បន្ទុកដ៏ធំ នៃទំនាស់ដីធ្លីកើតចេញពី អាជ្ញារធរមូលដ្ឋាន ពុំបានធ្វើការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ឬក៏ច្បាស់លាស់នោះទេ ដើម្បីកុំឱ្យកើតមានផលទំនាស់ឡើង។

ការនិយាយដោយគ្មានការលាក់លៀមលោក អ៊ូ សេរី ទីប្រឹក្សា ក្រសួងដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី បានលើកឡើង កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ថា បើគ្មានគោលការ និងឯកសារច្បាស់លាស់ទេលោកមិនអាចកាត់ឆ្វៀលដីចេញបណ្ណកម្មសិទ្ធិជូនបានទេ។

នាយករងរដ្ឋបាលសាលា ខែត្រតាកែវ ក៏បានបញ្ជាក់ផងដែរថា លោកមកថ្ងៃនេះតាមការណែនាំរបស់ អភិបាលខែត្រ។ លោកមិនដឹងថា ករណីនេះវាប៉ះពាល់លើដីប្រជាពលរដ្ឋនោះទេ។ លោកក៏បានណែនាំឲ្យរដ្ឋបាលឃុំ ចុះឈ្មោះពលរដ្ឋដែលរងនូវផលប៉ះពាល់ទាំងនោះដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំខែត្ររកដំណោះស្រាយជូនពួកគាត់។

ចំពោះមេ ឃុំត្រពាំងក្រញូង បានប្រាប់ បាយ៉ង់ថាមស៍ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ថា លោកមិនទាន់បានទទួលពាក្យបណ្តឹងពីពលរដ្ឋនៅឡើយទេដោយពលរដ្ឋមិនមានឯកសារច្បាស់លាស់មកបញ្ជាក់ថា ពួកគាត់មានទំហំដីជាក់ស្តែងប៉ុនណានោះឡើយ…។

ភាគីពលរដ្ឋលោក ឆាយ ម៉េង ជាកូនប្រុសរបស់លោក មួយ ឆាយ បានអះអាងថា ឪពុករបស់លោកបានទិញដីរួមជាមួយលោក ទេព លន់។ លោកបន្តថា បច្ចុប្បន្នលោក ជា យោធិន បានទិញដីពីលោក ទេព លន់ រួចហើយតែបែរជាភាគីខាងលោកមិនបានដឹងរឿងនេះសោះ។ ចុះលោក ជា យោធិន បានទិញដីទាំងនេះដោយរបៀបណា ?

ចំណែកកូនប្រុសលោក ហេង សាង ម្ចាស់ដីគឺភាគីខាងពលរដ្ឋបានប្រាប់ឱ្យដឹងកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ពលរដ្ឋដែលបានចូលរួមប្តឹងទាស់នោះមានប្រមាណជា១៧គ្រួសារ។

ជុំវិញករណីខាងលើលោក ជា យោធិន បានធ្វើការបកស្រាយថា ដីធ្លីដែលលោកបានស្នើសុំឱ្យ ក្រសួងរៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដី ចុះពិនិត្យ និងចេញបណ្ណកម្មសិទ្ធិជូនគាត់នោះដោយលោកបានទិញដីនេះ ពីឈ្មោះ ទេព លន់ ដោយមានឯកសារការទិញលក់ និងលិខិតប្រគល់ទទួលលុយដោយមាន មេធាវីប្រថាប់ត្រា ត្រឹមត្រូវទើបគាត់ហ៊ានទិញដីនេះ។ លោកបន្តទៀតថា ការទិញលក់ដីនេះមានការទទួលស្គាល់ពី មេភូមិ មេឃុំ និងស្រុក ត្រឹមត្រូវ។

គួរបញ្ជាក់ថា ករណីវិវាទដីធ្លីនៅកម្ពុជានេះ គឺជាជំងឺមហារីករ៉ាំរ៉ៃមួយដែលពិបាកដោះស្រាយ និងពិបាកព្យាបាលនៅឡើយបើទោះបីជា រាជរដ្ឋាភិបាលកម្ពុជា បានដាក់យន្តការ និងបង្កើតក្រុមការងារចុះដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ យ៉ាងណាក៏ដោយ។ ពីព្រោះពួកគេបានផ្ដោតលើផលប្រយោជន៍បុគ្គលធំ ជាងផលប្រយោជន៍ជាតិ៕