ពលរដ្ឋត្អូញត្អែរពីការសាងសង់ផ្លូវបេតុងរបស់ក្រុមហ៊ុនគឹមពិសិដ្ឋទំនងជាមិនមានគុណភាព

0
159

ខែត្រកែប: ការសាងសង់ផ្លូវបេតុង១កន្លែងស្ថិតនៅ ភូមិព្រៃតាកុយ និង ភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខែត្រកែប ត្រូវបានពលរដ្ឋលលើកឡើងថា យ៉ាងយូរ៣ឆ្នាំខូចអស់ហើយ។ ផ្លូវបេតុងអាមេដែលគេស្ថាបនានោះមានទំហំ៦ម៉ែត្រ ប្រវែង១,៣៩៥ម៉ែត្រ និងដាក់លូកាត់ផ្លូវចំនួន១កន្លែងតម្លៃសរុប ៣៥៩.៦១១.៤០០ រៀល (បីរយហាសិបប្រាំបួនលាន ប្រាំមួយរយដប់មួយពាន់ បួនរយរៀលគត់)។

ការសាងសង់ផ្លូវបេតុងនោះគេអង្គេតឃើញថា ក្រុមហ៊ុន គឹម ពិសិដ្ឋ ចងដែកមានគម្លាតខុសប្រក្រតីគឺការប្រើប្រាស់ដែកដែលមានទំហំតូចៗមិនត្រូវតាមស្តង់ដារ ការចាក់ស៊ីម៉ង់ត៍មានលៀនចេញក្បាលថ្មសុសៗសងខាងនៃបេតុងផ្លូវគឺមិនត្រឹមត្រូវតាមបទដ្ឋានលក្ខណៈបច្ចេកទេសនោះទេ។ បើការសាងសង់ខុសបច្ចេកទេសបែបនេះការចំណាយថវិកាជាតិ ដែលបានពីញើសឈាមពលរដ្ឋនោះមន្ត្រីទទួលផែនការសាងសង់ជាអ្នកទទួលខុសត្រូវយ៉ាងណាចំពោះពលរដ្ឋខ្លួន ?

នាយកទីចាត់ការផែនការ ខែត្រកែប លោក សួន ភាព បានប្រាប់សារព័ត៌មានយើងនៅថ្ងៃទី៣ ខែធ្នូ នេះថា ទាក់ទងនឹងបញ្ហានេះលោកនឹងចាត់មន្ត្រីឱ្យទៅត្រួតពិនិត្យបន្ថែមលើករណីនេះ។

ចំណែក ជំទប់ទី១ ឃុំពងទឹក ផ្នែកសាងសង់លោកស្រី ភូ មុំ បាយ៉ង់ថាមស៍ មិនអាចសុំការបំភ្លឺបានទេ តាមប្រ ព័ន្ធតេឡេក្រាម ដោយមានអ្នកចូលមើលតែគ្មានអ្នកឆ្លើយតប…។

រីឯ មេភូមិព្រៃតាកុយ លោកបានប្រាប់ អង្គភាពសារព័ត៌មានយើងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ថា គាត់មិនចេះបច្ចេកទេសទេ។ គាត់ក៍បានស្នើសុំឱ្យ គណៈកម្មការបច្ចេកទេស ចុះពិនិត្យឡើងវិញដោយគាត់សង្ស័យថា បេតុងមានលក្ខណៈស្តើង។

បកស្រាយចម្ងល់ខាងលើ វិស្វករផ្នែកសំណង់ស៊ីវិល មួយរូបសុំមិនបញ្ចេញឈ្មោះលើកឡើងថា ការលាយស៊ីម៉ង់ត៍ ការ
ចងដែក ការប្រើប្រាស់ដែក ត្រូវស្តង់ដារ ឬ មិនត្រឹមត្រូវ យើងមិនអាចកំណត់ខុសត្រូវបានទេ គឺអាស្រ័យលើកិច្ចសន្យាវាង ក្រុមហ៊ុន មេឃុំ និងមន្ត្រីរបស់ផែនការវិនិយោគ។

លោកបន្តទៀតថា ប្លង់មេស្តង់ដារ ដែលគេធ្វើកិច្ចសន្យានោះ គេមិនងាយបង្ហាញយើងទេ។ ពីព្រោះដូចបើកគូទឱ្យគេមើលអីចឹង។ នេះបើតាមការរៀបរាប់ប្រាប់ បាយ៉ង់ថាមស៍ ឲ្យដឹងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា កន្លងទៅនោះ។

ប្រធានផ្នែកលក់បេតុងក្រឡុក របស់ក្រុមហ៊ុនមួយមានអាសយដ្ឋានក្នុង ខែត្រកែប បានប្រាប់ភ្នាក់ងារព័ត៌មានយើងតាមឆាត (Messager) កាលពីថ្ងៃទី៣ ខែវិច្ឆិកា កន្លងទៅថា បេតុងលាយដោយប្រើម៉ាស៊ីនធម្មតាមានកម្លាំងទម្រត្រឹមតែ២០០ញូតុនប៉ុណ្ណោះ គឺវាខុសពីបេតុងលាយស្រាប់ពី ក្រុមហ៊ុនផ្ទាល់មាកម្លាំង ៣០០ទៅ៣៥០ញូ តុន នៃកម្លាំងទម្រ។

លោកបានបន្តទៀតថា បើនិយាយពីស្តង់ដារ បេតុង គេយកចាប់ពី ៣០០ ញូតុន នៃកម្លាំងទម្រឡើងទៅទើបផ្លូវមានគុណភាព និងប្រើប្រាស់បានយូរ បើមន្ត្រីគិតពីស្តង់ដារនោះ គេនឹងតម្រូវឲ្យក្រុមហ៊ុនដេញថ្លៃប្រើប្រាស់បេតុង ក្រុមហ៊ុនលាយស្រាប់ ហើយដោយសារ ក្រុមហ៊ុនបេតុងលាយស្រាប់ គេបានប្រើប្រាស់ស្តង់ដារគ្រប់គ្រាន់ គឺស្តង់ដារ តេស្តបេតុងដោយម៉ាស៊ីន និងធានាស្តង់ដារកម្រិតបេតុងទៀតផង។

ការបញ្ចេញមតិរបស់អ៊ំៗមានវ័យប្រហែល៦០ទៅ៧០ឆ្នាំរស់នៅ ភូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ បាន លើកឡើងថា ផ្លូវនេះសង្ស័យថា ប្រើមិនបាន៣ឆ្នាំផងខូចអស់ហើយធ្វើមិនត្រឹមត្រូវតាមស្តង់ដារនោះឡើយ…។

ប្រជាពលរដ្ឋម្នាក់ទៀតមានវ័យប្រហែល៦៥ឆ្នាំបានលើកឡើងនៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ថា ការធ្វើនេះមិនត្រូវតាមស្តង់ដារក្រែងឃុំ និងក្រុមហ៊ុនគេនិយាយត្រូវគ្នាយ៉ាងនេះក៏មិនដឹង។ ជាធម្មតាក្រុមហ៊ុនគេរកស៊ី គេត្រូវការចំណេញ…។

រីឯភាគីខាងក្រុមហ៊ុនវិញអង្គភាពយើងមិនអាចសុំការបកស្រាយបានទេ ដោយតំណាង ក្រុមហ៊ុន គឹម ពិសិដ្ឋ គឺលោក តាំង ចន្ថន បានប្រាប់ថា សូមទាក់ទងទៅមេ…។ ចំណែកឯ លោកប្រធានក្រុមហ៊ុន គឹម ពិសិដ្ឋ ដែលមានលោក សេង រី ជាប្រធាននោះ សារព័ត៌មានយើង បានព្យាយាមហៅតាមទូរស័ព្ទ និងទាក់ទងតាម ប្រព័ន្ធតេឡេក្រាម ដែរតែលោកមិនបានឆ្លើយតបទេនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។

គួរបញ្ជាក់ថា ការដេញថ្លៃគម្រោងឃុំសង្កាត់នៅ ខែត្រកែប កាលពីប៉ុន្មានខែកន្លងទៅនេះ គេសង្គេតឃើញថា ក្រុមហ៊ុន គឹម ពិសិដ្ឋ ដេញថ្លៃមានតម្លៃទាបបំផុតគឺត្រឹមតែប្រមាណ៣០ទៅ៤០ភាគរយប៉ុណ្ណោះតម្លៃសរុបនៃមូល នីធិឃុំសង្កាត់។ កន្លងមក ក្រសួងមហាផ្ទៃ បានបង្កើត គណៈកម្មការ មួយសម្រាប់តាមដានមើលការអភិវឌ្ឍន៍មូលដ្ឋានឃុំសង្កាត់ នៅទូទាំងប្រទេសកម្ពុជា៕