ព្រះវិហារៈ ប្រជាពលរដ្ឋប្រមាណ១៣៥គ្រួសាររស់នៅ ភូមិប្រា ហៅ ភូមិគុណភាព២ ឃុំឆែប២ ស្រុកឆែប ស្នើសុំអាជ្ញាធរ ខេត្តព្រះវិហារ ជួយសាងសង់ ស្ពានដែកបាឡេ ដើម្បីឆ្លងកាត់អូរតាឡះសម្រាប់ប្រើប្រាស់ព្រោះបច្ចុប្បន្នពួកគាត់កំពុងតែជួបការលំបាកក្នុងការធ្វើដំណើរ។
ប្រជាពលរដ្ឋបានលើកឡើងថា បច្ចុប្បន្នពួកគាត់មានការសប្បាយចិត្តយ៉ាងខ្លាំងដែលមានផ្លូវក្រាលក្រួសក្រហមខ្វាត់ខ្វែងឆ្លងកាត់ពីភូមិ១ទៅភូមិ១ក្នុងឃុំស្រុកធ្វើឱ្យមានភាពស្និទ្ធស្នាលរវាងគ្នានិងគ្នានៅជនបទដាច់ស្រយ៉ាលជាមួយនឹងអ្នករស់នៅទីប្រជុំជន។ ប៉ុន្តែអ្វីដែលពួកគាត់ជួបការលំបាកនោះគឺនៅខ្វះស្ពានសម្រាប់ធ្វើចរាចរឆ្លង កាត់អូរតាឡះនេះ។
លោក ជៀន ចិន តំណាងពលរដ្ឋប្រមាណជាង១០០គ្រួសារបញ្ជាក់ថា ពួកគាត់រស់នៅក្នុងភូមិ,ឃុំមានផ្លូវក្រាលក្រួសក្រហមឆ្លងកាត់ធ្វើចរាចរគឺស្ថាបនាឡើងដោយថវិកាមូលនិធិរបស់ឃុំ។ លោកបន្តថា បានផ្លូវស្អាតហើយ តែនៅខ្វះតែស្ពានសម្រាប់ឆ្លងកាត់អូតាឡះ។ ការលំបាកនោះទីមួយនៅពេលខែវស្សាទឹកជន់ឡើងធ្វើឱ្យសិស្សទៅសាលារៀនជិះទូកឆ្លងអូរបង្កការលំបាក។
លោកបន្តថា ការលំបាកទីពីរនៅពេលមានអ្នកជំងឺ និងស្ត្រីមានផ្ទៃពោះឆ្លងទន្លេត្រូវដឹកបញ្ជូនទៅមន្ទីរពេទ្យម្តងៗជួនកាលម្ចាស់ទូកមិននៅធ្វើឱ្យអ្នកជំងឺអាចគ្រោះថ្នាក់ដល់អាយុជីវិតព្រោះតែការយឺតយូរពេលវេលា។ ទីបីកសិ ផលដែលពលរដ្ឋធ្វើបានត្រូវការលក់គឺក្រុមឈ្មួញបញ្ចុះតម្លៃដោយលើកហេតុផលថា ពិបាកដឹកជញ្ជូន…។
ប្រភពបានបន្តទៀតថា ផលលំបាកទាំងអស់នេះ ដែលពួកគាត់ទទួចស្នើសុំទៅលោក ប្រាក់ សុវណ្ណ អភិបាល ខេត្តព្រះវិហារ ជួយកសាងស្ពានដែកបាឡេមួយងាយស្រួលពលរដ្ឋរស់នៅក្នុងភូមិដាច់ស្រយ៉ាលបានប្រើប្រាស់។ ក្នុងនោះចាំបាច់បំផុតគឺប្រភពទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផ្ទាល់តែម្តង។ សព្វថ្ងៃពលរដ្ឋភាគច្រើន
ប្រើប្រាស់ទឹកអូរតាឡះនេះ គឺនាំគ្នាមុជទឹកក្នុងអូរ និងដងយកទៅប្រើប្រាស់ជាកក្តាមានជំងឺរាតត្បាតផ្សេងៗដល់សហគមន៍ពួកគាត់៕