ផ្លូវលំមួយខ្សែនៅស្រុកលំផាត់ដែលក្រសួងប្រគល់ឲ្យមន្ទីរអភិវឌ្ឍន៍ជនបទខែត្រថែទាំពេលនេះខូចស្ទើរតែទាំងស្រុង

0
90

រតនគិរី: កំណាត់ផ្លូវលំមួយខ្សែដែល ក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើនៅ ស្រុកលំផាត់ ខែត្ររតនគិរី កាលពី ពេលកន្លងមករហូតមកដល់ពេលនេះបានខូចយ៉ាងដំណាំមិនអាចធ្វើដំណើរតាមម៉ូតូ ឬរថយន្ដបានដោយដូច មុនទៀតទេ។ ផ្លូវដ៏លំបាកនេះមានទំហំទទឹង៦ម៉ែត្រ និងបណ្ដោយប្រវែង១៩គីឡូម៉ែត្រវាបានតភ្ជាប់ពី រមណី ដ្ឋានបឹងយក្សឡោម ឆ្ពោះទៅកាន់ តំបន់រមណីយដ្ឋានទឹកធ្លាក់អូរស៊ិនឡែរ៍ (ជំរុំបីស្រុក) ស្ថិតនៅក្នុង ភូមិចាងរ៉ា ឃុំប៉ាតា ស្រុកលំផាត់ ខែត្ររតនគិរី។

ផ្លូវមួយខ្សែនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើឡើងកាលពី ឆ្នាំ២០១០ ដោយប្រើប្រាស់ថវិការបស់ រាជរដ្ឋាភិ បាល ជប៉ុន អាស៊ាន ដែលមានទំហំទឹកប្រាក់សរុបប្រមាណ៤៧៥,០០០ដុល្លារ។ ផ្លូវនោះនៅក្នុងគម្រោង គឺ តម្រូវឲ្យក្រាលកៅស៊ូឲ្យបានមាំទាំគុណភាពល្អដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងវិស័យទេសចរក្នុង ខែត្រ។ ក៍ប៉ុន្ដែវាបែរជាគេក្រាលតែក្រួសក្រហមទៅវិញគឺខុសពីគម្រោងដើម។

ក្រោយពីធ្វើផ្លូវរួចរាល់បាន១ឆ្នាំពោលគឺ ឆ្នាំ២០១២ ក្រសួងអភិវឌ្ឍន៍ជនបទ ក៍បានសម្រេចប្រគល់វាទៅឲ្យខាង មន្ទីរអភិវឌ្ឍន៍ជនបទ ខែត្ររតនគិរី ជាអ្នកមើលថែទាំ និងជួសជុលជាប្រចាំ ព្រមទាំងបានតម្កល់ឈ្មោះម្ចាស់ជំ នួយនៅលើប៉ាណូមួយដោយសរសេរថា ផ្លូវប្រើប្រាស់ថវិកាគម្រោង រាជរដ្ឋាភិបាល ជប៉ុន អាស៊ាន ដែលមាន ទឹកប្រាក់ចំនួន៤៧៥,០០០ដុល្លារ។

ក្រោយពេលផ្លូវធ្លាក់ដល់ដៃ មន្ទីរអភិវឌ្ឍន៍ជនបទ ខែត្រមកគេសង្កេតឃើញថា ប៉ាណូដែលតម្កល់ឈ្មោះម្ចាស់ ជំនួយក៍បាក់ទៅ រីឯផ្លូវក៍មានសភាពទ្រុឌទ្រោមខូចខាតជាបន្ដបន្ទាប់ និងធ្ងន់ធ្ងរទៅៗដោយមិនអាចធ្វើដំណើរ បាននោះទេជាក់ស្ដែងនៅ ខែកញ្ញា ឆ្នាំ២០២៣ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ ក៍ដូចអន្ដរជាតិ រអ៊ូរទាំថា ពិបាកធ្វើដំណើរខ្លាំងណាស់ តាមម៉ូតូឬក៍ដូចរថយន្ដគឺរអិលខ្លាំង។

រឿងទុកផ្លូវដូចចំណុចខាងលើបណ្ដាលឲ្យខូចខាតនោះ អ្នកយកព័ត៌មានយើង បានព្យាយាមសុំការពន្យល់ពី លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខែត្ររតនគិរី ដែរតែលោកពុំលើកទូរស័ព្ទឡើយ។

យើងបានព្យាយាមបន្ដសុំជួបលោក ឃឹម ន្នី អនុប្រធានមន្ទីរទទួលបន្ទុកផែនការនៃ មន្ទីរអភិវឌ្ឍន៍ជនបទ ខែត្រ រតនគិរី ប៉ុន្ដែគាត់ប្រាប់ឲ្យទៅជួបអនុប្រធានម្នាក់ឈ្មោះ ដែន និងជាអ្នកនាំពាក្យរបស់មន្ទីរ។

គួរកត់សម្គាល់ដែរថា បច្ចុប្បន្នមានផ្លូវជាច្រើនខ្សែនៅតាមបណ្ដាស្រុកមួយចំនួន ដែលផ្លូវនោះគ្រប់គ្រងដោយ មន្ទីរអភិវឌ្ឍន៍ជនបទ ខែត្របាននិងកំពុងរងការនូវការខូចខាតយ៉ាងដំណំជាបន្ដបន្ទាប់ដោយសារទឹកភ្លៀងនា រដូវវស្សាបានហូរកាត់ផ្ដាច់ ហើយមិនត្រូវបាន មន្ទីរអភិវឌ្ឍន៍ជនបទ ខែត្រធ្វើការជួសជុលឲ្យបានទាន់ពេល វេលាដើម្បីសម្រួលដល់ពលរដ្ឋធ្វើដំណើរនោះទេ។ តួយ៉ាងដូចជាផ្លូវលំនៅ ភូមិចាងរ៉ា ឃុំប៉ាតាង ស្រុកលំផាត់ ផ្លូវលំនៅ ភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ និងផ្លូវលំនៅ ភូមិប៉ាអរ ឃុំឯកភាព ស្រុកអូរជុំ ជាដើមគឺត្រូវបាន គេទុកចោលជាច្រើនខែឆ្នាំមកហើយ៕