ផ្លូវជាតិលេខ៤នឹងត្រូវពង្រីកពី៧ទៅ១១ម៉ែត្រក្រោមកម្ចីធនាគារពិភពលោកប្រមាណ១១០លានដុល្លារអាម៉េរិក

0
144

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសជាផ្លូវការ នៅក្នុងពិធីសម្ពោធផ្លូវការ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តហៅថា ឆៀក សាខាកំបូលស្ថិត ក្នុង ខណ្ឌកំបូល រាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នោះថា ផ្លូវជាតិលេខ៤នឹងត្រូវពង្រីកចាប់ពី៧ទៅ១១ម៉ែត្របន្ទាប់ពីដាក់ឱ្យដេញថ្លៃរួចរាល់ក្រោយពីទទួលបានការអនុម័ត ហិរញ្ញប្បទានពី ធនាគារពិភពលោក ប្រមាណ១១០លានដុល្លារអាម៉េរិក។

ផ្លូវជាតិលេខ៤ ដែលជាផ្លូវមមាញឹកខាងដឹកជញ្ជូន ​ត្រូវលោករដ្ឋមន្ត្រីបន្តថា ផ្លូវជាតិលេខ៤ នឹងត្រូវពង្រីកទៅ តាមទីតាំងភូមិសាស្ត្រជាក់ស្តែងជាមួយនឹងចាក់កម្រាស់កៅស៊ូឡើងវិញ និងលើកកម្ពស់ផ្លូវដែលលិចលង់ ដោយទឹកភ្លៀង ព្រមទាំងការស្តារឡើងវិញនូវស្ពានកាត់ផ្លូវមួយចំនួនទៀត។ លោកបានឱ្យដឹងថា រហូតមក ទល់ពេលនេះ ក្រសួងសាធារណការ បានដាក់ឱ្យដេញថ្លៃគម្រោងស្ថាបនាផ្លូវនេះឡើងវិញ២កញ្ចប់ហើយ ដោយនៅសល់តែ២ឬ៣កញ្ចប់ទៀតប៉ុណ្ណោះ នឹងឈានទៅអភិវឌ្ឍផ្លូវនេះតែម្ដង។

លោក ស៊ុន ចាន់ថុល បន្តទៀតថា ផ្លូវជាតិលេខ៤តភ្ជាប់ពី ភ្នំពេញ ឆ្ពោះទៅកាន់ ខេត្តព្រះសីហនុ ដែលឆ្លងកាត់ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និង ខេត្តកោះកុង មានប្រវែង២៣២គីឡូម៉ែត្រត្រូវបាន ធនាគារពិភពលោកអនុម័ត ហិរញ្ញប្បទានចំនួន១១០លានដុល្លារអារម៉េរិកសម្រាប់ប្រើប្រាស់លើការបង្កើនគុណភាពតាមបណ្តោយផ្លូវឱ្យបានល្អជាងមុន និងការរៀបចំកែលម្អចិញ្ចើមផ្លូវសងខាងផ្លូវ ដាក់លូបង្ហូរទឹក និងធ្វើស្ពានតាមរចនាបទ តាមបែប នវានុវត្តន៍និងមានភាពធនទៅនឹងអាកាសធាតុ។

គម្រោងផ្លូវនេះលោករដ្ឋមន្ត្រីបញ្ជាក់ថានឹងផ្តោតទៅលើការបង្កើនគុណភាពស្ថានីយថ្លឹងទម្ងន់រថយន្តធំដែលមានស្រាប់ កាត់បន្ថយហានិភ័យ នៃការដឹកលើសទម្ងន់ ការដំឡើងសញ្ញាតំបន់ល្បឿនមានកម្រិត សញ្ញានាំផ្លូវ ប្រ ព័ន្ធភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យ និងកាមេរ៉ាចាប់ល្បឿនរបស់អ្នកបើកបរ៕