ផ្នែករដ្ឋបាលព្រៃឈើពាក់ព័ន្ធនៅខេត្តកំពង់ស្ពឺត្រូវគេសង្ស័យថាឃុបឃិតជាមួយក្រុមឈ្មួញរកស៊ីដឹកឈើតាមគោយន្តកន្រ្តៃទើបមិនបង្ក្រាបសោះ

0
255

ដោយៈ សុខ សុភ័ណ្ឌ
កំពង់ស្ពឺៈ ឈើជាច្រើនដុំដឹកតាមគោយន្តកន្រ្តៃត្រូវបានក្រុមឈ្មួញ និងប្រជាពលរដ្ឋដឹកយ៉ាងអនាធិបតេយ្យ យកមកគរទុកតាមផ្ទះស្ថិតនៅ ភូមិទំពូង ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មិនបានរំខានដល់មន្ត្រីជំនាញ ពាក់ព័ន្ធក្នុងស្រុកគ្មានការចុះបង្រ្កាបឡើយត្រូវមហាជនសង្ស័យថាត្រូវរ៉ូវគ្នាជាមួយក្រុមឈ្មួញយកប្រាក់បាំង ភ្នែក។

បើតាមសម្តីរាយការណ៍ពីពលរដ្ឋនិងអ្នកដឹកឈើរស់នៅភូមិឃុំខាងលើបានឱ្យដឹងនៅរសៀលថ្ងៃទី១៤ ខែធ្នូ នេះថា ឈើដែលពួកគាត់ដឹកមកពី ភ្នំឱរ៉ាល់ ស្រុកឱរ៉ាល ខេត្តកំពង់ស្ពឺ នោះទម្រាំតែពួកគាត់ដឹកមកដល់ ស្រុកបសេដ្ឋ គឺបានបង់លុយឱ្យសមត្ថកិច្ច និងមន្រ្តីជំនាញពាក់ព័ន្ធនៅតាមដងផ្លូវអស់លុយ៨០.០០០០រៀល ទៅ១.០០០០០០រៀលជាថ្នូរមិនចាប់ទើបមកដល់ផ្ទះដោយរលូន។

ប្រភពដដែលបន្ថែមទៀតថាឈើប្រណិតប្រភេទមូលៗនេះមានមុខកាត់ទំហំ៥០ទៅ៦០តឹកមានប្រវែងជាងពីរម៉ែត្រ។ ពួកគាត់បានលក់ទៅឱ្យក្រុមឈ្មួញក្នុងមួយគោយន្តតម្លៃជាងបួនលានរៀល។ ឈើទាំងនោះគ្មានអ្នកណា ហ៊ានជាមួយនោះទេ ? ពីព្រោះជារបស់មន្រ្តីធំម្នាក់នៅក្នុង ខេត្តកំពង់ស្ពឺ ទើបមន្រ្តីជំនាញ រដ្ឋបាលព្រៃឈើពាក់ ព័ន្ធទាំងអស់ដឹងរឿងចេះតែបិទភ្នែកទៅ…។

ទាក់ទិនបញ្ហាខាងលើទើបធ្វើឲ្យមហាជនមានការរិះគន់ទៅលើមន្រ្តីជំនាញពាក់ព័ន្ធ រដ្ឋបាលព្រៃឈើ ខេត្ត កំពង់ស្ពឺ បើកភ្លើងខៀវឱ្យក្រុមឈ្មួញ និងពលរដ្ឋកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យនៅតំបន់ ភ្នំឱរ៉ា់ល់ ស្ទើរតែរលាយហិនហោចគ្មានសល់។

ក្រោមការលើឡើង និងរិះគន់របស់ពលរដ្ឋ ក្រុមអ្នកយកព័ត៌មាន ខេត្តកំពង់ស្ពឺ បានទូរស័ព្ទទៅកាន់លោក តាំង ចាន់សេម៉ា នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកឱរ៉ាល់ ដើម្បីសុំការបកស្រាយពីការចោទប្រកាន់ពាក់ព័ន្ធ និងដឹក ជញ្ជូនឈើខុះច្បាប់យ៉ាងអនាធិបតេយ្យនេះថា ការដឹកជញ្ជូនឈើចេញពី ស្រុកឱរ៉ាល់ នោះលោកមិនដឹង ពួកគេដឹកយកទៅណាទេ ពីព្រោះជាប់រវល់មកសម្រាកនៅមន្ទីរពេទ្យ។

លោក សូ គា នាយផ្នែករដ្ឋព្រៃឈើកំពង់ស្ពឺ មិនអាចសុំការបកស្រាយបានទេ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ព្រោះមិនមានលេខទូរស័ព្ទ។ ចំណែកលោក ចាន់ មុនីនាថ នាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ ក្រុមអ្នកយកព័ត៌ មានយើងបានទូរស័ព្ទចូលជាច្រើនដងតែគ្មានអ្នកទទួលឡើយ។

រីឯលោក ឈាង តុលា ប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ស្ពឺ វិញបានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នេះថា លោកនឹងទាក់ទងទៅ នាយសង្កាត់រដ្ឋបាលព្រៃឈើបសេដ្ឋ ដើម្បីសួរនាំរឿងទាំងអស់ហ្នឹង។ លោក សប្បាយរីចរាយចំព្រោះបងប្អូនក្រុមអ្នកសារព័ត៌មាន ខេត្តកំពង់ស្ពឺ ដែលបានផ្តល់ព័ត៌មានទាក់ទង នឹងបទ ល្មើសកើតមានឡើងនៅក្នុង ខេត្តកំពង់ស្ពឺ៕