ផ្ទុះអាវុធផ្ទួនៗនៅក្រុងព្រះសីហនុរវាងចិននិងចិនបណ្ដាលឱ្យស្លាប់មនុស្ស៥នាក់ !

0
131

ដោយៈ អធិបតី
ព្រះសីហនុៈ ចិនទៀត ! ការផ្ទុះអាវុធពីរលើកជាប់ៗគ្នានៅក្នុង ក្រុងព្រះសីហនុ នៃខែត្រជាប់សមុទ្រដ៏មានប្រជា ប្រិយភាព និងសក្ដានុពលមួយនេះ បណ្ដាលឱ្យជនជាតិចិន៣នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយ ពីរនាក់ទៀតបានស្លាប់ក្នុងរថយន្តបន្ទាប់ពីបាញ់សម្លាប់គេរួចព្យាយាមបើករថយន្តគេចប៉ុន្តែក៍បានជ្រុលចង្កូតបុកបង្គោ លភ្លើងជាប់នឹងផ្លូវ។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចប៉ូលិសបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន។

ហេតុការណ៍ដ៏សែនភ្ញាក់ផ្អើលគួរឱ្យភ័យខ្លាចទាំងនេះទីមួយកើតឡើងនៅដើម ខែសីហា កាលពីយប់ម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ មានជនជាតិចិនបានបាញ់សម្លាប់ចិនដូចគ្នារួចទាញ ទម្លាក់ចេញពីក្នុងរថយន្តនៅមុខសណ្ឋាគារ៥២០នៅជាប់ឆ្នេរសមុទ្រអូរត្រេះ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ។

យោងតាមប្រភពព័ត៌មានបឋមពីសមត្ថកិច្ចបានប្រាប់អង្គភាពយើងឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែសីហា នេះថា ក្រោយពីខ្មាន់កាំភ្លើងបាញ់សម្លាប់គេរួចក៍បាននាំគ្នាបើករថយន្តមួយគ្រឿង ម៉ាកឡង់គ្រីស័រពណ៌សពាក់ស្លាក លេខ ភ្នំពេញ 2BA-៦១១១ បើកគេចខ្លួនឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤បន្ទាប់មកកម្លាំងសមត្ថកិច្ចល្បាតបានតាម មកដល់ ភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខែត្រព្រះសីហនុ ក៍បានប្រទះឃើញរថយន្តខាងលើនេះបើក ក្នុងទិសដៅទៅ ភ្នំពេញ បានបុកបង្គោលភ្លើងខាងស្ដាំដៃទៅមុខលែងរួច។

ប្រភពបានបញ្ជាក់ទៀតថា នៅក្នុងរថយន្តមានបុរសជនជាតិចិនចំនួន៤នាក់ ក្នុងនោះពីរនាក់បានស្លាប់ និងពីរ នាក់ទៀតរងរបួសធ្ងន់ហើយ ក៍បានបញ្ជូនទៅកាន់ មន្ទីរពេទ្យបង្អែក ខែត្រព្រះសីហនុ។ នៅក្នុងរថយន្តនោះ ទៀតសោតមានអាវុធខ្លីចំនួនមួយដើម ម៉ាកCF មានខ្នោះដៃ ព្រមទាំងសម្ភារផ្សេងៗមួយចំនួនទៀត។

នៅក្នុងហេតុការណ៍ទីពីរ ដ៏រំជើបរំជួលដែលបានកើតឡើងនៅចុង ខែកក្កដា កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ក្រុមជនជាតិចិនបានដើរចូលទៅបាញ់ប្រហារគ្នាប្រាវៗបណ្ដាលឱ្យស្លាប់ពីរនាក់នៅក្នុង កាស៊ីណូតុង ហ្វាងប៉ាលីរិន (អតីតសណ្ឋាគារកោះតាគៀវ) នៅជិតបេនឡានមហោស្រពស្ថិតក្នុង សង្កាត់២ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ។

តាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ ខែត្រព្រះសីហនុ កាលពីល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ បញ្ជាក់ថា ករណីខាងលើវាជាឃាតកម្មគិតទុកជាមុន។ ពួកគេប្រើអាវុធខ្លីបាញ់សម្លាប់បុរសជនជាតិ ចិនពីរនាក់បន្ទាប់មកសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានបីនាក់។ ក្នុងនោះមានទី១ ឈ្មោះ ទីង ពីងពីង (Ding PingPing) ហៅ ទីង ឈិឈិ (Ding QiQi) ភេទស្រីអាយុ៣៥ឆ្នាំជនជាតិចិនមុនរបរអ្នកគ្រប់គ្រង កាស៊ីណូតុង ហ្វាងប៉ាលីរិន កាន់លិខិតឆ្លងដែន (មិននៅជាប់ខ្លួន) ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុង-ខែត្រព្រះសីហនុ។ ទី២ ឈ្មោះ ស៊ូ វ៉ីវ៉ី (Xu WeiWei) ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិចិនមុខរបរគ្រប់គ្រងកាំមេរ៉ាសុវត្ថិភាពនៅ កាស៊ីណូ តុងហ្វាងប៉ាលីរិន កាន់លិខិតឆ្លងដែន (មិននៅជាប់ខ្លួន) ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុង-ខែត្រព្រះសីហនុ និង ទី៣ឈ្មោះ ទូ ជាន ប៉ (Du Jian Bo) ភេទប្រុសអាយុ៤២ឆ្នាំជនជាតិចិនមុខរបរអ្នកគ្រប់គ្រងសន្តិសុខនៅ កាស៊ី ណូតុងហ្វាងប៉ាលីរិន កាន់លិខិតឆ្លងដែន (មិនជាប់ខ្លួន) ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុង-ខែត្រព្រះសីហនុ។

ពាក់ព័ន្ធករណីបាញ់បោះជាប់ៗគ្នានៅក្នុង ខែត្រព្រះសីហនុ អភិបាលខែត្រលោក គួច ចំរើន បានទៅទស្សនា ស្នងការដ្ឋាននគរបាល ខែត្រព្រះសីហនុ ដើម្បីពិនិត្យវត្ថុតាងជាក់ស្ដែងនៃការបាញ់សម្លាប់គ្នា និងផ្ដល់ថវិកាដល់ កងកម្លាំងកាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ តែពុំបានបញ្ជាក់ប្រាប់ពីលទ្ធផលអ្វីនោះឡើយ។

គួររំលឹកថា ករណីផ្ទុះអាវុធកណ្ដាល ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងបរិវេណ ផ្ទះសំណាក់ និងបានីយដ្ឋាន «ដាយវើ»( Diver’s) ស្ថិតក្នុង ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខែត្រព្រះ សីហនុ ខ្មែរប្លន់ស្រ្តីជនជាតិខ្មែរយកបានលុយ១៥.០០០ (មួយម៉ឺនប្រាំពាន់រៀល និងទូរស័ព្ទមួយគ្រឿងរួចបាញ់ បុរសម្នាក់បាក់ជើងឆ្វេងសមត្ថកិច្ចប៉ូលិសក៍ពុំទាន់បានបង្ហាញពីលទ្ធផលស្រាវជ្រាវផងដែរ។ ករណីនេះជនរង គ្រោះសង្ឃឹមថា សមត្ថកិច្ចអាចវែកមុខរកខ្មាន់កាំភ្លើងមកផ្ដន្ទាទោស និងមានសំណងដល់ជនរងគ្រោះដែល
ធ្លាក់ខ្លួនពិការ៕