ផ្ទុះរឿងមិនប្រក្រតីនៃវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនដងទង់គឺការចាយលុយសាលាគ្មានតម្លាភាព

0
297

ដោយៈ បាយ៉ង់
ខែត្រកំពត: គណៈគ្រប់គ្រង និងគណនេយ្យ នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ដងទង់ ស្ថិតនៅ ភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខែត្រកំពត កំពុងតែផ្ទុះរឿងមិនប្រក្រតីអំពីការចាយលុយសាលាគ្មានតម្លាភាពដូចជា ថវិកាក្រសួង ភាស៊ីយាម កង់ ម៉ូតូ ភាស៊ីតូបលក់ក្នុងសាលា បង្វាសដីស្រែសាលា ថវិកាពីសប្បុរសជន បុណ្យ ពូនភ្នំស្រូវ និងបុណ្យផ្កាមហាសាមគ្គី ជាដើមនោះគឺរាល់ការចំណូលចំណាយមានការលាក់លៀមមិនឱ្យលោកគ្រូអ្នកគ្រូដឹងឮឡើយគឺខ្លាចបែកការណ៍។ នេះយោងតាមរបាយការណ៍ចំណូលចំណាយប្រចាំត្រីមាសរបស់សាលា និងការបាចព័ត៌មាននៅ បណ្ដាញសង្គមហ្វេសប៊ុគ ដែល បាយ៉ង់ថាមស៍ ទទួលបាន។

វិទ្យាល័យនេះមាន នាយកសាលាម្នាក់ នាយករង២នាក់ នាយិការងម្នាក់ គណនេយ្យម្នាក់ បុគ្គលិកទីចាត់ការ៣នាក់ បណ្ណារក្ស២នាក់ និងលោកគ្រូអ្នកគ្រូចំនួន៨៩នាក់។ សរុបទាំងអស់មាន៩៩នាក់ស្រី២៧នាក់។ លោកគ្រូអ្នកគ្រូមួយចំនួនកើតទុក្ខមិនសុខចិត្តចំពោះចំណូលចំណាយរបស់សាលា។ ពីព្រោះថ្នាក់ដឹកនាំសាលាពុំដែលបានប្រជុំ ឬផ្សព្វផ្សាយឱ្យដឹងការពិតច្បាស់លាស់ក្រៅពីប្រាប់តួលេខត្រួសៗ និងអានរបាយការណ៍ចំ ណូលចំណាយនោះទេ។ ដូច្នេះពួកគាត់សូមឱ្យថ្នាក់ដឹកនាំ ក្រសួងអប់រំ និងអង្គភាពប្រឆាំងអំពើពុករលួយ សូមមេត្តាចាត់មន្ត្រីចុះមកត្រួតពិនិត្យករណីនេះជាបន្ទាន់។

ការចាយលុយសាលាតាមតែអំពើចិត្តពីសំណាក់ គណៈគ្រប់គ្រង និងគណនេយ្យ គឺមិនបានប្រជុំពិភាក្សាផ្សព្វ ផ្សាយដល់ លោកគ្រូអ្នកគ្រូឱ្យបានដឹងច្បាស់លាស់ ឬមានតម្លាភាពឡើយគឺពេលប្រជុំម្ដងៗគ្រាន់តែអានរបាយការណ៍ប៉ុណ្ណោះ។ អ្វីដែលគួរចំណាយគឺមិនត្រូវចំណាយទេដូចជា តុចាស់បាក់បែក អគារខូច ឬប្រឡាក់ បង្អួចបាក់បែក កង្ហារបាក់បែក បង្គន់អនាម័យខ្ចេចខ្ចាំ ជាដើម។ រីឯអគារខ្លះទៀតវាបានប្រេះស្រាំធ្ងន់ធ្ងរក៍នៅតែឲ្យគ្រូបង្រៀន និងសិស្សចូលរៀនដដែលដោយមិនខ្វល់អំពីគ្រោះថ្នាក់អ្វីឡើយ។ ចំពោះបញ្ជីចំណាយថវិកាក្នុងសាលាសម្រាប់ត្រីមាសវិញឯកសារចំណាយគឺដដែលៗ…។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខែត្រកំពត លោក សូ ភារិទ្ធ កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានឆ្លើយបំភ្លឺដោយភាពទទួលខុសត្រូវថា « ខ្ញុំពុំទាន់បានទទួលព័ត៌មានខាងលើហ្នឹងទេ ខ្ញុំនឹងសួរទៅ ការិយាល័យអប់រំ ស្រុកដងទង់ សិន »។ ម្យ៉ាងទៀតបើរកឃើញថា គណៈគ្រប់គ្រងសាលាបានប្រព្រឹត្តខុសដូចការលើកឡើងខាងលើពិតមែន មន្ទីរអប់រំយុវជន និងកីឡា ខែត្រកំពត នឹងស្វែងរកការពិតដោយបង្កើតក្រុមការងារចុះទៅត្រួតពិនិត្យមើលផ្ទៀងផ្ទាត់លោក សូ ភារិទ្ធ បញ្ជាក់បន្ថែម។

លោកគ្រូៗមួយចំនួនសុំមិនបញ្ចេញអត្តសញ្ញាណមានប្រសាសន៍ស្រដៀងៗគ្នាតាមប្រព័ន្ធទូរស័ព្ទថា « ការចាយវាយប្រាក់ក្នុងសាលានេះពុំមានតម្លាភាពឡើយតែពួកគាត់មិនដឹងថា ត្រូវធ្វើដូចម្ដេចទេ។ ពេលប្រជុំម្ដងៗ ប្រធានគណៈនេយ្យ ប្រកាសប្រាប់លោកគ្រូអ្នកគ្រូអំពីចំណូលចំណាយមានតែតួលេខគឺដាក់ៗឱ្យតែគ្រប់គ្រាន់ហើយនៅជំពាក់គេថែមទៀតរហូតអីចឹងទៅ…»។

លោកគ្រូៗបញ្ជាក់ទៀតថា ថវិកាបានមកពី ការជួលកន្លែងផ្ញើម៉ូតូកង់ក្នុងមួយឆ្នាំ១២លានរៀលជាង។ ចំណា យនេះនោះដូចជាលើការប្រជុំ និងអ្នកយាមសាលាម្នាក់អស់មួយខែ៤០០.០០០រៀល (សែសិបម៉ឺនរៀល) ក្រៅពីហ្នឹងចំណាយលើការជួសជុលកុំព្យូទ័រជាដើមអីចឹងក៍អស់រលីងទៅ…។

លោកគ្រូៗមានប្រសាសន៍ទាំងអស់សំណើចសង្កត់ធ្ងន់ថា « សូម្បីតែចុងឆ្នាំនីមួយៗពុំដែលមានពិធីជួបជុំ ពិសាអាហារសាមគ្គីនោះទេបើបានឧស្សាហ៍ជប់លៀងលោកគ្រូអ្នកគ្រូប្រាកដជាអស់ចិត្តដោយសុខដុមនឹងគ្នាហើយ…។ ប៉ុន្តែបើមានពិធីជប់លៀងវិញគឺសាលារៃអង្គាសលុយពីលោកគ្រូអ្នកគ្រូ ដែលទទួលបានមកពីថ្លៃប្រជុំបច្ចេកទេសប្រចាំខែ គឺមួយលើកម្នាក់ៗទទួលបាន ៥.០០០រៀល (ប្រាំពាន់រៀល) បូកបួនលើកបានម្នាក់ ៗ២០.០០០រៀល (ពីរម៉ឺនរៀល) ហើយសាលាអង្គាសយកអាលុយហ្នឹងទៅជប់លៀងម្នាក់ៗបានតែសាច់ពីរបីដុំកាន់ដើររកភេសជ្ជៈហូបគ្មានអីចឹងទៅ…ហាសហាស…»។

ឆ្លើយតបនឹងការលើកឡើងរបស់លោកគ្រូៗខាងលើលោកគ្រូម្នាក់សុំមិនបញ្ចេញអត្តសញ្ញាណផងដែរបានលើកឡើងថា « កុំថាឡើយការចំណាយលុយជប់លៀងចុងឆ្នាំសូម្បីតែចំណាយលុយលើការជួសជុល អគារ បង្អួចបែកបាក់ កង្ហារខូច បង្គន់ខ្ទេចខ្ទាំ គឺសាលាមិនអើពើផង។

លោកគ្រូសង្កត់ធ្ងន់ទៀតថា ពេលលោកគ្រូទៅសុំឯកសារពាក់ព័ន្ធនឹងការចំណូលចំណាយរបស់សាលាមើល លោកប្រធានគណនេយ្យសាលា បដិសេធរួចនិយាយថា ខ្ញុំ (គណនេយ្យ) មិនមានសិទ្ធិបង្ហាញឯកសារចំណូលចំណាយហ្នឹងទេ។

ជាងនេះទៅទៀត អតីតសិស្សានុសិស្ស នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ដងទង់ ពេលសួរពី គណៈគ្រប់គ្រង អតីតសាលាពួកគាត់សំដែងការហួសចិត្តថា លោកនាយកសាលានេះដឹងតែពីចូលពេលសិស្សបានពានទៅទទួលចេញមុខទាំងញញឹម។ ប៉ុន្តែ ពេលត្រូវចំណាយបន្តិចបន្តួចឱ្យសិស្សហូបចុកដើម្បីការប្រកួតកីឡា លោកនាយកសាលានេះ មានប្រសាសន៍ថា ពុំមានខ្ទង់ចំណាយនោះទេ។

ទាក់ទងនឹងរឿងចាយវាយលុយសាលាមិនប្រក្រតីដ៏រសើបខាងលើនេះលោកគ្រូម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះបានសារភាពថា លោកពុំដែលបានអានលម្អិតនោះទេពេលគាត់ចុះហត្ថលេខាលើបញ្ជីចំណូលចំណាយម្ដងៗពេលគេហុចឱ្យចុះហត្ថលេខាគឺស៊ីញេយកតែម្ដងទៅ…។

ដោយឡែកលោកគ្រូៗផ្សេងទៀតដែលអង្គភាព «បាយ៉ង់ថាមស៍» បានទាក់ទងសុំព័ត៌មានបន្ថែមនោះលោកគ្រូខ្លះយល់ថា ការអានរបាយការណ៍ចំណាយបែបហ្នឹងគឺទទួលយកបានលោកគ្រូខ្លះពុំហ៊ានផ្ដល់សេចក្ដីអធិ ប្បាយបញ្ជាក់អ្វីឡើយព្រោះពួកគាត់សុំមិននិយាយ។

ចំណែក នាយកសាលា លោក សំ យ៉ុន នាយិការងលោកស្រី តុប សំអឿន និង ប្រធានគណនេយ្យសាលា លោក អេវ ឌុក កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ មិនអាចសុំការបំភ្លឺបញ្ជាក់បានទេ។ តាមប្រព័ន្ធទូរស័ព្ទហៅចូលមិនលើកតាម តេឡេក្រាមក៍ទាក់ទងមិនបានដោយប្រព័ន្ធបង្ហាញថា «បិទការទាក់ទង»។

លោកគ្រូៗមួយចំនួន និងអ្នក ស្រុកដងទង់ ខ្លះមានចម្ងល់ថា តើហេតុអ្វីបានជា លោកប្រធានគណនេយ្យសាលា មានលុយច្រើនម្ល៉េះ ? មានផ្ទះសំណាក់ផ្ទាល់ខ្លួន និងដីជាច្រើនកន្លែងនៅក្នុង ខែត្រកំពត ? ជាពិ សេសគឺដីដែលស្ថិតនៅ ស្រុកដងទង់ តែម្ដង តើអ្វីៗទាំងអស់ដែលលោក អេវ ឌុក ប្រធានគណនេយ្យសាលា មានបានខាងលើនេះគាត់ទទួលមរតកពីដូនតាគាត់ ឬយ៉ាងណា ? «បាយ៉ង់ថាមស៍» នឹងលម្អិតព័ត៌មាននៅលេខបន្តបន្ទាប់ទៀត។

គួររំឭកថា កាលពីពេលកន្លងទៅថ្មីៗនេះ សាលាមួយនៅ រាជធានីភ្នំពេញ ក៍បានផ្ទុះការតវ៉ារឿងការចាយលុយសាលាមិនតម្លាភាពធ្វើកូដកម្មមិនចូលបង្រៀន។ ហេតុដូច្នេះ ក្រសួងអប់រំយុវជននិង កីឡា ព្រមទាំង អង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតករណីខាងលើនេះ និងមានចំណាត់ការតាមផ្លូវច្បាប់ផងទាន។ ករណីបែបហ្នឹងអាចមាននៅខែត្រផ្សេងៗទៀតដែលមានរឿងរ៉ាវស្រដៀងៗគ្នា៕