ផ្ដន្ទាទោសលោកឡាយវណ្ណៈអតីតអភិបាលខេត្តតាកែវជាប់ពន្ធនាគារ១៣ឆ្នាំនិងបងប្រុស១០ឆ្នាំ

0
506

ដោយៈ គោកធ្លក
ភ្នំពេញៈ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូង រាជធានីភ្នំពេញ លោក ហម ម៉េងសែ បានប្រកាសាលក្រម ផ្តន្ទាទោសលោក ឡាយ វណ្ណៈ អតីតអភិបាល ខេត្តតាកែវ ឱ្យជាប់ ពន្ធនាគារអស់រយៈពេល១៣ឆ្នាំ ពីបទ ឃាតកម្មតាមមាត្រា១៩៩ ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការសម្លាប់ស្រីកំណាន់ ចេវ សុវឌ្ឍនា នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩។

នៅពេលបើកនោះតុលាការក៍បានសម្រេចផ្ដន្ទាទោសលោក ឡាយ ណារិទ្ធ អតីត ស្នងការរងនគរបាល ខេត្តតាកែវ ដែលត្រូវជាបងបង្កើតរបស់លោក ឡាយ វណ្ណៈ ដាក់ពន្ធនាគាររយៈពេល១០ឆ្នាំ។ ចំណែល   ឈ្មោះ ជឹម វុធ និង ឈ្មោះ ម៉ែន សាម៉ៃ ត្រូវដាក់ពន្ធនាគារកំណត់ម្នាក់ៗពីរឆ្នាំ ក្រោមការចោទប្រកាន់ ពីបទលាក់កំបាំងតម្រុយតាមមាត្រា៥៣២នៃក្រមព្រហ្មទណ្ឌ។

តុលាការមិនបានបង្គាប់ឱ្យជនជាប់ចោទសងសំណងរដ្ឋប្បវេណី ទៅគ្រួសារជនរងគ្រោះនោះទេ។ ព្រោះគ្រួសារជនរងគ្រោះមិនបានដាក់ពាក្យប្ដឹងក្នុងសំណុំរឿងនេះ។

កាលពីបើកសវនាការកន្លងទៅជនជាប់ចោទ ឡាយ វណ្ណៈ បដិសេធថា ខ្លួនគេពុំបានសម្លាប់ស្រីស្នេហ៍      នាង  ចេវ សុវឌ្ឍនា នោះទេ ដោយសុំឱ្យតុលាការរកយុត្តិធម៌។ ជនជាប់ចោទលោក ឡាយ វណ្ណៈ បាន ស្បថដាក់ជីវិតប្រពន្ធកូននៅចំពោះមុខ ក្រុមប្រឹក្សាជំនុំជម្រះថា ”បើខ្ញុំបានសម្លាប់សង្សារមែនសូមឱ្យ វត្ថុស័ក្តិសិទ្ធិបរាមុខខ្ញុំ ឲ្យខ្ញុំនិងប្រពន្ធកូនស្លាប់តៃហោង និងធ្លាក់នរកប្រាំបួនជាន់អត់ចាប់ជាតិទៅចុះ”។ ប៉ុន្តែមន្ត្រីជំនាញរកឃើញថាជនរងគ្រោះបានស្លាប់ដោយសារអំពើឃាតកម្មមុនឃាតកយកសពទៅព្យួរក ជាប់នឹងខ្សែរីដូបង្អួច។

ជុំវិញឃាតកម្មនេះត្រូវបានសមត្ថកិច្ច ខេត្តតាកែវ សន្និដ្ឋានថា ជារឿងអត្តឃាតព្រោះតែវិបត្តិស្នេហា។ ប៉ុន្ដែក្រោយពីបើកការស៊ើបអង្គេត ស្រាវជ្រាវសមត្ថកិច្ចជំនាញ នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហា         ផ្ទៃរកឃើញថា ករណីនេះមិនមែនជារឿងអត្តឃាតឡើយ។ ពោលគឺជារឿងឃាតកម្មដោយមានអ្នកបញ្ជា និងរៀបចំទុកមុនសម្លាប់ជនរងគ្រោះ។

លោក ឡាយ វណ្ណៈ និងលោក ឡាយ ណារិទ្ធ ត្រូវបានតុលាការចោទប្រកាន់ពីបទឃាតកម្មប្រព្រឹត្ត នៅត្រង់ផ្ទះជួលស្ថិតក្នុង ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែ         មករា ឆ្នាំ២០១៨ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌចោទពីបទឃាតកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនា             គារពី១០ឆ្នាំទៅ១៥ឆ្នាំ។ ចំពោះឈ្មោះ ម៉ែន សាម៉ៃ អាយុ៣៦ឆ្នាំ និងឈ្មោះ ជឹម វុធ អាយុ៤១ឆ្នាំជាប់ ចោទពីបទលាក់បំបាំងតម្រុយតាម មាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ។បទល្មើសនេះកំណត់ ផ្តន្ទាទោស ដាក់ពន្ធនាគារពីមួយឆ្នាំទៅបីឆ្នាំ។

គួរបញ្ជាក់ថា លោក ឡាយ វណ្ណៈ អតីតអភិបាល ខេត្តតាកែវ ត្រូវជាកូនបង្កើតលោក ឡាយ សុខា អតីតអភិបាល ខេត្តតាកែវ និងជាចៅប្រសារលោក សុខ អាន។ ព្រោះភរិយារបស់លោក វណ្ណៈ ត្រូវ ជាក្មួយបង្កើតសពលោក សុខ អាន អតីតឧបនាយរដ្ឋមន្ត្រីដ៏ល្បីល្បាញ។ លោក ឡាយ វណ្ណៈ ជាកូន ប្រសារលោក ស៊ូ ភីរិន អតីតអភិបាល ខេត្តតាកែវ ខេត្តសៀមរាបនិងបច្ចុប្បន្នជា រដ្ឋលេខាធិការទីស្ដី ការគណៈរដ្ឋមន្ត្រី៕