ប្អូនថ្លៃមេPMស្រុកអូររាំងកំពុងក្លាយជាឈ្មួញរកស៊ីដឹកឈើល្បីឈ្មោះម្នាក់

0
237

ដោយៈ បាយ៉ង់ថែមស៍
មណ្ឌលគិរីៈ សកម្មភាពនៃបទល្មើសព្រៃឈើយ៉ាងសកម្មមួយកើតឡើងក្នុង ស្រុកអូររាំង និង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះត្រូវគេសង្កេតឃើញថា ហាក់មានភាពរស់រវើកឡើង វិញបើទោះបីជាអភិបាល ស្រុកកែវសីមា សកម្មក្នុងការបង្ក្រាបក៍ដោយ តែយ៉ាងណាមិញសម្រាប់ អភិបាល ស្រុកអូររាំង ហាក់បីដូចជាមិនសូវឃើញមានសកម្មភាពអ្វីឡើយ។

គិតចាប់ពីវេលាអធ្រាត្រស្ទើរតែរៀងរាល់ថ្ងៃសកម្មភាពដឹកជញ្ជួនផលអនុផលព្រៃឈើចេញពី ដែនជម្រកសត្វ ព្រៃកែវសីមា គឺលាតសន្ធឹងលើ ស្រុកអូររាំង និង ស្រុកកែវសីមា ត្រូវគេឃើញថា វត្តមានរថយន្តសាំយ៉ុង និង កាមារីវះកន្ទុយដឹកឈើយ៉ាងសម្បើមឆ្ពោះទៅកាន់ ភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ដើម្បីបន្តដឹកទៅតំបន់ សូន្យនាភូមិសាស្ត្រ ស្រុកស្នួល ខេត្តក្រចេះ រួចដឹកបង្ហួសទៅប្រទេសវៀតណាមតែម្តង។

ជាការកត់សម្គាល់ក្នុងចំណោមក្រុមឈ្មួញទាំងនោះក៍មានស្ត្រីជើងខ្លាំងម្នាក់ រហ័សនាម «ចែសក់ក្រហម» ដែល គេស្គាល់ថា ជាប្រពន្ធប្អូនប្រុសបង្កើតរបស់មេប៉េអឹម ស្រុកអូររាំង កំពុងសម្រុកដឹកឈើស្រឡៅតាមរថយន្ត សាំយ៉ុងចេញពី ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង (ជាដែនដីបងថ្លៃគ្រប់គ្រង) ក្នុងវេលាពេលថ្ងៃ រថយន្តនេះដឹកចាប់ពីរទៅបីជើងឯណោះដោយដឹកចូល ផ្ទះតាវី កំបុតដៃ។

ទាក់ទិននិងសកម្មភាពរកស៊ីដឹកជញ្ជួនផលអនុផលព្រៃឈើរបស់ ចែសក់ក្រហម ដែលត្រូវជាប្អូនថ្លៃមេប៉េអឹម PM ស្រុកអូររាំង នោះត្រូវបានលោក សូ សំអាត មេប៉េអឹមស្រុកបញ្ជាក់នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នេះថា លោកគួរតែសួរទៅអ្នកប្រចាំការនៅខាង អណ្ដូងក្រឡឹង ដែលមានកម្លាំងប្រចាំការដូចជា សហគមន៍ ក្រុមអភិរក្សនិងមន្ត្រីបរិស្ថាន។ តាមរយៈការឆ្លើយថាមិនដឹងរឿងអ្វីនោះលោកគិតថា ខ្ញុំនឹងធ្វើវា បើសិនជាមាន ករណីចឹងៗមែននោះ។ ខ្ញុំមិនទៅចូលរួមជាមួយនោះទេ…។

ដោយឡែកលោក ព្រហ្ម វិបុលរតនៈ នាយកដែនជម្រកសត្វព្រៃកែវសីមា វិញបានឱ្យដឹងនៅវេលាខាងលើថា លោកនឹងសួរទៅមន្ត្រីខ្លួនសិន។ កន្លងមកមានបទល្មើសជាច្រើនដែលខាងលោកបានសហការ ជាមួយស្រុក ហើយធ្វើលិខិតឱ្យស្រុកជួយអន្តរាគមន៍។ ព្រោះមន្ត្រីរបស់លោកមួយចំនួនធ្វើការនៅតែក្នុងព្រៃមិនមានអ្នក ឈរជើងនៅតាមដងផ្លូវសម្រាប់ធ្វើការបង្ក្រាបឡើយ។

ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី លោក កែវ សុភគ៌ ដែលពុំបានទទួលព័ត៌មានបទល្មើសនេះបញ្ជាក់ថា កន្លងមកយើងបានធ្វើការបង្ក្រាបជាញឹកញាប់ដោយចាប់បានពួករថយន្តកាមារីវះកន្ទុយពីរបីគ្រឿងដែរ។ ក៍ប៉ុន្តែពួកគេនៅតែឆ្លៀតរកនេះរកនោះដឹកបន្ថែមទៀត។ ពួកគេចេញដឹកឈើនៅពេលមានឱកាសល្អ។

លោក សុភគ៌ បានបន្តទៀតថា យើងធ្លាប់ដេញតាមចាប់រថយន្តដឹកឈើទាំងនោះដែរ តែបើមានបញ្ហាអ្វីមួយ កើតឡើងពួកគេនឹងដុតឡាននោះចោល ហើយម្ចាស់មិនបានចេញមុខមកដោះស្រាយឡើយ ដោយឱ្យអ្នក បើកបរមកដោះស្រាយ។ នៅពេលមន្ត្រីបរិស្ថានទៅធ្វើការក្នុងព្រៃពួកគេតែងតែឆ្លៀត។ ប៉ុន្តែយើងនៅតែបង្ក្រាប ដដែល…៕