ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ រួមទាំងក្រុមហ៊ុនទូរស័ព្ទចល័តទាំងបួន នៃកម្ពុជាត្រូវចូលរួមផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយ អំពីសារអប់រំ ស្តីពីការការពារ ជំងឺឆ្លងកូវីដ.១៩ដែលក្នុងពេលបច្ចុប្បន្ននេះកំពុងតែរីករាលដាលនៅក្នុង ប្រទេសកម្ពុជា។ សម្ដេចមានប្រសាសន៍យ៉ាងដូច្នេះនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព។
សម្តេចតេជោមានប្រសាសន៍ថា «វិទ្យុ ទូរទស្សន៍ និងបណ្តាញឃោសនាទាំងអស់ត្រូវជួយផ្សព្វផ្សាយឱ្យ បានទូលំទូលាយ និងឱ្យបានញឹកញាប់។ ទន្ទឹមនិងនេះ ក្រសួងសុខាភិបាល ត្រូវបន្តផលិតឯកសារអប់រំ ផ្សព្វផ្សាយឱ្យបានច្រើនសម្រាប់ វិទ្យុនិងទូរទស្សន៍ ហើយផលិតសម្រាប់យកទៅផ្សព្វផ្សាយតាមសារព័ត៌ មាននានានិងតាម Facebook, Online ព្រមទាំងតាមកាសែត» ជាដើម។
ទន្ទឹមនឹងនេះសម្តេចតេជោ ហ៊ុន សែន បានណែនាំដល់ ក្រុមហ៊ុនទូរស័ព្ទចល័តទាំងបួនគឺ Cellcard, Smart, Metfone និង SeaTel ត្រូវបញ្ចូលសារអប់រំពីការការពារ ជំងឺកូវីដ.១៩ នេះទៅក្នុងខលធូន (Call Tune) គឺនៅពេលដែលទូរស័ព្ទរោទិ៍ឱ្យអ្នកកំពុងរង់ចាំស្តាប់បានឮសម្លេង បុរស ឬស្ត្រីនិយាយថា «យើង
រួមគ្នាដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹង ជំងឺកូវីដ.១៩» តាមការណែនាំរបស់ ក្រសួងសុខាភិបាល។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ សូមមេត្តាកុំធុញនឹង សារសម្លេងពាក់ព័ន្ធនឹងខ្លឹមសារអប់រំ អំពីការទប់ស្កាត់នៃការរីករាលដាល ជំងឺឆ្លងកូវីដ.១៩ (COVID-19) នេះឱ្យសោះ។ ទន្ទឹមនឹងនេះគឺសូមបងប្អូនពលរដ្ឋខ្មែរទាំងអស់ រួមគ្នាប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងកូវីដ.១៩
(COVID-19) ទាំងអស់គ្នាតាមការណែនាំរបស់ ក្រសួងសុខាភិបាល។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ប្រទេសកម្ពុជាមានអ្នកឆ្លង ជំងឺវីរុស កូវីដ.១៩ គឺមាន ៩៣ករណីហើយ។ ដូច្នេះជំងឺដ៏កាចសាហាវមួយនេះមានការកើនឡើងរហូតជារៀងរាល់ថ្ងៃនិងយប់។ សូម បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាពិសេសស្ដាប់តាមការណែនាំរបស់ ក្រសួងសុខា ភិបាល នៃកម្ពុជា ដែលមានសារអប់រំល្អៗ៕