ការចាក់ដីលុបសមុទ្រនេះ គឺគ្មានច្បាប់អនុញ្ញាតទេ បើតាមការបញ្ជាក់ពីអាជ្ញាធរ។ ទំហំនៃការចាក់ដីក្រួសក្រហម លុបសមុទ្រទាំងយប់បែបនេះគឺមានទទឹងប្រមាណជាង១៥ម៉ែត្រ និងបណ្ដោយ២៥ម៉ែត្រ។ ការចាក់ដីទន្ទ្រានធ្វើកម្មសិទ្ធិតាមទំនើងចិត្តយ៉ាងអនាធិបតេយ្យវាធ្វើឱ្យប៉ះពាល់ នៃសម្រស់ទេសចរតាមឆ្នេរដែរឬទេ ? សូមបងប្អូនមហាជនពិចារណាតាមការគួរ។
ភាពអនាធិបតេយ្យ នៃការទន្រ្ទានយកដីមាត់សមុទ្រកើតចេញពីរឿងតូចតាចរហូតក្លាយជាជំងឺមហារីកវិវាទធំទៅៗនៅ ខែត្រកែប នៅតែបន្តកើតមានឡើង។ គេអាចមើលឃើញថា សម្រស់សមុទ្រ នៃភាគនិរតីកម្ពុជាពិតជាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាពិសេស រមនីយដ្ឋានឆ្នេរអង្កោល គឺជាតំបន់ប៉ូលទេសចរ ខែត្រកែប ដែលទើបតែរីកថ្មីៗនោះក៍គេមើលឃើញថា សន្ទុះដីធ្លីហក់ឡើងជាបន្តបន្ទាប់។ ហេតុដូច្នេះហើយទើបធ្វើឲ្យមហិច្ឆតាស្រេកឃ្លានចំពោះទ្រព្យ នៃអ្នកមានអំណាច និងអ្នកមានលុយមួយចំនួនមិនបានគិតគូពីផលប្រយោជន៍ជាតិនោះតែងតែរិះរកគ្រប់មធ្យោបាយដើម្បីលេបត្របាក់ទ្រព្យសម្បត្តិជាតិ និងប្រជាជនដោយមិនចេះខ្មាសអៀន។
នៅក្នុងរឿងនេះអ្នកនាំពាក្យសាលា ខែត្រកែប លោក ប៊ុន យោង បានប្រាប់សារព័ត៌មានយើងតាមប្រព័ន្ធតេឡេក្រាមយ៉ាងខ្លីនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នេះថា រវល់ប្រជុំ…។
ចំណែកឯលោក ឆាង ឆៃ អភិបាល ស្រុកដំណាក់ចង្អើរ បានប្រាប់ថា ការចាក់ដីលុបសមុទ្រនោះ គឺគេចាក់តែពេលយប់ហើយអាជ្ញារធរមិនគាំទ្រនូវអំពើដែលជនឆ្លៀតឱកាសនោះទេ។ លោកបន្តថា អាជ្ញាធរបានចុះត្រួតពិនិត្យរួចរាល់ហើយ…។
ម្ចាស់ករណីគឺលោកស្រី ម៉ៅ ញីប សារព័ត៌មានយើងមិនអាចធ្វើការទំនាក់ទំនង និងសុំការបកស្រាយបានទេ ដោយសារទូរស័ព្ទចូលតែគ្មានអ្នកទទួល (០៨៨ ៦៩៩ ៥៥..)។
យោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរខាងបានបង្ហើបថា ការចាក់ដីនៅទីតាំងខាងលើគេចាក់តែពេលយប់ទេគឺចាក់ដីក្រួសក្រហម។
គួរបញ្ជាក់ថា ការចាក់ដីចូលសមុទ្រដើម្បីទន្រ្ទានយកដីរដ្ឋធ្វើកម្មសិទ្ធិនេះបានកើតឡើងច្រើនករណីមកហើយគឺមិនចេះចប់នៅក្នុងទឹកដី ខែត្រកែប ក្រោមការដឹកនាំរបស់លោក សោម ពិសិដ្ឋ។ ទោះជាយ៉ាងណាមហាជនក៍បានធ្វើការសំណូមពរដល់ថ្នាក់ដឹកនាំពាក់ព័ន្ធគ្រប់ជាន់ថ្នាក់សូមមេត្តាចាត់វិធានការទៅលើករណីទាំងនេះផង៕