កណ្ដាលៈ លោកប្រធាន មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកណ្ដាល ត្រូវបានមន្ត្រីរាជការរបស់ខ្លួនចោទ ប្រកាន់ថា ប្រព្រឹត្តអំពើពុករលួយនិងអសមត្ថភាពការងារ មិនទាន់ឃើញលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ចាត់វិធានការដកតំណែង។ មិនត្រឹមតែប៉ុណ្ណោះប្រធានមន្ទីររូបនេះនូវតែរក្សាកៅអីរបស់ខ្លួនយ៉ាងសុខស្រួល ហើយបណ្ដោយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ធ្វើអ្វីៗតាមអំពើចិត្ត។
សព្វថ្ងៃនេះ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទាំងបីគោលដៅខាងលើនៅក្នុង ខេត្តកណ្ដាល ប្រែក្លាយជញ្ជីងថ្លឹងរថយន្ត ទៅជាជញ្ជីងថ្លឹងលុយយ៉ាងសុខស្រួលហើយពួកគេទាំងនោះមិនខ្វល់អំពីរថយន្តធំៗដឹកជញ្ជូនទំនិញលើសទម្ងន់ធ្វើឱ្យខូចផ្លូវនោះឡើយ។ ជាពិសេសធ្វើខូចស្ពានផ្លូវជាតិលេខ២បាក់បែកទ្រុឌទ្រោមយ៉ាងខ្លាំងគ្មាន ការយកចិត្តទុកអ្វីឡើយ។
ប្រភពពីមន្ត្រីរាជការនៅក្នុង មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកណ្ដាល បានឲ្យដឹងថា កន្លងមកលោក ម៉ឹង យូឡេង ប្រធាន មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកណ្ដាល ឃុបឃិតឲ្យជាមួយ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត លើផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជា ជញ្ជីងថ្លឹងលុយ ដោយគ្មានកោតញញើតអ្វីទាំងអស់។ ឱ្យលុយហើយគឺពួកគេមិនខ្វល់ថា រថយន្តដឹកទម្ងន់ប៉ុន្មានក៍បានដែរ…។
ប្រភពបានឲ្យដឹងទៀតថា កន្លងមកលោក ម៉ឹង យូឡេង បានប្រើប្រាស់ឈ្មោះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងប្រើឈ្មោះលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ដើម្បីការពារទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួន។ ចំណែកករណីផ្លូវខូចជាច្រើនខ្សែក្នុង ខេត្តកណ្ដាល ក៍ដូចជាភាពយឺតយ៉ាវ នៃការជួសជុលផ្លូវជាតិលេខ២ និងលេខ៣ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល គឺលោក ម៉ឹង យូឡេង តែងតែឆ្លើយដោះសាយករួចខ្លួនរហូត…។
នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ ខេត្តកណ្តាល បាន សួររកមុខប្រភពអ្នកផ្ដល់ព័ត៌មានខាងលើឱ្យអ្នកកាសែត។ ចំពោះជញ្ជីងថ្លឹងរថយន្តខាងលើលោកបញ្ជាក់ថា ការងារជញ្ជីងថ្លឹងរថយន្ត គឺការគ្រប់គ្រងដោយ ក្រសួងសាធារណការនិងដឹកជញ្ជូន ហើយខាងក្រសួងបាន ដាក់កាំមារ៉ាថតទាំងអស់នៅគ្រប់កន្លែង។ បើសិនមានរឿងអ្វីកើតឡើងមែនខ្ញុំនឹងធ្វើការត្រួតពិនិត្យឡើងវិញ។ បើមានភាពមិនប្រក្រតីណាមួយកើតឡើងពួកគេនឹងថតផ្ញើមកឱ្យខ្ញុំមើលភ្លាម។ យើងខ្ញុំបានខិតខំប្រឹងប្រែង និងធ្វើការរឿងហ្នឹងយ៉ាងប្រុងប្រយ័ត្នបំផុត។
គួរបញ្ជាក់ថា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ បានផ្លាស់ប្ដូរតំណែង ប្រធានមន្ទីរ តាមបណ្ដាខេត្តមួយចំនួនដូចជា ខេត្តព្រះសីហនុ សៀមរាប ក្រចេះ មណ្ឌលគិរី រតនគិរី និងចុងក្រោយនេះគឺផ្លាស់ ប្ដូរតំណែងលោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការ ខេត្តកំពង់ស្ពឺ៕