ប្រទះឃើញក្បូនឈើចំនួន១០ក្បូនមកចតនៅច្រាំងអូរតំបន់ស.នៃព្រំដែនកម្ពុជាវៀតណាម

0
1084

ដោយៈ គោព្រៃ
មណ្ឌលគិរីៈ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ខេត្តមណ្ឌលគិរី កំពុងប្រញាប់ប្រញាល់ធ្វើការស៊ើបអង្កេតរកមេខ្លោង និងជនសង្ស័យពាក់ព័ន្ធនឹងករណីបង្កប់ឈើចងបណ្តែតទឹកក្រោមក្បួនក្នុងគោលបំណងយកចេញពីទឹកដីខេត្ត ភាពឦសាននៃប្រទេសកម្ពុជាឆ្ពោះទៅកាន់ ប្រទេសវៀតណាម។ ក្បួនឈើទំាងនោះត្រូវគេប្រទះឃើញនៅ ចំណុចភូមិសាស្ត្រអូរហ៊ុច ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ក្បូនឈើចំនួន១០ក្បូននេះវាប្រភេទឈើហ៊ុបមូលៗនៅជាប់នឹងសម្បកដែលមានទំហំធំៗ។ ប៉ុន្តែគណៈកម្មការ ចម្រុះនេះមិនទាន់បានធ្វើការវាស់វែងឱ្យដឹងអំពីចំនួនឈើពិតប្រាកដនោះទេ។ ប៉ុន្តែករណីក្បូនឈើនេះបើសិន ជា គណៈកម្មការថ្នាក់ជាតិ ធ្វើការស៊ើបអង្គេតដោយ ឯករាជ្យពិតប្រាកដនឹងរកមុខឃើញជនខិលខូច ជាក់ជាពុំ ខាន។

យោងតាមប្រភពចុងក្រោយនៅល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការចម្រុះបានត្រៀម កោះហៅ មេប៉ុស្តិ៍ចំនួនបួនមកសួរនាំរឿងកាប់បំផ្លាញព្រៃឈើនេះ។ ក្នុងនោះមាន មេប៉ុស្តិ៍ផ្នែក ប៉ូលិសអូរហ៊ុច មេប៉ុស្ដិ៍អូររ៉ាលែរ មេប៉ុស្តិ៍អូរជុំ និងមេបញ្ជាការ គ២ នៃកងអនុសេនាធំទី២ឈរជើងការពារព្រំដែន។

ប្រភពដដែលបន្តទៀតថា រឿងនេះសមត្ថកិច្ចពាក់ព័ន្ធនៅព្រំដែនបានដឹងច្បាស់ជាងនរណាៗទាំងអស់ថា ក្បូន ឈើនោះជារបស់នរណានោះ។ ក្បូនឈើទាំង១០ខ្សែនេះស្ថិតនៅក្នុងអូរហ៊ុចនៃព្រំដែនកម្ពុជាវៀតណាម។ នៅតំបន់ភូមិសាស្ត្រនោះគឺពិបាកធ្វើដំណើរណាស់ពីព្រោះសព្វថ្ងៃកងវិស្សកម្មកំពុងតែសាងសង់ផ្លូវក្រវាត់ព្រំដែន។ នៅក្នុងរឿងនេះកងវិស្សកម្ម នៃក្រសួងការពារជាតិ ក៍មានជាប់ពាក់ព័ន្ធយកលុយកាក់ពីក្រុមឈ្មួញឈើទាំង នោះផងដែរ។

មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងជាប្រធានគណៈកម្មាធិការបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិនៃ ខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី៥ ខែសីហា នេះថាក្រោ យពីប្រទះឃើញការលួចលាក់ដឹកជញ្ជូនឈើចងតាមក្បូននេះលោកក៍បានប្រញាប់បញ្ជាឱ្យធ្វើការស្រាវជ្រាវស្វែងរកជននៅពីក្រោយខ្នងនៃបទល្មើសកាប់បំផ្លាញព្រៃឈើមួយនេះ។

ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី លោក កែវ សុភគ៌ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចចម្រុះចុះរឹបអូសឈើទាំងនោះ និងបន្តស្វែងរកប្រភពនៃការកាប់បំផ្លាញឈើឱ្យបានល្អិតល្អន់ បន្ថែមទៀត។ គេសង្ស័យមាន ការជាប់ពាក់ព័ន្ធនឹងកម្លាំងយោធាកាពារព្រំដែន ដែលមានតួនាទី មេបញ្ជាការ រងកងអនុសេនាធំទី២ឈរជើងមើលការងារនេះដោយផ្ទាល់ និងក្រោមការបញ្ជាពីប្រធានរួមទាំងមេកើយចំនួន ពីរនាក់ផ្សេងទៀត។

លោក នួន សារ៉ន អភិបាល ស្រុកកែវសីមា បានចុះពិនិត្យក្បួនបង្កប់ឈើនេះដែរកាលពីល្ងាចថ្ងៃទី៤ ខែសីហា។ លោកបានសង្កេតឃើញថា ក្រុមក្បួនបណ្តែតឈើបានចតអែបច្រាំងនៃអូរហ៊ុចលើដីនៃ ប្រទេសវៀតណាម នៅ ត្រង់ចំណុចបង្គោលព្រំដែនលេខ៦១ លើ២ (១) និយាមការ ០៧១៧៩៦៣,១៣៣៩៥០៨ ស្ថិតនៅត្រង់ ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

អភិបាលស្រុកបន្តទៀតថា ក្រោយពីប្រទះឃើញភ្លាមៗ អាជ្ញាធរបានព្យាយាមទំនាក់ទំនងរាយការណ៍បន្ទាន់ ដោយសុំគោលការណ៍ពី អភិបាល ខេត្តមណ្ឌលគិរី រួមទាំងសុំកិច្ចសហការបង្ក្រាបពីភាគីវៀតណាម ទៀតផង។ ឈើនេះគឺបណ្តែតមកពី ភូមិសាស្ត្រអូរហ៊ុច និងមកចតនៅទីនេះព្រោះពុំអាចទៅមុខទៀតរួច។ ជាជំហ៊ានដំបូង អភិបាលស្រុក បានបញ្ជាឱ្យ ដែនជម្រកសត្វព្រៃកែវសីមា សហការជាមួយ ប៉ុស្តិ៍ការពារព្រំដែនបន្តយាមកាម ក្បូនឈើ និងស្រាវជ្រាវរកឫសគល់ដែលបានកាប់ឈើទាំងនោះថា ប្រភពឈើឱ្យបានល្អិតល្អន់៕