ប្រជាពលរដ្ឋរស់នៅតាំងទសវត្សរ៍១៩៩០ប្លាយត្រូវគេគំរាមកំហែងចាប់ដាក់គុកបង្ខំឱ្យរុះរើផ្ទះសំបែងចាកចេញព្រោះគេសំអាងថានៅលើដីគេឬដីបរិស្ថាន

0
271

ដោយ បាយ៉ង់ថាមស៍

ខែត្រព្រះសីហនុ៖ អំឡុងពេលទទួលអំណោយពីសប្បុរសជន កាលពីព្រឹកថ្ងៃទី១២ កក្កដា ២០២១ ប្រជាពលរដ្ឋរងគ្រោះដីធ្លី រស់នៅភូមិបឹងតាស្រី ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខែត្រព្រះសីហនុ បានលើកឡើងថាមានការគំរាមកំហែងចាប់ពួកគាត់ដាក់គុកច្រវ៉ាក់និងបង្ខំឲ្យរុះរើផ្ទះសម្បែងចាកចេញ ដោយគេសំអាងថាក្រុមប្រជាពលរដ្ឋបានរស់នៅលើដីគេ ឬដីបរិស្ថាន ។

ផ្ទុយទៅវិញប្រជាពលរដ្ឋយល់ថា នេះជាទង្វើដើម្បីផ្គាប់ចិត្តអ្នកនៅពីក្រោយខ្នង ដែលមានលុយមានអំណាចទេ គឺមិនមែនដកយកដីដែលពួកគាត់កំពុងតែរស់នៅអាស្រ័យផលនោះយកទៅដាក់ជាសម្បត្តិរដ្ឋឡើយ ។

ពួកគាត់បានលើកឡើងដូច្នេះខណៈប្រជាពលរដ្ឋ ៦គ្រួសារត្រូវសមត្ថកិច្ចខាងបរិស្ថានបានមកប្រាប់ផ្ទាល់មាត់ ឱ្យរុះរើផ្ទះសម្បែងចាកចេញក្នុងរយៈពេលមួយសប្តាហ៍គិតតាំងថ្ងៃទី៥ ដល់ថ្ងៃទី១២ កក្កដា ២០២១ ។

សកម្មភាពសំឡុតគំរាមកំហែងជាច្រើនលើកដល់ប្រជាពលរដ្ឋ ក្នុងនោះនៅឆ្នាំ២០១៦មានក្រុមចម្លែកមួយក្រុម មកសំឡុតនិងអះអាងថា ប្រជាពលរដ្ឋទាំងអស់នេះបានរស់នៅលើដីរបស់គេ ។ រំលងបានបីខែក្រុមលោក ង៉ោ ស្រ៊ុន ជាមួយសមាជិកឃុំបឹងតាព្រហ្ម មកចោទថាប្រជាពលរដ្ឋទាំងអស់រស់នៅលើដីរបស់គេម្ដងទៀត ។ បន្ទាប់ពីមានការតវ៉ាពីប្រជាពលរដ្ឋ ក្រុមលោក ង៉ោ ស្រ៊ុន ក៏បាត់មុខអស់ទៅ ។ ស្រាប់តែនៅពេលថ្មីៗនេះ លេចចេញក្រុមបរិស្ថានមានឈ្មោះ ផុន ផល និង ឈ្មោះ ធី ជាកូនប្រុសលោក ម៉ែន សៀន អតីតមេឃុំបឹងតាព្រហ្ម មកប្រាប់ប្រជាពលរដ្ឋដោយផ្ទាល់មាត់ទទេគ្មានលិខិតស្នាមអ្វីសោះថា ប្រជាពលរដ្ឋ៦គ្រួសាររស់នៅលើដីបរិស្ថាន រួចតម្រូវឱ្យពួកគាត់រុះរើផ្ទះសំបែងចេញពីដីដែលត្រូវកាត់ឆ្វៀលសម្រាប់បរិស្ថាន ។

គួរកត់សម្គាល់ថា ក្រុមបរិស្ថាននេះ ទំនាក់ទំនងគ្នាជាមួយឈ្មោះ ឡេង អតីតទាហានភូមិភាគ៣ មុននឹងចុះមកភូមិបឹងតាស្រីម្ដងៗ ។ នេះបើតាមការរៀបរាប់របស់ប្រជាពលរដ្ឋ ។

លោក ស្រៀង ណារិទ្ធិ ទីប្រឹក្សាក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បញ្ជាក់យ៉ាងច្បាស់ថា លោកមកនេះក្នុងនាមជាអ្នកពាំនាំអំណោយមនុស្សធម៌មកចែកជូនប្រជាពលរដ្ឋពិការហើយក្រក្រីចំនួន៥គ្រួសារនៅភូមិបឹងតាស្រី ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទេ គឺមិនមែនមកដោះស្រាយរឿងដីធ្លីឡើយ ។ ក៏ប៉ុន្តែលោកបានលើកអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថា«បើប្រជាពលរដ្ឋរស់នៅអាស្រ័យផលលើដីរដ្ឋទីណាចាប់ពី៥ឆ្នាំឡើងទៅ សូមកាត់ឆ្វៀលជូនពួកគាត់រស់នៅទៅ ព្រោះពួកគាត់ជាប្រជាពលរដ្ឋយើងតើ» ។

 

លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ មានប្រសាសន៍តាមប្រព័ន្ធទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៧ កក្កដា ២០២១ថាដីនៅតំបន់នោះត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យកាត់ឆ្វៀលដាក់ជាដីសហគមន៍ឧទ្យានជាតិ ព្រះសីហនុ «រាម»ចំនួនជាង១ម៉ឺនហិកតា ។ ប្រជាពលរដ្ឋដែលមានដីនៅកន្លែងផ្សេងហើយពួកគាត់មកវាតទីយកដីនៅក្នុងដែនសហគមន៍នៃឧទ្យានជាតិព្រះសីហនុ ទៀត លោកសុធារិទ្ធបន្ថែម ។

 

លោក សុធារិទ្ធ បន្តថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីរបស់លោកប្រាំនាក់បានចុះទៅពិនិត្យទីនោះមែន ហើយបានធ្វើរបាយការណ៍ត្រឹមត្រូវពីបញ្ហាដែលប្រជាពលរដ្ឋរំលោភយកដីសហគមន៍។ ហើយលោកក៏ទទួលស្គាល់ថាបុរសពីរនាក់ដែលមានឈ្មោះ ផុន ផល និង ម្នាក់ទៀតឈ្មោះ ធី ដែលជាកូនប្រុសរបស់លោក ម៉ែន សៀន អតីតមេឃុំបឹងតាព្រហ្ម ជាមន្ត្រីរបស់បរិស្ថានមែន ។ ក៏ប៉ុន្តែលោកសង្កត់ធ្ងន់ថា មន្ត្រីរបស់លោកធ្វើការត្រឹមត្រូវណាស់មិនដែលចុះទៅធ្វើការតែពីរនាក់នោះទេ គឺតែងទៅជាក្រុមមានគ្នាច្រើនហើយធ្វើការច្បាស់លាស់ត្រឹមត្រូវ ។

 

មេឃុំបឹងតាព្រហ្ម លោក សោម កន មានប្រសាសន៍តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ថាប្រជាពលរដ្ឋនៅទីនោះដែលគេហៅកថាតំបន់«ម៉ាអ៊ូ» ស្ថិតក្នុងភូមិបឹងតាស្រី ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ជាប្រជាពលរដ្ឋដែលរស់នៅពីតំបន់មួយទៅតំបន់មួយ មិនពិតប្រាកដ លក់ដីកន្លែងចាស់ទៅចាប់ទីលំនៅកន្លែងថ្មី ។

 

លោកមេឃុំបន្តថាកន្លែងដែលប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនោះគឺស្ថិតនៅក្នុងតំបន់សហគមន៍នៃឧទ្យានជាតិព្រះសីហនុ«រាម»ដីរបស់រដ្ឋហើយក៏អាចមានអ្នកខ្លះរស់នៅលើដីរបស់ឯកជនដែលគេបានទិញតាំងពីយូរមក ហើយដែរប៉ុន្តែលោកទទួលស្គាល់ថាប្រជាពលរដ្ឋរស់នៅតំបន់នោះយូរឆ្នាំមកហើយថែមទាំងមានអត្តសញ្ញាណ ដែលទទួលស្គាល់ដោយអាជ្ញាធរមួយចំនួនដូចជាអត្តសញ្ញាណប័ណ្ណសៀវភៅស្នាក់នៅជាដើម ប៉ុន្តែមិនមានលិខិតកាន់កាប់ទីលំនៅជាក់ស្ដែងនោះទេ ។

 

ដោយឡែកមេភូមិបឹងតាស្រី លោក ណូ សាន មានប្រសាសន៍តាមទូរស័ព្ទទាំងស្ទាក់ស្ទើរទៅមុខទៅក្រោយមិនបញ្ជាក់ឱ្យច្បាស់លាស់ឡើយ ខណៈអ្នកសារព័ត៌មានសួរថា តើប្រជាពលរដ្ឋរស់នៅតំបន់នោះ ពួកគាត់មកតាំងទីលំនៅតាំងពីឆ្នាំណា ? គាត់បង្វែរទៅឆ្លើយថា«ខ្ញុំមិនហ៊ានអធិប្បាយទេពីប្រជាពលរដ្ឋនៅទីនោះ ព្រោះពួកគាត់រស់នៅលើដីសហគមន៍នៃឧទ្យានជាតិព្រះសីហនុ«រាម» គ្រប់គ្រងដោយបរិស្ថាន ។

 

ថ្លែងពីប្រជាពលរដ្ឋក្រក្រីរកមួយថ្ងៃសម្រាប់រស់មួយថ្ងៃ ដែលប្រឈមនឹងការបណ្ដេញចេញពីកន្លែងរស់នៅសព្វ ដោយខាងបរិស្ថាន ព្រោះគេចោទថាពួកគាត់រស់នៅលើដីសហគមន៍នៃឧទ្យានជាតិព្រះសីហនុ«រាម» រៀបរាប់ថាពួកគាត់បានមករស់នៅដីលើដីនេះតាំងពីទសវត្សរ៍ឆ្នាំ១៩៩០ប្លាយមកម្ល៉េះ ថែមទាំងមានលិខិតស្នាមផ្សេងៗដូចជាអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅនិងលិខិតបញ្ជាក់ពីការកាន់កាប់ថែមទៀតផង ។

 

លោក កែន គួន ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ទំនាស់ ដែលប្រឈមនឹងការបណ្ដេញចេញដោយបរិស្ថានផងដែរនោះ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា លោកបានរស់នៅទីនោះតាំងពីតូចមកម្ល៉េះ រហូតដល់លោកធំឡើងពេញវ័យ លោកបានបួសជាសង្ឃនៅនឹងវត្ត«ម៉ាអ៊ូ» ក្នុងភូមិបឹងតាស្រីនោះតែម្ដង ។ លោកបញ្ជាក់ថាលោកបានទទួលដីដែលកាន់កាប់អាស្រ័យផលសព្វថ្ងៃនោះពីឪពុកម្ដាយរបស់លោកចែកឲ្យ។

 

លោកបន្ថែមថាបើសិនជាគេដកដីដែលលោកកាន់កាប់អាស្រ័យផលយូរឆ្នាំមកហើយនោះទៅដាក់ជាសម្បត្តិរបស់រដ្ឋ លោកមិនជំទាស់នោះទេ។ ក៏ប៉ុន្តែបើគេដកដីនោះទៅអោយបុគ្គលឯកជនណាម្នាក់ លោកមិនសុខចិត្តនោះឡើយ និងមិនអាចទទួលយកបានទេ លោកនឹងដាក់ពាក្យតវ៉ាឡើងទៅលើទៀត។

 

គួររំលឹកថា មាត្រ១នៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៧៩ អនក្រ.បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ចែងថាផ្ទៃដីទំហំ១,៥៣៩,០៩(មួយពាន់ប្រាំរយសាមសិបប្រាំបួនហិកតា និង ប្រាំបួនអា) ក្នុងភូមិសាស្រ្តឃុំបឹងតាព្រហ្ម និង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខែត្រព្រះសីហនុ ត្រូវបានកំណត់ជាតំបន់សហគមន៍នៃឧទ្យានជាតិព្រះសីហនុ«រាម»សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋដែលបានកាន់កាប់និងអាស្រ័យផលជាក់ស្តែងដូចមានផែនទីនិងនិយាមការភ្ជាប់ជាឧបសម្ព័ន្ធ ។ ក្រុមអ្នកសារពត៌មាន នៅតែតាមឃ្លាំមើល ថាតើមន្រ្តីថ្នាក់ក្រោមជាតិនៅមូលដ្ឋាន អនុវត្តតាមអនុក្រឹត្យនេះ ល្អត្រឹមត្រូវកម្រិតណា ៕ សាមុត