ប៉ូលិសដកហូតថ្នាំញៀនជិត១០០គីឡូក្រាមនិងឃាត់ខ្លួនជនជាតិវៀតណាមបួននាក់ទៀត

0
160

ដោយៈ គោកធ្លក
ភ្នំពេញៈ នគរបាល មន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយ នគរបាលមូលដ្ឋាន ខណ្ឌបឹងកេងកង និងនគរបាល ខណ្ឌច្បារអំពៅ បានដកហូតថ្នាំញៀនជិត១០០គីឡូក្រាម និងឃាត់ខ្លួនមនុស្សប្រុសស្រី ជនជាតិវៀតណាម៤នាក់ នៅកន្លែងទីតាំងកែច្នៃផលិត និងរក្សាទុកគ្រឿងញៀនខុសច្បាប់ កាលពីយប់
ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩។

លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា កាលវេលាម៉ោង ១១:៥០យប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងការិយាល័យជំនាញ (ក៣) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ ប្រុញ សាន អនុប្រធានមន្ទីរមន្ទីរគ្រឿងញៀន និងលោកវរ         សេនីយ៍ទោ សួស សាវុធ នាយរងការិយាល័យ សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកេងកង២ ខណ្ឌបឹងកេងកង ចុះទៅឆែកឆេរនៅត្រង់ផ្ទះជួលគ្មានលេខ ផ្លូវ១១៣ ក្រុម២៣ ភូមិ៣ បានធ្វើការឃាត់ខ្លួន មនុស្ស៤នាក់ ប្រុស២នាក់ និងស្រី២នាក់ ជាជនជាតិវៀតណាម។ ជនសង្ស័យ៤នាក់នោះ ទី១.ឈ្មោះ ទួន
អញ ភេទប្រុសអាយុ២៤ឆ្នាំ។ ទី២.ឈ្មោះ ហ័ង វៀត ភេទប្រុសអាយុ២២ឆ្នាំ។ ទី៣.ឈ្មោះ ធី ង៉ុក ភេទស្រី អាយុ២១ឆ្នាំ និងទី៤.ឈ្មោះ ធី ងីន ភេទស្រីអាយុ៣០ឆ្នាំ។ ពួកគេស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ១១៣ ក្រុម   ២៣ ភូមិ៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

លោក វណ្ណៈ បន្តទៀតថា ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ទើបពួកគេបានសារភាពបង្ហាញ ពីទីតាំងកែច្នៃផលិត និងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់មួយកន្លែងទៀតស្ថិតនៅ ផ្ទះលេខ១៦៨ ផ្លូវលេខ១១២ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សមត្ថកិច្ចបាន
រឹបអូសវត្ថុតាងជាច្រើនទៀតមាន ទី១.សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន ICE ទម្ងន់១០គីឡូក្រាម។ ទី២.សារធាតុញៀន “អិចស្តាស៊ី” ទម្ងន់២២គីឡូក្រាម។ ទី៣.សារធាតុញៀន “អិចស្តាស៊ី” រាវពាក់កណ្ដាល សម្រេចចំនួន៥៤គីឡូ៤៦៤ក្រាម។ ទី៤.សម្ភារសម្រាប់កែច្នៃ(ផលិត)មួយចំនួនធំទៀត។ រីឯមេខ្លោង គ្រឿងញៀនដ៏ធំឈ្មោះ វ៉ូ ង៉ុកទូ (VO NGOC TU) ជនជាតិវៀតណាមបានរត់គេចខ្លួនបាត់។

ប្រតិបត្តិការណ៍នេះនៅព្រឹកថ្ងៃទី៤ ខែធ្នូ គណៈកម្មការរួមក្រោមការដឹកនាំដោយលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចុះទៅបិទ (ប្លុមបេ) ទីតាំងផលិត       គ្រឿង ញៀន ផ្ទះលេខ១៦៨ ផ្លូវលេខ១១២ ស្ថិតនៅភូមិនិងសង្កាត់ខាងលើជាបណ្តោះអាសន្នដើម្បី
រង់ចាំបើកការស៊ើបអង្កេតបន្តទៀត។ រីឯជនសង្ស័យទាំង៤នាក់និងវត្ថុតាងសមត្ថកិច្ចកសាងសំណុំ រឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី៕