បុរសម្នាក់អាងខ្លួនមានលុយនិងមានអំណាចជួលកម្មករកាប់ព្រៃកោងកាងនិងព្រៃលិចទឹកធ្វើជាកម្មសិទ្ធិនៅស្រុកបទុមសាគរ

0
170

ដោយៈ អធិបតី
កោះកុងៈ ព្រៃកោងកាង និងព្រៃលិចទឹកប្រមាណជិត១០ហិកតា ត្រូវបានបុរសម្នាក់អាងខ្លួនមានលុយមានអំណា ចបានជួលកម្មករជីកដីហ៊ុំព័ទ្ធជុំវិញដាំដូង និងធ្វើកម្មសិទ្ធិបុគ្គលដោយគ្មានការរំខានដល់អាជ្ញាធរពាក់ព័ន្ធក្នុងឃុំស្រុកខែត្រឡើយ។ ដីនេះស្ថិតនៅត្រង់ចំណុចកៀនអង្គុញ ភូមិចម្ការលើក ឃុំថ្មស ស្រុកបទុមសាគរ ខែត្រកោះកុង។

ដីព្រៃកោងកាង និងព្រៃលិចទឹកជិត១០ហិកតាខាងលើនេះគឺលោក ខៀវ សុកាន គឺជាស្នាដៃគាត់។ អ្នកស្រុកបទុមសាគរ បានស្គាល់បុរសម្នាក់នេះច្បាស់ថា លោក ខៀវ សុកាន ជាមេខ្លោងសំងំកាប់ទន្ទ្រានដីព្រៃកោងកាង និងព្រៃលិចទឹកប្រមាណជិត១០ហិកតាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ គាត់កំពុងតែជួលកម្មករជីកកិញហ៊ុំព័ទ្ធដីដើម្បីដាំកូនដូងធ្វើអាជីវកម្ម។

យោងតាមការលើកឡើងពីពលរដ្ឋរស់នៅ ភូមិចម្ការលើ ដែលមានភាពស្និទ្ធស្នាលនឹងលោក ខៀវ សុកាន សុំមិនបញ្ចេញឈ្មោះថា ដីដែលគាត់កាប់ឆ្កាព្រៃកោងកាង និងព្រៃលិចទឹកពិតជារបស់គាត់មែន។ គាត់បានជួលកម្មករកាប់ព្រៃ និងជីកកិញ។

ប្រភពបន្តទៀតថា លោក សុកាន ជា​អ្នកមានលុយ មានអំណាច មានដីចម្ការកៅស៊ូ ជាច្រើនហិកតា។ លោកបានជួលកម្មករមកពីស្រុកឆ្ងាយៗមកកាប់ព្រៃដោយសារខ្លាចបែកការណ៍។ គាត់បានកាប់ព្រៃកោងកាងនេះជារៀងរាល់ឆ្នាំ គឺក្នុងមួយឆ្នាំធ្វើបន្តិចៗទើបមានទំហំដីធំល្វឹងល្វើយ។

ពាក់ព័ន្ធរឿងនេះអង្គភាពយើងបានទូរស័ព្ទសួរទៅលោក មេភូមិចម្ការលើ ថា ឈ្មោះ សុកាន នេះឈ្លើយណាស់។ គាត់ប្រព្រឹត្តបទល្មើសច្រើនជាងគេក្នុងភូមិកន្លងមក។ លោកមេភូមិធ្លាប់បានប្រាប់ទៅឈ្មោះ សុកាន នេះមានរឿងជាច្រើនដងមកហើយគឺមិនឱ្យកាប់ព្រៃកោងកាងនោះទេ ប៉ុន្តែគេនៅតែលួចកាប់ព្រៃលិចទឹកដដែល។

មេភូមិបញ្ជាក់ទៀតថា ឈ្មោះ សុកាន នេះឈ្លើយណាស់ អាងខ្លួនមានលុយ មានអំណាច។ យើងបានទុករឿងនេះ ឱ្យខាងច្បាប់ធ្វើការម្ដងទៅទើបរាងចាល ពីព្រោះម្នាក់នេះឈ្លើយក្អេងក្អាងណាស់…។

លោក អិក កួន មេឃុំថ្មស អង្គភាពយើងក៍បានទាក់ទងដើម្បីសុំការបំភ្លឺ តែទូរស័ព្ទចូលហើយពុំមានអ្នកទទួល។ ចំណែកលោក ខៀវ សុកាន វិញក៍មិនអាចសុំការបំភ្លឺបានដែរទូរស័ព្ទចូលគ្មានអ្នកទទួលដូចគ្នា។

មន្ត្រីជំនាញជលផល លោក ប៉ រ៉ានី ផ្នែករដ្ឋបាលជលផលបទុមសាគរ បានឆ្លើយថា ចំាគាត់ឱ្យលោក តេង ហាន់ មេសហគមន៍ ទៅមើល ហើយឲ្យចុចនិយាមកាមើលសិនថា ចូលឧទ្យានជាតិប៉ុន្មាន ? បើចូលគឺខុសច្បាប់ហើយ…។

ពាក់ព័ន្ធដីព្រៃកោងកាង និងព្រៃលិចទឹកលោក ខេង សំខាន់ អភិបាលរង ស្រុកបទុមសាគរ ទទួលបន្ទុករឿងនេះ និងជាអ្នកនាំពាក្យសាលាស្រុកបញ្ជាក់ខ្លីថា ចាំគាត់ចាត់កម្លាំងឱ្យចុះមកមើលសិន…។

លោកអភិបាលរង ស្រុកបទុមសាគរ អភិបាលរង ខែត្រកោះកុង គឺលោកស្រី អីនា រីនេត និងមន្ត្រីនានា ខិតខំ យកចិត្តទុកដាក់ចុះដាំកូនកោងកាងជាមួយ សហគមន៍ គ្រប់ទីកន្លែងក្នុងឃុំនីមួយៗដើម្បីស្ដារព្រៃកោងកាងឡើងវិញ។ ក៍ប៉ុន្តែលោក ខៀវ សុកាន ដែលអាងមានលុយ​ មានអំណាចខ្លាំងនោះ បានកាប់ទន្ទ្រានព្រៃកោងកាង និងព្រៃលិចទឹក ឱ្យក្លាយជាវាលរហោឋាន។

ពលរដ្ឋនានាមានក្ដីសង្ឃឹមថា លោក ហាក់ ឡេង អភិបាលរង ខែត្រកោះកុង ទទួលបន្ទុកការពារធនធានធម្ម ជាតិ សូមមេត្តាមានវិធានការចំពោះលោក ខៀវ សុកាន នេះផង។ ជាពិសេសគួរតែធ្វើការស៊ើបអង្កេតកសាងសំណុំរឿងបញ្ជូនទៅ តុលាការ ដើម្បីឲ្យមានចំណាត់ការតាមផ្លូវច្បាប់។ បើមិនដូច្នេះបុគ្គលរូបនេះមិនរាងចាលទេ និងដើម្បីព្រមានដល់អ្នកដទៃទៀតកុំឱ្យកាប់បំផ្លាញព្រៃកោងកាង និងលិចទឹក ដែលជាសម្បត្តិធម្មជាតិរបស់រដ្ឋបន្តទៅទៀត។

គួរបញ្ជាក់ថា នៅក្នុងច្បាប់បានចែងថា អ្នកដែលកាប់រានយក ព្រៃលិចទឹក និងព្រៃកោងកាង ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៥ ទៅ១០ឆ្នាំ។ ដូច្នេះករណីនេះ មន្ទីរបរិស្ថាន ខែត្រកោះកុង គួរតែក្រោកឡើងកុំដេកយូរ។ សូមមេត្តាចុះពិនិត្យមើលថា ការកាប់បំផ្លាញព្រៃកោងកាង និងព្រៃលិចទឹក នេះផងថា តើមានច្បាប់អនុញ្ញាតដែរឬទេ ? ៕