បាក់រណ្ដៅរ៉ែត្បូងសង្កត់លើកម្មករស្លាប់ម្នាក់ទៀតនៅស្រុកលំផាត់

0
132

រតនគិរី: បាក់រណ្ដៅរ៉ែត្បូងសង្កត់លើកម្មករម្នាក់ទៀតដែលបណ្ដាលឲ្យស្លាប់នៅក្នុងរណ្ដៅដីតែម្ដងស្ថិតនៅ ស្រុកលំផាត់ កាលពីវេលាម៉ោង១១ថ្ងៃត្រង់ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ក្នុងចម្ការឈ្មោះ ម៉ៅ មឿន។ ករណីនេះ ប្រធា នមន្ទីររ៉ែ និងថាមពល ខែត្ររតនគិរី ថា អត់ទាន់បានដឹងរឿងនៅឡើយទេ។

កម្មករដែលបាត់បង់ជីវិតឈ្មោះ ខាត់ សួង ភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរលើទំពួនមានទីលំនៅ ភូមិចងរ៉ា ឃុំបាតាង ស្រុកលំផាត់។ សពត្រូវបានក្រុមគ្រួសាររៀបចំទុកដាក់តាមប្រពៃណីខ្មែរលើ។ ប៉ុន្តែរឿងនេះ ម្ចាស់ចម្ការ និងកុងសែត្បូង ដែលបានជាប់ពាក់ព័ន្ធនឹងរឿងស្លាប់កម្មករមិនបានចេញមុខមកទទួលខុសត្រូវឡើយ។

ចំណែក ប្រធានមន្ទីររ៉ែ និងថាមពល ខែត្ររតនគិរី លោក អ៊ុង ហួរ បានបញ្ជាក់តាមទូរស័ព្ទថា លោកអត់ទាន់បានដឹងរឿងអ្វីទេ។ បើអ្នកកាសែតដឹងសូមជួយជូនលោកទៅមើលផង ហើយបើមានករណីស្លាប់កម្មករមែន ម្ចាស់ដីចម្ការជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់។

ប្រភពពីកន្លែងកើតហេតុបានដឹងថា ថ្មីៗនេះមានកុងសែមួយចំនួនបានទៅបំផុសឲ្យពលរដ្ឋខ្មែរលើទំពួនដែលមានជីវភាពខ្វះខាតឲ្យចូលរួមជីករណ្ដៅដីដើម្បីរករ៉ែត្បូងមិនស្របច្បាប់នៅក្នុងចម្ការចន្ទីឈ្នោះ ម៉ៅ មឿន ស្ថិតនៅក្នុង ស្រុកលំផាត់ដើម្បីរកត្បូងលក់ឲ្យពួកគេជិតមួយឆ្នាំ គឺពុំមានការរំខានដល់សមត្ថកិច្ច និងអាជ្ញាធររ៉ែ ខែត្រនោះទេរហូតបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតកម្មករម្នាក់ទៀតក៏ ប្រធានមន្ទីររ៉ែ ខែត្រនៅតែថា អត់បានដឹងរឿងដដែលៗ។

ស្ត្រីវ័យ២៣ឆ្នាំឈ្មោះ កាដា ត្រូវជាប្រពន្ធនៃសពកម្មករបានអង្គុយយំនៅក្បែរក្ដារមឈូសសពប្ដី។ គាត់បាននិយាយទាំងអួលដើមកថា ដោយសារជីវភាពខ្វះខាតទើបប្ដីរបស់គាត់បង្ខំចិត្តធ្វើកម្មករជីករករ៉ែត្បូង ក្រែងបានត្បូងលក់បានប្រាក់ខ្លះដោះស្រាយការចំណាយប្រចាំថ្ងៃ និងសម្រាប់ឲ្យកូនទៅរៀនសូត្រនឹងគេ។

ប្រភពបានបន្ដទៀតថា ប្ដីខ្ញុំបានផ្សងព្រេងជីករ៉ែត្បូងជិតមួយឆ្នាំមកហើយ។ តែពុំដែលបានជួបត្បូងគ្រាប់នោះទេ គឺបានតែត្បូងតូចៗ ហើយគាត់ខំប្រឹងជីកតាមរ៉ែរហូតដល់ជម្រៅជាង៨ម៉ែត្របណ្ដាលឲ្យដីនៅផ្នែកខាងលើក៏បាក់ស្រុតចុះសង្កត់បស្លាប់ភ្លាមៗនៅក្នុងរណ្ដៅរ៉ែតែម្ដង។ ភ្លាមៗនោះដែរកម្មករក្រុមផ្សេងៗទៀតបានរួមគ្នាកាយអាចម៍ដីចេញដោយប្រើរយ:ពេល២ម៉ោងទើបយកជនរងគ្រោះបានតែវាហួសពេលទៅហើយ…។

ប៉ូលិសមូលដ្ឋានបានទទួលស្គាល់ថា ពិតជាមានកម្មករស្លាប់ក្នុងអណ្ដូងរ៉ែត្បូងមែន។ ក្រោយពិនិត្យរួច ប៉ូលិសបានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ខ្មែរលើទំពួន។

ពលរដ្ឋរស់នៅ ខែត្ររតនគិរី លើកឡើងថា រឿងនេះផ្ដើមចេញពីកុងសែទិញត្បូងមួយចំនួននៅខែត្របានគប់គិតជាមួយមន្ត្រីជំនាញ។ ពួកកុងសែតែងតែដើរបំផុសឲ្យពលរដ្ឋមានជីវភាពខ្វះខាត និងពុំមានជំនាញជីករ៉ែឲ្យចូលរួមផ្សងព្រេងជីករករ៉ែត្បូងជម្រៅជាច្រើនម៉ែត្រខណៈពេលជួបឧបទ្ទវហេតុបាត់បង់ជីវិត កុងសែនិងម្ចាស់ចម្ការ គឺតែងតែគេចវេសមិនទទួលខុសត្រូវ ហើយទុក្ខសោកទាំងនោះបានធ្លាក់លើប្រពន្ធ និងកូនក្លាយជាក្មេងកំព្រាគ្មានទីពឹង។

មន្ត្រីរ៉ែ ខែត្ររតគិរី ជាពិសេស ក្រសួងរ៉ែ និងថាមពល គួរតែមានវិធានការផ្លូវច្បាប់ឲ្យបានតឹងរឹងបំផុត បើពុំដូច្នោះទេកម្មកររ៉ែត្បូងខុសច្បាប់ទាំងនោះអាចនឹងប្រឈមការស្លាប់ជាបន្ដទៀត…។

គួរបញ្ជាក់ថា កាលពី ខែកញ្ញា ឆ្នាំ២០២៣ ក៏មានបាក់រណ្ដៅរ៉ែត្បូងសង្កត់កម្មករស្លាប់ម្នាក់នៅ ស្រុកបរកែវ។ រីឯក្នុង ខែធ្នូឆ្នាំ២០២៤ ក៏មានកម្មករជីករ៉ែត្បូងស្លាប់ម្នាក់ទៀតនៅ ស្រុកលំផាត់។ រាល់ការបាត់បង់អាយុជីវិតកម្មករជីករ៉ែត្បូងគ្មានច្បាប់គឺតែងតែបណ្ដោយឲ្យស្លាប់កម្មករ ហើយគ្មានអ្នកទទួលខុសត្រូវ៕