បង្ក្រាបទីតាំងជីករ៉ែត្បូងអត់ច្បាប់មួយកន្លែងរឹបអូសគ្រឿងចក្រមួយគ្រឿងប្រគល់ឲ្យជំនាញរ៉ែ

0
124

ដោយៈ យក្សឡោម
រតនគិរី: កម្លាំងអធិការដ្ឋាន ស្រុកបរកែវ មួយក្រុមសម្រួលនីតិវិធីដោយលោក មុត សម្បត្ដិ ព្រះរាជអាជ្ញារង អមសាលាដំបូង ខែត្ររតនគិរី បានបង្ក្រាបទីតាំងជីករ៉ែត្បូងខុសច្បាប់មួយកន្លែងនៅក្នុងចម្ការកៅស៊ូគ្រូពេទ្យម្នាក់រស់នៅ ឃុំឡាម៉ិញ ស្រុកបរកែវ ខែត្ររតនគិរី កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។

សមត្ថកិច្ចបានរកឃើញគ្រឿងចក្រមួយគ្រឿង (អាប៊ុល) កង់ដែកកំពុងរុញដីលុបរណ្ដៅរ៉ែត្បូងដែលជីករួចរាប់រយរណ្ដៅនៅក្នុងចម្ការកៅស៊ូគ្រូពេទ្យម្នាក់ឈ្មោះ សម្បត្ដិ ដែលរណ្ដៅនីមួយៗមានជម្រៅដល់ទៅជាង១០ម៉ែត្រ។

ខណ:នោះប៉ូលិសបានសាកសួរអ្នកពាក់ព័ន្ធមួយចំនួនដើម្បីធ្វើកំណត់ហេតុបុរសម្នាក់ដែលស្នាក់នៅផ្ទះក្នុងចម្ការកៅស៊ូនោះបានប្រាប់ថា គាត់មិនមែនជាកម្មករជីករ៉ែត្បូងទេគាត់គឺជាកម្មករចៀជ័រកៅស៊ូឲ្យគ្រូពេទ្យ សម្បត្ដិ។

បុរសនោះបន្ដទៀតថា ថ្មីៗនេះមានកុងសែពីរនាក់គឺឈ្មោះ ថា និងឈ្មោះ ទូច បាននាំកម្លាំងកម្មករជាច្រើននាក់មកជីករណ្ដៅដីដើម្បីរុករករ៉ែត្បូងនៅក្នុងចម្ការកៅស៊ូគ្រូពេទ្យ សម្បត្ដិ នេះ ។

ប៉ូលិសក៏បានបន្ដសួរបុរសពីរនាក់ផ្សេងទៀតដែលជាអ្នកបើកគ្រឿងចក្រ (អាប៊ុល)។ ពួកគេបានបញ្ជាក់ថា ពួកខ្លួនគ្រាន់តែជាអ្នកស៊ីឈ្នួលបើកអាប៊ុលឲ្យគេប៉ុណ្ណោះ។

ក្រោយធ្វើកំណត់ហេតុរួចនៅរសៀលថ្ងៃដដែលនោះ ព្រះរាជអាជ្ញារង លោក មុត សម្បត្ដិ បានសម្រេចរឹបអូសគ្រឿចក្រមួយគ្រឿងនោះប្រគល់ឲ្យប៉ូលិសមូលដ្ឋាន និងមន្ត្រីរ៉ែ និងថាពល ខែត្ររតនគិរី ដើម្បីបន្ដចាត់ការតាមច្បាប់ទោះយ៉ាងណាគេពុំឃើញសមត្ថកិច្ចបានឃាត់ខ្លួនជនណាម្នាក់នោះទេ។

លោក កែវ ភក្ដី អ្នកនាំពាក្យអយ្យការអមសាលាដំបូង ខែត្ររតនគិរី កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រាប់តាមទូរស័ព្ទថា ករណីឃាត់គ្រឿងចក្រមួយគ្រឿងដែលពាក់ព័ន្ធស៊ីឈ្នូលឈូសដីលុបរណ្ដៅរ៉ែត្បូងនោះមកដល់ពេលនេះ មន្ទីរខែត្រនៅមិនទាន់បានបង្កសំណុំរឿងបញ្ជូនមកអយ្យការនៅឡើយទេ។

អ្នកយកព័ត៌មានយើងបានទំនាក់ទំនងទៅ ប្រធានមន្ទីររ៉ែ ខែត្ររតនគិរី នៅថ្ងៃទី៣ ខែវិច្ឆិកា តែលោក សុង ហួរ ពុំបានឆ្លើយតបនោះទេ៕