រតនគិរី: កម្លាំងអធិការដ្ឋាននគរបាល ស្រុកអូរជុំ ដឹកនាំដោយលោក ខៀវ ស៊ីថា អធិការរងផ្នែកសន្ដិសុខសណ្ដា ប់ធ្នាប់ព្រហ្មទណ្ឌកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំកម្លាំងចុះបង្ក្រាបកន្លែងអបាយមុខជល់មាន់តាម អនឡាញខុសច្បាប់ចំនួនពីរកន្លែងស្ថិតនៅផ្ទះឈ្មោះ ផល្លា និង ស្រីរ័ត្ន ភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខែត្ររតនគិរី។
ករណីបង្គ្រាបនោះបានធ្វើឱ្យក្រុមមនុស្សញៀនល្បែងជល់មាន់ និងឆ្នោតឡូតូតាមអនឡាញ បានរត់ចែកជើងគ្នាសព្រាត។ ប៉ុន្ដែទីតាំងផ្ទះ ស្រីរ័ត្ន បានបន្សល់ទុក ឡេបថប ១គ្រឿងខណ:ពេលនោះប៉ូលិសក៍បានយក ឡេបថប នោះទៅរក្សាទុកនៅអធិការស្រុក លុះរំលងបានមួយថ្ងៃប៉ូលិសកោះហៅម្ចាស់ឲ្យចូលខ្លួនទៅ អធិការដ្ឋាន ស្រុកអូរជុំ ដើម្បីធ្វើការអប់រំណែនាំរួចក៍ប្រគល់របស់ទាំងនោះឲ្យទៅឱ្យម្ចាស់ដើមវិញ។
ប៉ុន្មានខែចុងក្រោយនៃ ឆ្នាំ២០២៤ គេសង្កេតឃើញមាន ឆ្នោតឡូតូអេស៊ាន និងមាន់ជល់អនឡាញ អក្សកាត់ (K) បានបើកលេងនៅតាមមូលដ្ឋានភូមិឃុំក្រុង និងស្រុក មួយចំនួនក្នុង ខែត្ររតនគិរី គឺលេងជាចំហតាមទូរស័ព្ទ ដៃ អាយផេទ ឡេបថបកុំព្យូទ័រ និងទូរទស្សន៍ ជាដើម។
ការបើកលេងល្បែងស៊ីសងខុសច្បាប់នោះពុំមានការរំខានដល់សមត្ថកិច្ចពាក់ព័ន្ធ ឬអាជ្ញាធរមូលដ្ឋាននោះទេ។ ពីព្រោះតំណាងក្រុមហ៊ុន ដែលឈរជើងប្រចាំនៅទីតាំងនីមួយៗពួកគេតែងតែអះអាងដោយខ្លីថា បានរត់ការជាមួយសមត្ថកិច្ចពាក់ព័ន្ធរួចរាល់អស់ហើយ…។
នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ អ្នកយកព័ត៌មានយើង បានទូរស័ព្ទទៅសួររង ប៉ុស្តិ៍អូរជុំ លោក ញ៉ែម សំ បានបញ្ជាក់ថា ករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទីតាំងពីរកន្លែងសួរទៅលោក ខៀវ ស៊ីថា អធិការង សិនទៅបើគាត់ឲ្យផ្សាយទើបផ្សាយបាន។ តែលោកអធិការរង ស្រុកអូរជុំ លោក ខៀវ ស៊ីថា បានប្រាប់តាមទូរស័ព្ទដោះសាយ៉ាងខ្លីថា ជាប់រវល់ប្រជុំ…។
តំណាងក្រុមហ៊ុនអបាយមុខទាំងនោះបានបញ្ជាក់ថា បើចង់ដឹងច្បាប់គួរតែសួរទៅថៅកែធំនៅ ភ្នំពេញ។ ពួកគេប្រាប់កូនចៅខ្លួនថា បើមានគេសួរនាំច្បាប់បើកល្បែងអនឡាញ នោះគួរឲ្យសួរទៅ មេប៉ូលិស និងមេប៉េអឹមខែត្រទៅរួច ក្រុមល្បែងអនឡាញ ទាំងនោះបានបន្ដលេងដោយគ្មានការភ័យខ្លាចអ្វីឡើយ។ ចំណែកសមត្ថកិច្ច គឺហាក់ពុំហ៊ានប៉ះពាល់ក្រុមអបាយមុខអនឡាញទាំងនោះមែន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ខាងអធិការ ស្រុកអូរជុំ បានចុះទៅបន្លាចពួកញៀនល្បែងដើម្បីឲ្យស្របទៅតាមបទបញ្ជា រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ លោក ស សុខា ដែលថ្មីៗនេះបានចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់មិនឲ្យមានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាម អនឡាញ ទៀតទេបើទោះក្នុងរូបភាពតាមទូរស័ព្ទក៏ដោយ៕