ធ្លាយអំពើពុករលួយមេប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីយកលុយពីឡានដឹកស្រូវមួយគ្រឿង២៥,០០០រៀល

0
429

ដោយៈ បាយ៉ង់ថែមស៍
ព្រៃវែងៈ ក្រុមឈ្មួញរកស៊ីដឹកស្រូវលក់ទៅ ប្រទេសវៀតណាម និយាយប្រាប់ក្នុងលក្ខខណ្ឌសុំមិនឱ្យបញ្ចេញ ឈ្មោះនៅល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នេះថា ពួកគេត្រូវបង់ប្រាក់ឱ្យមន្ត្រីប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី ស្ថិតក្នុង ឃុំបន្ទាយចក្រី ខេត្តព្រៃវែងក្នុងមួយរថយន្តចំនួន២៥,០០០រៀល ខណៈមួយថ្ងៃៗ មានឡានជាច្រើនគ្រឿង។

ករណីពុករលួយនេះត្រូវបានប្រធានប៉ុស្តិ៍ចាត់ទុកថា វាជាមនោសញ្ចេតនា ក្រោមលេសរូបភាពបិទបាំងអំពើ ទុច្ចរិត នៃក្រុមបក្ខពួករបស់ខ្លួនទៅវិញ។ លោក ខៀវ ហ៊ាន ដែលត្រូវជាកូនប្រុសលោក ខៀវ សារឿន ជាមេ គយ ខេត្តពោធិសាត់ អ្នកមានលុយកាក់ច្រើនទើបអាចមកឈរជើងនៅទីនេះបាន។

តាមរយៈរូបភាពក្រុមឈ្មួញផ្តល់រឿងអាស្រូវមកឱ្យ អ្នកសារព័ត៌មាន បង្ហាញថា ឡានដឹកស្រូវជាច្រើនគ្រឿង និងឡានដឹកទំនិញផ្សេងៗទៀតត្រូវលក់ផលិតផលកសិផលទៅវៀតណាមនោះត្រូវបង់ប្រាក់ជូន មន្ត្រីប៉ុស្តិ៍ អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីទើបអាចឆ្លងកាត់ទៅលក់នៅវៀតណាមបានគ្មានការរារាំង។

ក្រុមឈ្មួញដដែលបន្តថាក្នុងមួយឡានៗពួកគាត់ត្រូវបង់ប្រាក់២៥,០០០រៀលជូនមន្ត្រីដោយគ្មានវិក្ក័យបត្រនោះឡើយ។ ចុះក្នុងមួយថ្ងៃៗមានឡានរាប់រយគ្រឿងឯណោះ។ តើប្រាក់ទាំងនោះពួកគេយកទៅដាក់ក្នុងហោប៉ាវ មន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិ ប៉ុន្មានទៅ ? ពោលគឺអាចរាប់ពាន់ដុល្លារក្នុងមួយថ្ងៃៗ។

លុយទាំងនេះ ត្រូវបានក្រុមឈ្មួញរកស៊ីដឹកស្រូវអះអាងទៀតថា មិនបានចូលជាថវិកាជាតិអ្វីនោះទេពោលគឺ ចូលក្នុងហោប៉ាវ មន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិចក្រី តែម្តង។

ចំពោះករណីខាងលើនេះនៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ លោក ខៀវ ហ៊ាន មេប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារ ព្រំដែនអន្តរជាតិបន្ទាយចក្រី បានបញ្ជាក់ថា ខ្ញុំមិនបានដឹងទេចំពោះរឿងហ្នឹង។ ប៉ុន្តែជាធម្មតាបងប្អូនកងកម្លាំង ប្រដាប់អាវុធយើងបើនិយាយពី មនោសញ្ចេតនា វិញបន្តិចបន្តួចគឺមានតែពុំមានការបង្ខិតបង្ខំអ្វីឡើយ។ ដូច្នេះ

លោក ខៀវ ហ៊ាន បានទទួលស្គាល់ការពិតពីការយកលុយ ពីក្រុមឈ្មួញរកស៊ីដឹកស្រូវទៅវៀតណាមនោះថា ប្រាកដមែន។ អំពើពុករលួយតាមរយៈលេសក្រោមរូបភាព «មនោសញ្ចេតនា» នេះគឺមានតែថ្នាក់នាំ ខេត្ត ព្រៃវែង ក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុលរលួយ ទេអាចចាត់ការរឿងនេះបាន…។

លោក សួនម៉ាលីន អភិបាលរង ខេត្តព្រៃវែង ទទួលផែនសេដ្ឋកិច្ច ធ្វើជាមានការភ្ញាក់ផ្អើលថា ការយកលុយ នេះមិនត្រឹមត្រូវទេ គឺវាខុសនឹងនីតិវិធី។ រថយន្តនោះខាងភាគីវៀតណាមមិនឱ្យយើងពាក់ព័ន្ធឆ្លងចូលទៅ ខាងគេនោះទេ តែខាងប្រជាពលរដ្ឋខ្មែរចេះតែសំណូមពរ។ ដូច្នេះខ្ញុំនឹងតាមដានមើលរឿងហ្នឹង ហើយហៅ ពួកគេមកសួរនាំ។

ក្រុមឈ្មួញរកស៊ីដឹកស្រូវទាំងនេះសំណូមពរថ្នាក់លើសូមមេត្តាជួយពិនិត្យមើលបញ្ហានេះផងដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋស្របពេលកម្ពុជាកំពុងតែជួបបញ្ហា ជំងឺកូវីដ-១៩៕