ធ្លាយរឿងពុករលួយរបស់ប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរសុខាភិបាលខែត្រក្រចេះត្រូវបានអេស៊ីយូចុះស៊ើបអង្គេត

0
239

ដោយៈ បាយ៉ង់ថាមស៍
ភ្នំពេញៈ ជនឳកាសនិយម នៃពពួកព្រូនសង្គមបានពួនសម្ងំកើបលុយសោយសុខលើកគំនរទុក្ខអ្នកក្រោមបង្គាប់ រាប់ឆ្នាំមកហើយ។ ប៉ុន្តែបាបកម្មមិនចាំជាតិក្រោយនោះធ្វើឱ្យ អ្នកដឹកនាំមន្ត្រីរាជការ ដែលធ្វើការនៅតាម មន្ទីរ ពេទ្យបង្អែក ស្រុកប្រតិបត្តិ និងមណ្ឌលសុខទាំងអស់នៅក្នុង ខែត្រក្រចេះ បានហែកលាតត្រដាងអំពើពុករលួយ របស់ លោកប្រធានការិយាល័យរដ្ឋបាល នៃមន្ទីរសុខាភិបាលខែត្រ តាមរយៈលិខិតមួយច្បាប់ចុះថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០២១ បានប្ដឹងទៅលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអភិបាល ខែត្រក្រចេះ សុំឱ្យមានការស៊ើប អង្គេត និងដាក់ទោសទណ្ឌជនពុករលួយនេះឱ្យខាងតែបាន។

ការបែកធ្លាយរឿងអាស្រូវពុករលួយរបស់លោក ទឺ ប៊ុនឡេង ប្រធានការិយាល័យរដ្ឋបាលនៃ មន្ទីរសុខាភិបាល ខែត្រក្រចេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) របស់លោក ឳម យ៉ិនទៀង ចុះធ្វើការស៊ើបអង្គេត ស្រាវជ្រាវហើយ។ ចំណែកក្រសួងសាម៉ី និង ខែត្រក្រចេះ វិញពុំទាន់ឮដំណឹងថា មានចំណាត់នៅឡើយទេ។ នៅក្នុងសារលិខិតរបស់ មន្ត្រីរាជការ នៃ​មន្ទីរពេទ្យបង្អែកនៅទូទាំង ខែត្រក្រចេះ បានសរសេររៀបរាប់ពីចរឹក ពាលរបស់លោក ទឺ ប៊ុនឡេង ចេះតែដើរតែសម្លុតគំរាមកំហែងគាបសង្កាត់កូនចៅ និងបង្កើតបក្ខពួកពុករលួយ ជាពិសេសបានហៅ មន្ត្រីស្ម័គ្រចិត្តដែលបម្រើការងារប្រឆាំង កូវីដ១៩ យកទៅគាបសង្គាតរួចទារលុយក្នុងម្នាក់ ៗចាប់ពី១ម៉ឺនដុល្លារ ទៅ១៣.០០០ដុល្លារ ដើម្បីឱ្យបានជាប់ក្របខណ្ឌពេញសិទ្ធិមន្ត្រីរាជការនៃរាជរដ្ឋាភិបាល កម្ពុជា។

លោក ទឺ ប៊ុនឡេង ហៅថា ពេទ្យទូច ព្រមទាំងបក្ខពួកកូនចៅមួយចំនួនគឺជាដៃជើងធ្វើសេដ្ឋកិច្ចឱ្យលោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាល ខែត្រក្រចេះ។នេះបើតាមការអះអាងពី មន្ត្រីរាជការនៃមន្ទីរពេទ្យបង្អែក នានា នៅក្នុងខែត្រ។ បើក្រឡេកទៅមើលតារាងនៃបញ្ជីឈ្មោះមន្ត្រីជាប់កិច្ចសន្យាប្រឆាំង ជំងឺកូវីដ១៩ នៅក្នុង ខែត្រ ក្រចេះ គឺមានមនុស្សចំនួនតែ១២៩នាក់ប៉ុណ្ណោះដែលត្រូវបានលោក ទឺ ប៊ុនឡេង ហៅទៅគោះឬគាបយកលុយ ក្នុងម្នាក់ៗចាប់ពី១ម៉ឺនដុល្លារទៅ១៣.០០០ដុល្លារដើម្បីបានជាប់ក្របខណ្ឌរដ្ឋ។

នៅក្នុងសារលិខិតខាងលើដែលពុំហ៊ានដាក់ឈ្មោះអ្នកប្ដឹងឬស្នាមដៃគឺដើម្បីសុវត្ថិភាពខ្លួននោះបានបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នាជាអ្នកដឹកនាំមន្ត្រីរាជការដែលធ្វើការនៅ មន្ទីរពេទ្យបង្អែក ស្រុកប្រតិបត្តិ និងមណ្ឌលសុខ ភាព ទាំងអស់ក្នុង ខែត្រក្រចេះ សូមធ្វើការប្ដឹងតវ៉ាចំពោះជនចរឹកពាលឈ្មោះ ទឺ ប៊ុនឡេង ហៅថា ពេទ្យទូច ប្រប្រធានការិយាល័យរដ្ឋបាល មន្ទីរសុខាភិបាខែត្រ ដែលកន្លងមកតែងតែសម្លុតគំរាមកំហែង រំលោភបំពាន ការងារ តាំងខ្លួនជាអ្នកធំជាងប្រធានមន្ទីរទៅទៀត»។

ប្រភពដដែលបានលាតត្រឡាងពីរបៀបពុករលួយយកលុយមន្ត្រីនានាថា «កន្លងមកនៅពេលដែលចុះមកកន្លែ ងការងារពួកយើង ជននេះគ្មានចេះអ្វីក្រៅពីបង់កក្រមា ច្រត់ចង្កេះ ដៃចង្អុលគេឯងបញ្ជា សម្លុត គំរាម ហើយ តាំងពីជននេះបានដំណែងជា ប្រធានការិយាល័យរដ្ឋបាល មកគេបានបង្កើតជាមុខរបរ ការផ្លាស់ប្តូរទីកន្លែងធ្វើ ការរបស់បុគ្គលិកមន្ត្រីស្រេចតែអំពើចិត្តដោយពុំមានការឆ្លងយោបល់ ឬការដឹងឮពីពួកយើងខ្ញុំជាអ្នកគ្រប់គ្រង នៅថ្នាក់ក្រោមនោះទេ។ រាល់ការផ្លាស់ ប្តូរគឺត្រូវបង់ប្រាក់ឱ្យជនពុករលួយនេះក្នុងម្នាក់ពី៣០០០ដុល្លារទៅ ៤០០០ដុល្លារ ចំពោះការជ្រើសរើស កម្មករ បុគ្គលិកកិច្ចសន្យានៅតាម មណ្ឌលសុខភាព មន្ទីរពេទ្យ ស្រុកប្រតិ បត្តិក៍ជននេះរំលោភបំពានធ្វើតែឯងដោយមិនអនុញ្ញាតឱ្យពួកយើងខ្ញុំជាអ្នកទទួលខុសត្រូវជ្រើសរើសនោះទេ។ ដើម្បីបានជាប់ជា កម្មករ ឬបុគ្គលិកកិច្ចសន្យា គឺត្រូវបង់ប្រាក់ឱ្យជននេះ១០០០ទៅ១៥០០ដុល្លារ ទោះបីជាមាន ការតវ៉ាពីពួកយើងខ្ញុំទាំងអស់គ្នា ក៍ជននេះមិនខ្វល់ដែរ ហើយថែមទាំងសម្លុត គំរាម ពួកយើងថែមទៀត និងគំ រាមដកតំណែងពួកខ្ញុំ និងតែងតែអួតក្អេងក្អាងថា មេខែត្រ មេរង សុទ្ធតែជាពួកម៉ាករបស់គេ បើពួកឯងហ៊ាន គឺរឿង»។

ក្រុមមន្ត្រីរាជការ ក្រោមឳវាទបានវាយសម្រាតខោលោក ទឺ ប៊ុនឡេង យ៉ាងចាស់ដៃទៀតថា «ជាពិសេសថ្មីៗ នេះ ជនពុករលួរូបនេះ បានប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរបំផុតដោយហ៊ានកេងបន្លំ និងបំពានលើទឹកចិត្ត ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានលើកទឹកចិត្តដល់ មន្ត្រីស្ម័គ្រចិត្តបម្រើការងារ កូវីដ១៩ ឱ្យចូល ជាក្របខណ្ឌពេញសិទ្ធិដោយជននេះបានប្រមូលយកលុយទាំងអស់គ្នាចំនួន១៣០នាក់ក្នុងម្នាក់ចន្លោះពី១០០០០ទៅ១៣០០០ដុល្លារ ហើយបើមិនបង់លុយគ្រប់ចំនួនគឺមិនបានជាប់ក្របខណ្ឌឡើយ ដោយបុគ្គលនេះបញ្ជាក់ ថា លុយនេះគឺយកទៅជូនចៅហ្វាយខែត្រ និងអ្នកក្រសួង ហើយចំណុចមួយទៀត ជននេះបានបន្លំឯកសារ សាធារណៈ ដោយលួចក្លែងឯកសារ ដែលបញ្ជាក់លើប្រវត្តិរូបមន្ត្រីទាំងអស់ពី ប្រធានស្រុកប្រតិបត្តិ លួចចុះ ហត្ថលេខា និងលួចបោះត្រា ស្រុកប្រតិបត្តិដោយពួកយើងខ្ញុំជាប្រធានអនុប្រធានមិនបានដឹងទាល់តែសោះ»។

មន្ត្រីរាជការចំណុះឱ្យ ក្រសួងសុខាភិបាល បានទទូចស្នើសុំទៅលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបា ល និងលោក អភិបាល ខែត្រក្រចេះ មេត្តាស៊ើបអង្គេតដើម្បីដាក់ទោសជនពុករលួយចរឹកពាលរូបនេះដើម្បីឱ្យ ពួកយើងខ្ញុំទាំងអស់គ្នាដែលជាបុគ្គលិកមន្ត្រី និងអ្នកដឹកនាំនៅថ្នាក់ក្រោម អាចបំពេញការបម្រើសេវាសុខភាព ជូនប្រជាពលរដ្ឋឱ្យបានល្អ។

បើតាមការលើកឡើងពី មន្ត្រីសុខាភិបាល ខេត្តក្រចេះ ប្រាប់ឱ្យដឹងកាលពីថ្ងៃទី២៥ ខែកក្កដា នេះថា ឈ្មោះ ទឺ ប៊ុនឡេង និងបក្ខពួក ពិតជាបានប្រព្រឹត្តសកម្មភាពពុករលួយដូចលិខិតចោទប្រកាន់ពិតប្រាកដមែន។​ ពួកគេ បានក្ដោបសេដ្ឋកិច្ចក្រៅប្រព័ន្ធច្បាប់ ស៊ីដាច់របបគេឯងជាច្រើនឆ្នាំមកហើយ និងធ្វើការរបៀបបោះសន្ទូចរំលងភ្នំ ខុសនីតិវិធី ខុសបច្ចេកទេស និងខុសគោលការណ៍ក្រសួងជាដើម។ល។

លោក ទឺ ប៊ុនឡេង ហៅ ពេទ្យទូច ប្រធានការិយាល័យរដ្ឋបាល នៃមន្ទីរសុខាភិបាល ខេត្តក្រចេះ បានបដិសេធ កាលពីទី២៥ ខែកក្កដា ឆ្នាំ២០២១ នោះថា លោ កមិនបានយកលុយពី មន្ត្រីស្ម័គ្រចិត្តជាប់កិច្ចសន្យាបម្រើការ ងារប្រឆាំង ជំងឺកូវីដ១៩ ក្នុងម្នាក់ៗចាប់ពី១០.០០០ដុល្លារ ទៅ១៣.០០០ដុល្លារ នោះទេ។ ប៉ុន្តែរឿងបំពេញប្រ វត្តិរូបចូលក្របខណ្ឌរដ្ឋបានទទួលស្គាល់ថា ពិតជាបានធ្វើរំលង ប្រធានអូឌី ប្រាដកមែន។ តែការធ្វើរំលងនោះ គឺតាមគោលការណ៍របស់ក្រសួង។

ចំណែកលោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាល ខេត្តក្រចេះ ធ្វើការបញ្ជាក់ខ្លីថា ខាងអេស៊ីយូ (ACU) កំ ពុងតែធ្វើការស៊ើបអង្កេតលើករណីនេះហើយ។ ចំពោះសាច់រឿងម៉េច អីយ៉ាងម៉េច ចាំមើលសិនទៅ…។ ក៍ប៉ុន្តែ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ លោក ឈ្នាង សុវុត្ថា បានលើកឡើងរបៀបដោះសារយករួច ខ្លួនថា «ទាក់ទងលិខិតខាងលើហ្នឹង ខ្ញុំសុំអធ្យាស្រ័យ! ខ្ញុំគ្មានពេលបកស្រាយជូនទេ…! ខ្ញុំកំពុងតែប្រជុំ…»។

ជុំវិញរឿងរ៉ាវខាងលើលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រក្រសួងសុខាភិបាល ព្រមទាំងលោកស្រីវេជ្ជបណ្ឌិត ឳ វ៉ាន់ឌីន អ្នកនាំពាក្យក្រសួង មិនអាចទាក់ទងសុំការបំភ្លឺបានទេនៅរសៀលថ្ងៃ ទី២៨ ខែកក្កដា ឆ្នាំ២០២១។ រីឯលោក វ៉ា ថន អភិបាល ខែត្រក្រចេះ វិញនិយាយទាំងគ្មានសីលធម៌ថា រឿងនេះមកសួរអីខ្ញុំ ម្ដេចមិនទៅសួរខាង អេស៊ីយូ ទៅ…៕