ដោយៈ បាយ៉ង់ថាមស៍ ភ្នំពេញៈ ប្រជាពលរដ្ឋ ក៍ដូចមន្ត្រីរាជការទូទៅ ចង់ឃើញលោក ម៉ៅ ធនិន អភិបាលថ្មីនៃ ខែត្រកំពត មានចំណា ត់ការទៅលើមន្ត្រីគ្រាប់ល្ពៅស្ងោរមានដូចជា មេភូមិ មេឃុំ ចៅហ្វាយ ស្រុកដងទង់ និងមន្ត្រីជំនាញមួយចំនួន ក្នុង ខែត្រកំពត ដែលបាននាំគ្នាគប់គិតលួចលក់ដី «អាងទឹកដងទង់» ជាសម្បត្តិសាធារណៈរបស់រដ្ឋមានទំហំ ជាង១២ហិកតាក្នុងតម្លៃរាប់លានដុល្លារទៅឱ្យក្រុមហ៊ុន សេង សម្បត្តិ ស្ថិតនៅ ភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខែត្រកំពត។
ផ្ទៃអាងទឹក និង ចំណីអាងទឹកក្តី គឺរដ្ឋមិនអាចចេញប្លង់កម្មសិទ្ធិឱ្យលក្ខណៈបុគ្គលណាម្នាក់កាន់កាប់បានឡើយ គឺចៀសវាងទំនាស់ផលប្រយោជន៍។ ប៉ុន្តែពលរដ្ឋខ្លះអាចអាស្រ័យផលវាបាន ហើយរាល់ការលក់ដូរដីទាំងនោះ ស្ថិតនៅលើការព្រមព្រៀងគ្នា រវាងអ្នកទិញនិងអ្នកលក់។ អាងទឹកដងទង់ ដែលមានទំហំធំល្វឹងល្វើយជាង១២ ហិកតាដែលគេហៅថា «ដីគ្មានទិន្នន័យ»ត្រូវក្រុមមន្ត្រីគ្រាប់ល្ពៅស្ងោរនាំគ្នានិយាយ«បន្លប់ឬបំភាន់ស្ថាន ការណ៍» ថា «ជាដីស្រែ» ទៅវិញ។ ប៉ុន្តែការនិយាយបំភាន់ជាន់កែងខ្លួនឯងនេះមាន សាក្សីរស់ដឹងឮ និងមាន លិខិតស្នាមទិញលក់ដីនៅទីនោះជាច្រើនសុទ្ធតែបានបញ្ជាក់ថា «ជាប់អាងទឹកដងទង់»។ អតីតអភិបាល ស្រុក ដងទង់ លោក ហៃ សូន បានឱ្យមេឃុំចាស់កេណ្ឌ(កែន) ប្រជាពលរដ្ឋមកជីកដីលើកជាទំនប់ទប់ទឹកឱ្យពលរដ្ឋ ប្រើប្រាស់នៅ ឆ្នាំ១៩៨៦។ ពីព្រោះតំបន់នោះខ្សត់ទឹកប្រើប្រាស់ ហើយវាក៍ជាទំនប់យុទ្ធសាស្ត្រការពារស្រុកពី សំណាក់ខ្មែរក្រហមផងដែរ។
ការលួចលក់ដីអាងទឹកដងទង់ ទៅឱ្យក្រុមហ៊ុន សេង សម្បត្តិ ក៍បានលួចធ្វើប្លង់កម្មសិទ្ធិគ្របលើដីប្រជាពលរដ្ឋ កំពុងតែអាស្រ័យផលយ៉ាងតិច២៩គ្រួសារ ហើយកំពុងតែមានបញ្ហាទំនាស់បច្ចុប្បន្ន។ ប៉ុន្តែនៅសេសសល់៤ គ្រួសារទៀតដោះស្រាយមិនទាន់ចេញទើបពលរដ្ឋនាំគ្នាដាក់ពាក្យប្ដឹងទៅ អង្គភាពប្រឆាំងអំពើពុករលួយ ហៅថា អេស៊ីយូ (ACU)។
ទាក់ទងការលួចលក់ដី អាងទឹកដងទង់នេះ ក៍ស្រាប់តែធ្លាយរូបថតមេចំណែកលោក វ៉ិត វឌ្ឍនា នាយករដ្ឋបាល ខែត្រកំពត ទទួលលុយពីថៅកែក្រុមហ៊ុន សេង សម្បត្តិ រាប់ម៉ឺនដុល្លារដោយមានទាំង រូបវីដេអូ រូបថតសន្លឹក និងលិខិតស្នាមផ្ដិតមេដៃទទួលលុយពីលោក សេង សម្បត្តិ ថែមទៀតផង។
ក្រុមលោក វ៉ិត វឌ្ឍនា លោក ប៉ិល កុសល អភិបាលរងខែត្រនិងលោក ដាញ់ សារី ប្រធានមន្ទីរសុរិយោដី មានសិទ្ធិភូតកុហកបដិសេដ្ឋបំភាន់ការពិតជាមួយអ្នកកាសែតបាន។ ក៍ប៉ុន្តែអស់លោកមិនអាចភូតកុហក សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងលោក ឳម យ៉ិនទៀង ប្រធានអេស៊ីយូ បានឡើយ ពីព្រោះរឿងនេះវាមាន ទំហំធំធេងណាស់គឺនៅលើគោក។
ក្រុមហ៊ុន សេង សម្បត្តិ បានយកស្ទីលតាមសពលោកយាយ ស៊ុយ ស៊ីផាន គឺទិញដីពីប្រជាពលរដ្ឋបានតិចតួច កក់ប្រាក់ខ្លះៗរួចហើយធ្វើប្លង់គ្របយកដីពលរដ្ឋឆៅៗតែម្ដង។ ព្រោះតែល្បិចកលខ្មៅធ្វើនំឥតម្សៅនេះហើយ ធ្វើឱ្យពលរដ្ឋរងគ្រោះបញ្ជាក់ថា ពួកគាត់ចង់ឃើញចំណាត់ការក្ដៅរបស់លោក ម៉ៅ ធនិន អភិបាលថ្មី ខែត្រ កំពត ដោះស្រាយវិបត្តិដីធ្លីជូនពលរដ្ឋរងគ្រោះដោយតម្លាភាព និងយុត្តិធម៌ ដែលអាចទទួលយក បានទាំងអស់ គ្នាស្របតាមគោលនយោបាយឈ្នះៗ នៃរាជរដ្ឋាភិបាលកម្ពុជា។
ប្រជាពលរដ្ឋរងគ្រោះដីធ្លីដែលនៅសេសសល់បានធ្វើការសំណូមពរទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ លោក ឳម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិងលោក ម៉ៅ ធនិន អភិបាលថ្មី ខែត្រកំពត ដែលទើបនឹងឡើងកាន់តំណែងសូមមានវិធានការ ឬបើកការស៊ើបអង្គេតទៅលើក្រុមហ៊ុន សេង សម្បត្តិ ដែល បានធ្វើប្លង់គ្របលើដីពលរដ្ឋកំពុងតែអាស្រ័យផល និងរំលោភយក ដីអាងទឹកដងទង់ តាមរយៈក្រុមមន្ត្រីអាជ្ញា ធរ ភូមិ ឃុំ ស្រុក មន្ត្រីជំនាញ និងមន្ត្រីខែត្រ បាននាំគ្នាគប់គិតលួចលក់សម្បត្តិជាតិទៅឱ្យក្រុមហ៊ុន សេង សម្បត្តិ បានលុយរាប់ម៉ឺនដុល្លារបែរជាមកគាបសង្កាត់ពលរដ្ឋស្លូតត្រង់ទៅវិញព្រោះតែដុល្លារបាំងភ្នែក។
លោក សេង សម្បត្តិ ប្រធានក្រុមហ៊ុនបានចោទប្រកាន់ពលរដ្ឋដែលនៅសេសសល់ថា អត់មានដីពិតប្រាកដទេ ហើយពួកគាត់បានទារថ្លៃខ្ពស់ពេក។ លោកបន្តថា ពលរដ្ឋដែលនៅសេសសល់ទាំង៤គ្រួសារនោះរកទីតាំងដី មិនឃើញ និងគ្មានលិខិតស្នាមអ្វីទេ។ ដីអត់ទិន្នន័យទាំងអស់មានទំហំជាង១២ហិកតានេះលោកទិញហើយក៍ បានធ្វើប្លង់ត្រូវអាជ្ញាធរចេញសេចក្ដីប្រកាសបិទផ្សាយ បង់ពន្ធដីរួចហើយដែរ តែមិនទាន់ចេញប្លង់រឹង។
លោក សេង សម្បត្តិ បានស្គាល់លោក វ៉ិត វឌ្ឍនា នាយករដ្ឋបាល ខែត្រកំពត នៅពេលចុះមកធ្វើការងារជា មួយគ្នារឿងដោះស្រាយដីធ្លី។ លោក សេង សម្បត្តិ បាននិយាយស្ទាក់ស្ទើរបែបទ័លច្រករឿងលុយពុករលួយ ថា «ការប្រគល់លុយទៅឱ្យលោក វ៉ិត វឌ្ឍនា ដ៏ច្រើនគឺជារឿងទិញដីខ្វះលុយ។ បង (កាសែត) ពុំមានសិទ្ធិសួរ ឈ្លេចរឿងខ្ញុំទេ។ ការខ្វះខាតលុយកាក់គេតែងតែរកគ្នាទៅវិញទៅមក…បង។ បងឯងកុំនិយាយរឿងស៊ីសំ ណូក សូកប៉ាន់លុយរាប់ម៉ឺនដុល្លារគឺមិនពាក់ព័ន្ធអ្វីជាមួយគាត់ (វឌ្ឍនា) ទេ។ យើងមកអភិវឌ្ឍន៍សន្សំសុខ ! ខ្ញុំមិនមែនមកសន្សំរឿងនោះទេ»។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខែត្រកំពត លោក ចាន់ វណ្ណា ចាត់ទុកទំនប់ អាងទឹកដងទង់ នេះថា ជា ដីស្រែធម្មតាព្រោះនៅ ឆ្នាំ១៩៨៥ ឬ៨៦ ត្រូវគេបង្កើតស្រុកថ្មីហើយក៍បានជីកដីធ្វើជារបាំងការពារសង្គ្រាមជាមួ យខ្មែរក្រហម។ វាក៍មិនមែនជាកន្លែងទំនប់ទឹកសម្រាប់ពលរដ្ឋប្រើប្រាស់នោះទេ។ តែក្រោយមកពលរដ្ឋក៍នាំគ្នា សុំធ្វើប្លង់កាន់កាប់ ហើយស្រុកក៍ធ្វើការបែងចែកឱ្យពួកគាត់អាស្រ័យផលរៀងៗខ្លួនទៅ…។
ប្រធានមន្ទីរបន្តថា ទំនប់ទឹកដែលមានប្រវែងប្រហែល៣០០ម៉ែត្រនេះមិនមែនជាអាងទឹក សម្រាប់ស្រោចស្រព ស្រែ ទេ។ យើងមិនបានចុះបញ្ជីការនៅ ក្រសួងធនធានទឹកឡើយ ពីព្រោះវាមិនមានជាលក្ខណៈចារឹកប្រព័ន្ធ ធារាសាស្ត្រ។ ទំនប់អត់មានទ្វារដោះទឹកនេះលោកធ្លាប់ធ្វើការវាស់វែងតាមប្រព័ន្ធហ្គូហ្គ័ល(Google)មានទំហំ ប្រហែលជាង២ហិកតា។ កាលមន្ទីរសុរិយោដីចុះធ្វើបញ្ជីជាលក្ខណៈប្រព័ន្ធបម្រុងដាក់ជាសម្បត្តិរដ្ឋ ប្រជាជនមិន ព្រមហើយក្រុមមន្ត្រីក៍បានដាក់ថា «ដីគ្មានទិន្នន័យ» ទៅ…។
និយាយដល់រឿងធ្លាយរូបពុករលួយលោក វ៉ិត វឌ្ឍនា នាយករដ្ឋបាលខែត្រ បានទទួលលុយរាប់ម៉ឺនដុល្លារពីការ លួចលក់ដី អាងទឹកដងទង់ នោះលោក ចាន់ វណ្ណា បែរជាខំនិយាយបិទបាំងបែបកាន់ជើងការពារគ្នាដែលបាន ទទួលលាភសក្ការដែរថា ម្ដេចកាសែតមិនសួរទៅលោក សេង សម្បត្តិ យកលុយឱ្យលោក វ៉ិត វឌ្ឍនា ថ្លៃអ្វី ? រឿងអ្វីដែរ ? ទើបមានតម្លាភាព។
ដោយដឹងថា ជាលេខទូរស័ព្ទអ្នកកាសែតលោក វ៉ិត វឌ្ឍនា មិនទទួលឆ្លើយតបសំណួរនឹងអ្នកកាសែតឡើយ។ ប៉ុន្តែអង្គភាពយើងក៍បានផ្ញើសារតាម ប្រព័ន្ធតេឡេក្រាម ដើម្បីសុំការបំភ្លឺជុំវិញលួចលក់ដី អាងទឹកដងទង់។ ដូចជាសំណួរលើកចោទថា មូលហេតុអ្វីបានជាមានការនាំគ្នាលួចលក់ អាងទឹកដងទង់ ឱ្យទៅឈ្មោះ សេង សម្បត្តិ ដើម្បីសាងសង់បុរីលក់ទៅវិញ ? តើការប្រគល់លុយដ៏ច្រើនសន្ធឹកសន្ធាប់ពីសំណាក់លោក សេង សម្បត្តិ ម្ចាស់ក្រុមហ៊ុន សេង សម្បត្តិ នោះក្នុងរឿងអ្វីដែរ ? ហើយមានភរិយារបស់លោកចេញមកទទួលយក លុយទៅរាប់ទាំងទឹកមុខញញឹមថែមទៀតផង។ ជាពិសេសទៅទៀតនោះមានលិខិតតូចមួយដែលបានទទួល លុយពីលោក សេង សម្បត្តិ ក្នុងរឿងអ្វីដែរបាទ ? សំណួរគ្មានចម្លើយទាំងនេះគឺយើងដឹងត្រឹមថា លោក វ៉ិត វឌ្ឍនា បានបើកមើលរួចហើយតែមិនព្រមឆ្លើយបំភ្លឺនោះទេ…។
យោងតាមប្រភពដែលគួរឱ្យទុកចិត្តបាន និងអាចធ្វើជាសាក្សីដ៏សំខាន់ក្នុងរឿងទាំងនេះលើកឡើងនៅព្រឹកថ្ងៃ ទី១១ ខែតុលា នេះថា លោក សេង សម្បត្តិ បានយកលុយទៅឱ្យលោក វ៉ិត វឌ្ឍនា នាយករដ្ឋបាល ខែត្រកំពត ដល់ផ្ទះរបស់គាត់ (វឌ្ឍនា) យ៉ាងតិចបីដងពីការលួចលក់ដី អាងទឹកដងទង់។ ពួកគេចាំទាំងពេលវេលាម៉ោងថ្ងៃ ខែនិងឆ្នាំ ព្រមទាំងមាន រូបថតវីដេអូ ថែមទៀតផង។ ប្រភពក៍បានទទូចស្នើសុំឱ្យក្រុម គណៈកម្មការរបស់ ខែត្រកំពត ដឹកនាំដោយលោក ប៉ិល កុសល អភិបាលរងខែត្រ ជាប្រធានគណៈកម្មការដោះស្រាយវិវាទដីធ្លី បង្ហាញពីការលួចលក់ដី អាងទឹកដងទង់ បានលុយរាប់ម៉ឺនដុល្លារយកទៅណា ? តើមានបង់ចូលថវិការដ្ឋ ដែរឬទេ ?
ពាក់ព័ន្ធនឹងសំណួរគ្មានចម្លើយនេះ ក្រុមលោក វ៉ិត វឌ្ឍនា លោក ប៉ិល កុសល អភិបាលរង ខែត្រកំពត និងជា អតីតអភិបាល ខណ្ឌសែនសុន ក្រុងភ្នំពេញ ដែលសម្បូររឿងអាស្រូវពុករលួយ។ លោក ដាញ់ សារី ប្រធានមន្ទីរ សុរិយោដីខែត្រ, លោក អ៊ឹង ឆាយ អភិបាលរងខែត្រ និងជាអ្នកនាំពាក្យ គឺពុំអាចសុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃ ទី១១ ខែតុលា ឆ្នាំ២០២១។ ពីព្រោះពួកគាត់បានស្គាល់លេខទូរស័ព្ទអ្នកកាសែតច្បាស់ពេក។
យោងតាមប្រភពពីបុរសម្នាក់ស្គាល់លោក វ៉ិត វឌ្ឍនា យ៉ាងច្បាស់ បានលើកឡើងនៅព្រឹកថ្ងៃទី១១ ខែតុលា នេះថា លោក វ៉ិត វឌ្ឍនា នៅពេលផឹកស៊ីម្ដងៗមានអ្នកហែរហមដើរតាមចេញលុយឱ្យគឺសុទ្ធតែពួក ឧកញ៉ាមាន លុយកាក់ច្រើនៗ។ គាត់បានរៀបឫកពារដូចស្ដេចអីចឹង…។
គួរបញ្ជាក់ថា លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ធ្លាប់បានហៅក្រុមមន្ត្រីគ្រាប់ល្ពៅ ស្ងោរទាំងនោះថា សុទ្ធតែពួកបំផ្លាញជាតិ! ហើយលោកក៍សុំឱ្យសមត្ថកិច្ចធ្វើការស៊ើបអង្គេតបន្តចុះ។ បើយោង តាមច្បាប់រដ្ឋនៃ ក្រសួងធនធានទឹក កុំថាឡើយដល់ទៅ «ផ្ទៃដីអាងទឹក» សូម្បីតែ ថ្លុក ត្រពាំង អូរ បឹង បួរ គឺជា សម្បត្តិរដ្ឋទាំងអស់ ដោយមិនអាចនរណាមករំលោភបំពាន ឬចាប់យកធ្វើជាកម្មសិទ្ធិបានឡើយ៕