តំបន់មាត់សមុទ្រនិងបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ត្រូវបង្កើនការប្រុងប្រយ័ត្ន ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៩កញ្ញា

0
561

ដោយ បាយ៉ង់ថែមស៍

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅតំបន់មាត់សមុទ្រ អ្នកនេសាទ អ្នកដំណើរតាមសមុទ្រ និងបណ្តាខេត្តនៅតំបន់ វាលទំនាបកណ្តាល ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះភ្លៀងខ្យល់បោកបក់ខ្លាំងនិងមានទឹករលកខ្ពស់ៗ ចាប់ពី ថ្ងៃទី២៣ដល់ថ្ងៃទី២៩ខែកញ្ញា ២០២០ ។ នេះបើយោងតាមការអំពាវនាវនៅក្នុងសេចក្តីជូនដំណឹង ស្តីពីស្ថាន ភាពអាកាសធាតុ របស់ក្រសួងធនធានទឹកនិងឧតុនិយម ។

ក្នុងសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយមបានសរសេរថា ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២០ ប្រព័ន្ធសម្ពាធទាប(ITCZ)នឹង អូសបន្លាយឆ្លងកាត់ លើភាគខាងជើងនៃប្រទេសកម្ពុជា ធ្វើឱ្យតំបន់វាលទំនាបកណ្តាលអាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើន ។ ភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅបង្គួរ សម្រាប់ជួរភ្នំដងរែកនិង ភាគឦ សានហើយនិងនៅតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើន ។

ក្នុងនោះ ប្រជាពលរដ្ឋ តាមបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះ បាតុភូត ផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ដែលអាចកើតមាន ។ ដោយឡែកប្រជាពលរដ្ឋរស់នៅតំបន់មាត់សមុទ្រ អ្នកនេសាទនិងអ្នកដំណើរតាមសមុទ្រ សូមបង្កើនការប្រុងប្រយ័ត្នចំពោះភ្លៀងខ្យល់បក់បោកខ្លាំង និងមានទឹករលកខ្ពស់ៗ ។

អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹក និង ឧតុនិយម លោក ចាន់ យុត្ថា មានប្រសាសន៍នៅថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២០ថា ប្រទេសកម្ពុជានៅក្នុងសប្តាហ៍នេះ ស្ថិតក្រោមឥទ្ធពលប្រព័ន្ធសម្ពាធទាប(ITCZ )  ដែលងាយនឹងមានភ្លៀងធ្លាក់រាយប៉ាយមកច្រើន  ព្រមគ្នាជាមួយគ្នានឹងខ្យល់មូសុងនិរតី ក៏នឹងបង្កើនឥទ្ធិពលខ្លាំងនៅចុងសប្តាហ៍ ចាប់ពីថ្ងៃ២៤កញ្ញា ដែលជាហេតុធ្វើឱ្យមានភ្លៀងធ្លាក់ ច្រើននិងខ្យល់ខ្លាំងនៅតំបន់មាត់សមុទ្រ ។ រីឯព្យុះទី១២ឈ្មោះដូលភីន ដែលដើរទៅកៀកនឹងខាងត្បូងប្រទេសជប៉ុនហើយនោះ គ្មានឥទ្ធិពលដល់ប្រទេសកម្ពុជាទេ ៕