តំណាងពិឃាដសត្វជ្រូកប្ដឹង ប្រធានការិយាល័យបសុព្យាបាល ខែត្រកំពង់ចាម និងបក្ខពួកទៅអេស៊ីយូ

0
234

ដោយៈ អធិបតី
កំពង់ចាមៈ តំណាងអាជីវករពិឃាដសត្វជ្រូកប្រចាំ ស្រុកស្រីសន្ធរ បានដាក់ពាក្យប្ដឹងលោក នង ម៉េងហ៊ាង ប្រ​ធានការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្ម ខែត្រកំពង់ចាម ព្រមទាំងបក្ខពួកទៅ អង្គភាពប្រឆាំងអំពើពុករលួយ ដែលហៅថា « អេស៊ីយូ » ដោយចោទប្រកាន់ពីបទកិបកេងប្រាក់ពន្ធអាករដែលយកទៅបង់នៅ ច្រកចេញចូលតែមួយខែត្រ និងជាពិសេសមានការដាក់គំនាបបង្កការលំបាកដល់ការរកស៊ីរបស់ពួកគាត់។

លោក កែវ សារ៉ាវុធ មានវ័យ៤១ឆ្នាំរស់នៅ ភូមិមាន់ដប់លើ ស្រុកស្រីសន្ធរ ខែត្រកំពង់ចាម តំណាងឱ្យអាជីវករ ស្រុកស្រីសន្ធរ បានដាក់ពាក្យបណ្ដឹងមានស្នាមមេដៃត្រឹមត្រូវដែលមានបីទំព័រចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ទៅលោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឱ្យជួយរកយុត្តិធម៌ដល់ពួកគាត់ ដែលទទួលរងនូវការធ្វើទុក្ខបុកម្នេញពីសំណាក់ក្រមដៃជើងលោក នង ម៉េងហ៊ាង និងបក្ខពួក។

នៅក្នុងកម្មវត្ថុ នៃពាក្យបណ្ដឹងរបស់លោក កែវ សារ៉ាវុធ បានបញ្ជាក់ប្រាប់ អេស៊ីយូ ថា « សំណើសូមប្តឹងពីលោក នង ម៉េងហ៊ាង ប្រធានការិយាល័យបសុព្យាបាល មន្ទីរកសិកម្ម ខែត្រកំពង់ចាម និងឈ្មោះ តាន់ វុទ្ធី មន្ត្រីក្រោមឱវាទ និងភ្នាក់ងារប្រមូលពន្ធអាករពីបទ វីតិក្កម មាត្រា៥៩២-៥៩៣ និងបទកេងយកប្រយោជន៍ដោយខុសច្បាប់ មាត្រា៥៩៧-៥៩៨ នៃក្រមព្រហ្មទណ្ឌ »។

លោក សារ៉ាវុធ បានសរសេររៀបរាប់ជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត មេត្តាជ្រាបថា ចាប់ពីផ្លាស់ប្តូរមន្ត្រី ពេទ្យសត្វខែត្រមកប្រមូលពន្ធអាករអនាម័យសត្វមានការឡើងថ្លៃរហូត កាលពីមុន ឆ្នាំ២០២២ គឺពេទ្យសត្វស្រុកឈ្មោះ ជ្រាង វណ្ណា ជាអ្នកប្រមូលពន្ធអាករអនាម័យសត្វជ្រូក និងគោក្នុង ស្រុកស្រីសន្ធរ ទាំងមូលសមស្របបង់ លុយប្រហាក់ប្រហែលគ្នា ខុសគ្នាតិចតួចរវាងអាជីវករ និងអាជីវករពិឃាដជ្រូក គោ១ក្បាលដូចគ្នាដោយខ្ញុំបាទ និងអាជីវករផ្សេងទៀត គឺពុំបានតវ៉ា ឬ កើតទុក្ខមិនសុខចិត្តអ្វីឡើយ ពីព្រោះតែព្រមព្រៀងដោយស្ម័គ្រចិត្តដូចៗគ្នា។ ប៉ុន្តែស្រាប់តែនៅក្នុង ឆ្នាំ២០២៣ មានមន្ត្រីពេទ្យសត្វ ខែត្រកំពង់ចាម ឈ្មោះ តាន់ វុទ្ធី ជាភ្នាក់ងារប្រមូល (ថ្មី) ហើយត្រូវជាកូនចៅរបស់ឈ្មោះ នង ម៉េងហ៊ាង ជាអ្នកប្រមូលចំណូលពន្ធអាករអនាម័យនេះបន្តយកទៅបង់ ចូលច្រកចេញចូលតែមួយ ខែត្រកំពង់ចាម មានការឡើងថ្លៃមួយគុណជាពីរជាបី ហើយបានប្រើពាក្យថា បើមិនព្រមបង់លុយតាមខ្លួនកំណត់ទេឈប់ឱ្យធ្វើអាជីវកម្មពិឃាដសត្វតទៅទៀត។ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ពួកខ្ញុំជាអាជីវករពិឃាដសត្វនៅក្នុង ស្រុកស្រីសន្ធរ ទាំងមូលបានធ្វើលិខិតផ្តិតមេដៃសុំចូលទៅ ឯកឧត្តមអភិបាល
នៃគណៈអភិបាល ខែត្រកំពង់ចាម សុំឲ្យមានការធូរថយ ( បន្ធូរបន្ថយ ) ដូចកន្លងមកមុន ឆ្នាំ២០២២។

រហូតមកដល់បច្ចុប្បន្ននៅតែគ្មានដំណោះស្រាយសម្រាប់ ឆ្នាំ២០២៣-ឆ្នាំ២០២៤ បង់រួចអស់ហើយ។ ដោយកន្លងមករូបខ្ញុំ និងអាជីវករឯទៀតបានសុំកិច្ចអន្តរាគមន៍របស់ រដ្ឋបាលសាលាខែត្រ ដែរតែពុំបានតបមកវិញអ្វីឡើយបានត្រឹមបិទចោលតែប៉ុណ្ណោះរហូតខ្ញុំបាទទាំងអស់គ្នាបានឯកសារថ្មីដែលធ្វើនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ទើបសម្រេ ចចិត្តបន្តនីតិវិធីមក អង្គភាពប្រឆាំងអំពើពុករលួយ នេះតែម្តង និងសុំឱ្យអង្គភាពអន្តរាគមន៍លើរឿងនេះគឺនៅក្នុង ឆ្នាំ២០២៥ ពួកខ្ញុំទាំងអស់គ្នាសុំឱ្យមានការធូរថយ (បន្ធូរបន្ថយ) ដូច ឆ្នាំ២០២២ ហើយយើងខ្ញុំទាំងអស់គ្នាសូមយកលុយមកបង់នៅ ច្រកចេញចូលតែមួយនៅ ខែត្រកំពង់ចាម ដោយខ្លួនឯងកុំឱ្យមានអំពើពុករលួយតទៅទៀត។

យើងខ្ញុំទាំងអស់គ្នាសូមបញ្ជាក់ថា ការប្រមូលពន្ធអាករខាងលើនេះគឺហាក់ខុសប្រក្រតី ព្រោះគ្រាន់តែ ស្រុកស្រីសន្ធរ មួយបង់ដល់ទៅចំនួន៦៤,៤២០.០០០រៀល ហើយសម្រាប់ការបង់ច្រកត្រឹមតែជាង១០០លាន សម្រាប់សរុប ១០ស្រុកទូទាំងស្រុកដែលមានក្នុង ខែត្រកំពង់ចាម ទើបយើងខ្ញុំទាំងអស់តែងតែតវ៉ា និងទង្វើរបស់គាត់ ប៉ុន្តែលោក នង ម៉េងហ៊ាង និងលោក តាន់ វុទ្ធី មិនខ្វាយខ្វល់អ្វីឡើយ ផ្ទុយទៅវិញបែរជាធ្វើការគំរាមកំហែងយកប្រាក់ដោយប្រើឧបាយកលដាក់បន្ទុកថា បង់ចូល ច្រកចេញចូលតែមួយ តែមិនពិតដូចអ្វីដែលបាននិយាយឡើយ។ ដូច្នេះយើងខ្ញុំទាំងអស់គ្នាមានការបារម្ភ និងមិនចង់ឱ្យមានអំពើពុករលួយក្នុងសង្គម ទើបសម្រេចចិត្តដាក់ពាក្យបណ្តឹងមក អង្គភាពប្រឆាំងអំពើពុករលួយ ជាបន្ទាន់។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ជាទីគោរព លើសពីនេះទៅទៀត ខ្ញុំបាទទាំងអស់បានស្នើឱ្យ លោ កអភិបាលខែត្រ ជួយរកដំណោះស្រាយដល់ប្រជាពលរដ្ឋទន់ខ្សោយដូចជា រូបខ្ញុំបាទទាំងអស់គ្នា ប៉ុន្តែការទទូចនោះ គឺគ្រាន់តែអូសបន្លាយពេលវេលារហូតមកដល់បច្ចុប្បន្ននេះ។ ព្រោះគាត់កំពុងតែអនុវត្តនូវភាពបិទបាំងរឿងអយុត្តិធម៌មកលើរូបខ្ញុំបាទទាំងអស់ និងមិនមានចំណាត់ការលើការស្នើសុំនេះអ្វីឡើយ មានតែការដាក់បន្ទុកគំនាបផ្សេងៗមកលើយើងខ្ញុំ។ ម្យ៉ាងទៀតខ្ញុំបាទទាំងអស់គ្នាយល់ថា ជាដែនសមត្ថកិច្ចរបស់គាត់ ទើបរឿងនេះមិនអាចទៅរួច ហើយក៏ពុំមានពន្លឺយុត្តិធម៌អ្វីឡើយ។

ករណីខាងលើអាចបញ្ជាក់បានថា លោក នង ម៉េងហ៊ាង និងលោក តាន់ វុទ្ធី ពិតជាបានមានតម្រុយ នៃការ កិបកេងប្រាក់បង់ចូលច្រក នៃរដ្ឋបាលសាលា ខែត្រកំពង់ចាម និងសូមឱ្យ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី មេត្តាចាត់ក្រុមការងារស្រាវជ្រាវ និងស៊ើបអង្គេតលើករណីនេះ ហើយជួយដោះស្រាយភាពមិនប្រក្រតីទៅតាមផ្លូវច្បាប់ផង។

លោក កែវ សារ៉ាវុធ បាននិយាយប្រាប់ បាយ៉ង់ថាមស៍ នៅយប់ថ្ងៃទី១៤ ខែធ្នូ ថា គាត់បានដាក់ពាក្យបណ្ដឹងខាង លើកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ចូលទៅ អង្គភាពប្រឆាំងអំពើពុករលួយ រួចហើយ។ លោកចាត់ទុកថា នេះគឺជាការរើបម្រាស់ពីការជិះជាន់ នៃមន្ត្រីពេទ្យសត្វ មកលើក្រុមអាជីវករ។

នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ លោក អ៊ុន ចិន្តា អភិបាល ខែត្រកំពង់ចាម លោក នង ម៉េងហៀង ប្រធានការិយាល័យបសុព្យាបាល មន្ទីរកសិកម្ម ខែត្រកំពង់ចាម អង្គភាពយើងពុំអាចសុំការបំភ្លឺដើម្បីដោះបន្ទុករឿងខាងលើនេះបានទេ។

គួរបញ្ជាក់ថា នៅពេលថ្មីៗនេះក៏មានធ្លាយព័ត៌មានលោក នង ម៉េងហ៊ាង បានទទួល លុយវេរវីង និងអ៊ីម៉ាន់នី ប្រចាំខែក្នុងមួយស្រុកត្រូវបង់ប្រាក់ចំនួន២០០០ដុល្លារអាម៉េរិក។ នេះគឺជាករណីផ្ទុះឡើងថ្មីមួយទៀតដែលក្រុម អាជីវករបានដាក់ពាក្យប្ដឹងទៅ អង្គភាពប្រឆាំងអំពើពុករលួយ៕