តំណាងពលរដ្ឋ៤នាក់ស្នើសុំបទអន្តរាគមន៍ពីអភិបាលរាជធានីភ្នំពេញនិងចៅហ្វាយខណ្ឌបន្ទាប់ពីទទួលរងនូវបណ្ដឹងជុំទិស

0
375

ដោយៈ អធិបតី
ភ្នំពេញៈ ដើម្បីបំបាក់ស្មារតី អ្នកដែលហ៊ានចេញមុខតវ៉ាពីរឿង«ចំណតរថយន្តក្រុងសាធារណៈ»នោះក្រុមហ៊ុន សេវេនអេនជី (7NG) របស់ឧកញ៉ា ស្រី សុធា បានផ្ដល់សិទ្ធិឱ្យកូនចៅ និងបក្ខពួកខ្លួន ប្ដឹងតំណាងប្រជាពល រដ្ឋចំនួន៤នាក់រស់នៅក្នុង បុរីសន្ដិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ទៅតុលា ការដោយមានពាក្យបណ្ដឹងយ៉ាងហោចណាស់១៣ពាក្យបណ្ដឹង ជាពិសេសគេបានគំរាមផ្ដាច់សេដ្ឋកិច្ចតាមរយៈ ការមិនជួលតូបឱ្យលក់ដូរបន្តទៀត។ កិច្ចខិតខំប្រឹងប្រែងការពារថែរក្សាប្រយោជន៍សាធារណៈពួកគាត់ទាំង៤ នាក់បាននាំគ្នាដាក់ពាក្យ ស្នើសុំបទអន្តរាគមន៍ ទៅលោកអភិបាល រាជធានីភ្នំពេញ និងលោកអភិបាល ខណ្ឌ ពោធិសែនជ័យ ឱ្យជួយធ្វើការសម្របសម្រួលក្រៅប្រព័ន្ធតុលាការដែលមានពាក្យបណ្ដឹងជុំទិសនោះ មកនៅចំ ពោះមុខអាជ្ញាធរវិញ។

ប្រជាពលរដ្ឋរស់នៅ បុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ យ៉ាងតិច៥៩៨នាក់ បានផ្តល់សិទ្ធិ ឱ្យតំណាង៤នាក់ ធ្វើការដោះស្រាយតាមផ្លូវច្បាប់ពីរឿងការលក់ដីចំណតរថយន្តក្រុង នៃសហគមន៍ដីក្រហម។ តំណាងពលរដ្ឋទាំង៤នាក់មានលោក ឃិន ដា, លោកស្រី ប៉ោ ណារ័ត្ន, លោកស្រី ណុប ភត្រា និងលោកស្រី គង់ ស្រីណា។ នៅក្នុងពាក្យស្នើសុំបទអន្តរាគមន៍ទៅ អភិបាល រាជធានីភ្នំពេញ និងអភិបាល ខណ្ឌពោធិសែន
ជ័យ មាន៤ទំព័រចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ មានឈ្មោះ មានស្នាមមេដៃ និងលេខទូរស័ព្ទ ផងដែរ។ ដីចំ ណតរថយន្តក្រុងនៅជាប់ផ្លូវបេតុង៣០ម៉ែត្រនេះ មានទំហំ៧៦ម៉ែត្រ គុណនឹង១៩ម៉ែត្រ។ វាជាដីមានតម្លៃខ្ពស់ នៅក្នុងទីផ្សារសេរីបច្ចុប្បន្ន។

កម្មវត្ថុ នៃលិខិតនោះបានលើកឡើងថា «ស្នើសុំ ឯកឧត្តមអភិបាល និងលោកអភិបាលខណ្ឌ មេត្តាជួយពិនិត្យ លើការទិញលក់ដីដែលជាចំណតរថយន្តក្រុងសាធារណៈស្ថិតក្នុង បុរីសន្ដិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ ចោមចៅ២ ខណ្ឌពោធិសែនជ័យ របស់បក្ខពួកឈ្មោះ គឹម យ៉ាន ជាមួយក្រុមហ៊ុន7NG និងដោះស្រាយការ រំលោភកិច្ចសន្យាជួលតូបរបស់ ក្រុមហ៊ុន7NG »។

ក្រុមពលរដ្ឋរស់នៅភូមិនិងសង្កាត់ខាងលើណាដែលហ៊ានចេញមុខត​វ៉ាពីការលក់ដីចំណតរថយន្តក្រុងសាធារ ណៈ ត្រូវគេធ្វើទុក្ខបុកម្នេញគ្រប់រូបភាពជាពិសេស គេព្រួតគ្នាប្ដឹងទៅតុលាការដើម្បីបំបាក់ស្មារតីដោយចោទ ប្រកាន់ ពីបទរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ហើយទារសំណងចាប់ពី២០ម៉ឺនដុល្លារឡើងទៅ…។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ !

ក្នុងលិខិតអន្តរាគមន៍ បានរៀបរាប់ដំណើររឿងថា ចាប់តាំងពី ឆ្នាំ២០១៧ មកក្រុមហ៊ុន7NG មានបំណងចង់ពុះ ដីដែលជា ចំណតរថយន្តក្រុងសាធារណៈ លក់ដោយអះអាងថា ដីនោះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនទៅវិញ។ ទើប ពួកយើងខ្ញុំធ្វើការប្ដឹងតវ៉ាទៅអាជ្ញាធរដើម្បីទប់ស្កាត់ការលក់ដីសាធារណៈហើយសាលា ខណ្ឌដង្កោ ក៍បានចេញ លិខិតជូនដល់ លោកឧកញ៉ា ស្រី ចាន់ថន ឱ្យរុះរើលូ និងថ្ម ដែលនៅលើចំណតរថយន្តសាធារណៈ តែម្ដង។ ក្នុង ឆ្នាំ២០១៧ នោះដែរសាលា រាជធានីភ្នំពេញ បានសម្រេចបង្កើតរថយន្តក្រុងសាធារណៈ ហើយដាក់ឱ្យដំ ណើរការរហូតដល់ ឆ្នាំ២០១៩ ដោយមានបញ្ហា កូវីដ១៩ ទើបរថយន្តក្រុងបានផ្អាក ហើយមានឈ្មោះ គឹម យ៉ាន ,ឈ្មោះ គឹម ឆន និងបក្ខពួក បានព័ទ្ធរបងជុំវិញទីតាំង ដីចំណតរថយន្តក្រុងសាធារណៈ ហើយបង្ហាញ លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីតាំងពី ឆ្នាំ២០១៤។ ប៉ុន្តែឈ្មោះ គឹម យ៉ាន ,ឈ្មោះ គឹម ឆន និងបក្ខពួកក៍បាន
ចូលរួមតវ៉ាលើការរំលោភកិច្ចសន្យារបស់ ក្រុមហ៊ុន7NG នោះដែរ ដែលលក់ដីចំណតឡានក្រុងក្នុង ខែកុម្ភៈ ឆ្នាំ២០១៨ តែបែរជានៅ ឆ្នាំ២០១៩ ឈ្មោះ គឹម យ៉ាន, ឈ្មោះ គឹម ឆន និងបក្ខពួកមកបង្ហាញថា ពួកគាត់បាន ទិញដីនោះតាំងពី ឆ្នាំ២០១៤ ទៅវិញ។

បន្ទាប់មកឈ្មោះ គឹម ឆន ដែលជាប្រពន្ធឈ្មោះ គឹម យ៉ាន និងបក្ខពួក បានដាក់ពាក្យសុំរក្សាការពារលើដីចំ ណតរថយន្តក្រុងសាធារណៈ ដោយស្នើសុំឱ្យ តុលាការសម្រេចចាត់ចែងលើការសាងសង់ផ្ទះ និងមិនឱ្យតតិយ ជនចូលមករំខានក្នុងការសាងសង់។ ប៉ុន្តែពេលចុះអនុវត្តគឺអាជ្ញាធរពុំព្រមអនុវត្តជូនពួកគាត់ទេ។ ឈ្មោះ គឹម ឆន និងបក្ខពួក ថែមទាំងបាន ដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ គឺប្ដឹងមកអ្នកតំណាងឱ្យពលរដ្ឋថា បានប្រើហិង្សា លើអ្នកកាន់កាប់អចលនវត្ថុថែមទៀត។ ប៉ុន្តែការប្ដឹងចោទប្រកាន់របស់ឈ្មោះ គឹម ឆន និងបក្ខពួកនោះពុំបានស ម្រេចទេដោយតំណាងអយ្យការបានពិនិត្យ និងស៊ើបអង្គេតដោយភាពយុត្តិធម៌ទៅដឹងថា ការប្ដឹងរបស់ឈ្មោះ គឹម ឆន និងបក្ខពួក គឺជារឿងពុំពិតទើបតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ សម្រេចតម្កល់រឿង ទុកឥតចាក់ការ។

ដោយអំឡុងពេលដែលពលរដ្ឋនៅ បុរីសន្តិភាព២ ចេញតវ៉ាការលក់ដីចំណតរថយន្តក្រុងសាធារណៈ របស់ក្រុម ហ៊ុន7NG នោះគឺក្រុមហ៊ុនបានធ្វើការគាបសង្កាត់ពលរដ្ឋណាដែលបានជួលតូបក្នុងផ្សាររបស់ ក្រុមហ៊ុន7NG ដោយមិនជួលតូបឱ្យលក់ដូរតទៅទៀតទេ ប្រសិនបើអ្នកណានៅតែចេញមុខតវ៉ាការលក់ដីចំណតឡាននោះ ទៀត។

ក្រោយមកដោយមានការសម្របសម្រួលពី ឯកឧត្តមអភិបាល រាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានសម្រេចឱ្យឈ្មោះ គឹម យ៉ាន ឈ្មោះ គឹម ឆន និងបក្ខពួកដែលអះអាងបានទិញដីនៅចំណតរថយន្តក្រុង នោះដោយផ្ដល់ដីទំហំ៣,៤២ម៉ែត្រគុណនឹង១០ម៉ែត្រចំនួន១៩ឡូត៍ដើម្បីអាស្រ័យផល និងពុំឱ្យធ្វើជាសំណង់ រឹងមាំទេ ដោយមានទីតាំងនៅសងខាងចំណតរថយន្តក្រុងសាធារណៈបន្តទៀត។ ឈ្មោះ គឹម ឆន និងបក្ខពួក ក៍បានផ្ដិតមេដៃឯកភាពទៀតផង។

លោកឧកញ៉ា ស្រី សុធា ម្ចាស់ក្រុមហ៊ុន7NG !

ស្រាប់តែក្នុងរយៈពេលថ្មីៗនេះឈ្មោះ គឹម ឆន ,ឈ្មោះ គឹម ឌីម៉ង់ ,ឈ្មោះ គឹម ឌី ,ឈ្មោះ ណុប បុត្រវាសនា ,ឈ្មោះ ហេង ហោ ,ឈ្មោះ ឈីវ ស៊ីងវ៉ាង ,ឈ្មោះ យ៉ុន បៀន ,ឈ្មោះ ឈិត វ៉ាន់ធា ,ឈ្មោះ ពៅ គួយ ,ឈ្មោះ លី សើហ្វីអ៊ី ,ឈ្មោះ សយ សុភារិទ្ធ និងឈ្មោះ សោ ពិសិដ្ឋ បាននាំគ្នាដាក់ពាក្យបណ្ដឹងមកកាន់ សាលាដំបូង រាជធានីភ្នំពេញ ចំនួន១៣ពាក្យបណ្ដឹងផ្សេងគ្នា ហើយឈ្មោះ គឹម ឆន គឺបានដាក់ពាក្យបណ្ដឹងចំនួន២ពាក្យប ណ្ដឹងដោយស្នើសុំតុលាការចេញសាលក្រមទទួលស្គាល់ពួកគាត់មានអទិភាពលើកម្មសិទ្ធិនៃអចលនវត្ថុដែលជាដីចំណតរថយន្តក្រុងសាធារណៈ ទៅវិញ និងស្នើសុំឱ្យពួកខ្លួនជាប្រជាពលរដ្ឋសងជំងឺចិត្ត សងការខូចខាតទៅ លើពួកគាត់ (ដើមបណ្ដឹង) ចំនួន២០ម៉ឺនដុល្លារអាម៉េរិកក្នុងមួយពាក្យបណ្ដឹងៗ។

សព្វថ្ងៃនេះឈ្មោះ គឹម យ៉ាន និងប្រពន្ធឈ្មោះ គឹម ឆន មិនបានគោរពតាមការសម្រេច និងការណែនាំរបស់ សាលាដំបូង រាជធានីភ្នំពេញ ទេគឺពួកគាត់នៅតែរំលោភលើដីចំណតរថយន្តក្រុងសាធារណៈ ដដែលៗហើយ ពួកគាត់តែងតែរកវិធីគ្រប់បែបយ៉ាងដើម្បីប្ដឹងមកលើប្រជាពលរដ្ឋជាច្រើនលើក ច្រើនសារថែមទៀតផង។

ពួកយើងខ្ញុំជាអ្នកតំណាងប្រជាពលរដ្ឋនៅ បុរីសន្ដិភាព២ សូមស្នើសុំ ឯកឧត្តមអភិបាល មេត្តាជួយ៖ ទី១. សូម ជួយដោះស្រាយការរំលោភកាន់កាប់ដីចំណតរថយន្តក្រុងសាធារណៈ និងជួយដោះស្រាយករណីបណ្ដឹងប្ដឹង ទៅតុលាការ។ ទី២. សូមជួយដោះស្រាយរឿងឈ្មោះ គឹម ឆន ,ឈ្មោះ គឹម យ៉ាន និងបក្ខពួកតែងតែដាក់ពាក្យ បណ្ដឹងមកប្រជាពលរដ្ឋ ទោះជាពលរដ្ឋពុំបានប្រព្រឹត្តខុសច្បាប់ក្ដី។ ទី៣. សូមជួយដោះស្រាយការរំលោភកិច្ច សន្យាជួលតូបរបស់ ក្រុមហ៊ុន7NG។ ទី៤. ស្នើសុំ សាលារាជធានីភ្នំពេញ ជួយថតចម្លងកំណត់ហេតុដែល ឯកឧត្តមអភិបាល បានសម្រុះសម្រួលពីបញ្ហាដីចំណតរថយន្តក្រុង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងទី៥. ប្រជាពលរដ្ឋនៅ បុរីសន្ដិភាព២ គាំទ្រតាមការសម្រេចរបស់ ឯកឧត្តមអភិបាល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ទាំងស្រុង។

នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ មិនបានឆ្លើយតបនឹង សំណួរអ្នកកាសែតនោះទេ តាមរយៈប្រព័ន្ធតេឡេក្រាម។ ចំណែកលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល ខណ្ឌ ពោធិសែនជ័យ ក៍ពុំអាចសុំការបំភ្លឺបានដែរ នៅវេលាខាងលើនេះ។

ទោះជាយ៉ាងកាលពីថ្ងៃទី១៧ ខែមករា មុនចូលឆ្នាំចិនលោក ឃួង សេង អភិបាល រាជធានីភ្នំពេញ មានការភ្ញាក់ ផ្អើល ខណៈឃើញតំណាងពលរដ្ឋយកញត្តិទៅដាក់នៅ សាលារាជធានីភ្នំពេញ ដោយលើកឡើងថា រឿងហ្នឹង មិនទាន់ចប់ទេ ? យូរឆ្នាំហើយ ? រីឯអ្នកទទួលញត្តិនៅសាលាក្រុងវិញក៍បានសន្យាថា នឹងកោះហៅភាគីពាក់ ព័ន្ធមកធ្វើការដោះស្រាយដើម្បីបញ្ចប់រឿង ក្រោយពីចប់បុណ្យចូលឆ្នាំចិន។

ទាក់ទងករណីខាងលើលោក គឹម យ៉ាន និងភរិយា គឹម ឆន ពុំអាចសុំការបញ្ជាក់បានទេ នៅព្រឹកថ្ងៃទី២៥ ខែ មករា ឆ្នាំ២០២៣។ ចំពោះលោកឧកញ៉ា ស្រី សុធា ម្ចាស់ក្រុមហ៊ុន7NG វិញដែលប្រើទូរស័ព្ទ០៩៥ និងមាន លេខ៧ច្រើនដង គឺមិនបានទទួលទូរស័ព្ទអ្នកកាសែត ដើម្បីសុំការបំភ្លឺបានឡើយ។ ដូច្នេះអង្គភាពយើងរង់ចាំ ការបំភ្លឺគ្រប់ពេលវេលារាល់ការពាក់ព័ន្ធខាងលើបើសិនជាមានប្រតិកម្មណាមួយកើតមានឡើង៕

លោក ស្រី ចន្ធូ អគ្គនាយក្រុមហ៊ុន7NG ត្រូវជាកូនប្រុសរបស់លោកឧកញ៉ា ស្រី សុធា !