ដោយ បាយ៉ង់ថែមស៍
ខែត្រព្រះសីហនុ៖ ដើមឡើយម៉ូតូកង់បី ដែលអ្នកធ្វើដំណើរហៅតាមប្រព័ន្ធអ៊ិនធឺណិត នៅក្រុងព្រះសីហនុ មានប្រមាណ១០គ្រឿងប៉ុណ្ណោះ ខណៈសព្វថ្ងៃមានរហូតដល់ជាង១០០គ្រឿងនៅក្រុងព្រះសីហនុ ស្របពេលទេសចរបរទេសមានការកើនឡើង និងអ្នកធ្វើដំណើរក្នុងស្រុកក៏មានការយល់ដឹងពីភាពងាយស្រួល និងយុត្តិធម៌សម្រាប់អ្នកធ្វើដំណើរ ប្រើប្រព័ន្ធ ផាសស្អែប(PassApp) នេះ ។
ផាសស្អែប(PassApp) ជាម៉ូតូកង់បី ដែលប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើប និងជាមធ្យោបាយធ្វើដំណើរផ្ដល់ភាពយុត្តិធម៌សម្រាប់អ្នកប្រើប្រាស់ ដោយអ្នកជិះ(អ្នកធ្វើដំណើរ) មិនចាំបាច់តថ្លៃឡើយ ពីព្រោះថ្លៃធ្វើដំណើរ ត្រូវបានក្រុមហ៊ុនកំណត់តម្លៃតាមចម្ងាយ(គិតជាគីឡូម៉ែត្រ)រួចជាស្រេចហើយ ។ អ្នកធ្វើដំណើរតាមម៉ូតូកង់បី ដែលមានបំណងចង់ប្រើប្រព័ន្ធនេះ ត្រូវតែដំឡើងកម្មវិធីរបស់វា ដោយទាញយកចេញពី ភ្លេយស្ទ័រ(Playstore) ឬ អែបស្ទ័រ(AppStore) ។ រួចនៅពេលអ្នកធ្វើដំណើរ ចង់ជិះម៉ូតូកង់បី គ្រាន់តែចុចលើកម្មវិធីដែលមាននៅក្នុងទូរស័ព្ទរបស់អ្នក ពេលនោះម៉ូតូកង់បី ផាសស្អែប(PassApp)នឹងមកដល់គេហដ្ឋានរបស់អ្នកធ្វើដំណើរភ្លាម ។
លើសពីនេះទៀត អ្នកធ្វើដំណើរតាមរថយន្ត លក្ខណៈឯកជនដាច់ដោយឡែក ក៏អាចប្រើប្រាស់ប្រព័ន្ធនេះបានផងដែរ ។
អ្នកចាត់ចែងទូទៅនៃក្រុមហ៊ុន ផាសស្អែប (PassApp) បានឱ្យ www.bayongtimes.com ដឹងថា ក្រុមហ៊ុនមានការអនុញ្ញញាតត្រឹមត្រូវ និង ក្រសួងមន្ទីរផ្សេងៗទទួលស្គាល់ ព្រមទាំងមានការបង់ពន្ធច្បាស់លាស់ ។
គួររំលឹកថា ខណៈនេះ ម៉ូតូកង់បី ផាសស្អែប(PassApp) កំពុងតែពេញនិយមសម្រាប់ជនបរទេស ជាពិសេសជនជាតិចិន ពួកគេចូលចិត្តធ្វើដំណើរតាមមធ្យោបាយនេះណាស់ ជាហេតុធ្វើឱ្យម៉ូតូកង់បីដទៃទៀត ដែលមិនចូលប្រព័ន្ធនឹងគេ មានការខឹងសម្បារ និង ឧស្សាហ៍បង្កជាបញ្ហារារាំង រហូតដល់មានការប្រើអំពើហិង្សាជាដើម ៕