ខែត្រព្រះសីហនុៈ តើវាគួរអាម៉ាស់មុខដែរឬទេ ? លោកជំទាវ និងឯកឧត្តម មន្រ្តីជាន់ខ្ពស់ថ្នាក់ជាតិ និង មន្រ្តីអន្តរជាតិផងដែរនោះអង្គុយប្រជុំក្នុងសាលា ឃុំកំពង់សិលា ហាក់ដូចកំពុងអង្គុយហាលភ្លៀង ខណៈ ក្រុមការងារអន្តរក្រសួងចុះពិនិត្យការអនុវត្តន៍ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និង កុមារ អាយុក្រោម២ឆ្នាំស្ថិតនៅ ភូមិថ្មី និង មណ្ឌលសុខភាព «តក្តវិទ» ឃុំកំពង់សិលា ស្រុកកំពង់សិលា ខែត្រ ព្រះសីហនុ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។ នេះយោងតាមការបង្ហើបឱ្យដឹងពីមន្រ្តីជាន់ខ្ពស់ដែល បានចូលរួមក្នុងកិច្ចប្រជុំខាងលើ។
ការប្រជុំរបស់ក្រុមការងារអន្តរក្រសួងខាងលើដឹកនាំដោយលោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលក្នុងនោះមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមាន អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម មូលនិធិជាតិជំនួយសង្គម ក្រសួងមហាផ្ទៃ ក្រសួងផែនការ ក្រសួងសុខាភិបាល តំណាងសហភាពអឺរ៉ុប មូលនិធិសហប្រជាជាតិ សម្រាប់កុមារគឺ អង្គការយូនីសិហ្វ (UNICEF) និងអាជ្ញាធរមូលដ្ឋាន។
ប្រភពពីមន្រ្តីជាន់ខ្ពស់បន្តរៀបរាប់ថា អ្វីដែលគួរឱ្យអាម៉ាស់យ៉ាងខ្លាំងបំផុតនោះគឺសាលា ឃុំកំពង់សិលា ពីដានធ្លុះធ្លាយលិចស្ទើរគ្រប់កន្លែង និងជ្រាបទឹកតាមជញ្ជាំងពេលមានភ្លៀងធ្លាក់។ ព្រោះដំបូលទំនងជាបែក បាក់មេឃុំពុំបានយកចិត្តទុកដាក់ជួសជុលទេ។ ប្រហែលជាលោកមេឃុំជាប់រវល់រាប់លុយ ឬសំឡឹងមើល តែឡានសេរីទំនើបៗ។
ប្រភពឆ្ងល់ទៀតថា សាលាឃុំដែលលោកមេឃុំអង្គុយធ្វើការរាស់ថ្ងៃ លោកពុំបានអើពើយកចិត្តទុកដាក់ ជួសជុលវាផង។ ចុះសេចក្ដីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធក្នុង ឃុំកំពង់សិលា តើសង្ឃឹម លើអ្នកណាទៅ ?
លោក ផុង គា មេឃុំកំពង់សិលា បានទទួលស្គាល់ថា សាលា ឃុំកំពង់សិលា របស់លោក មានការជ្រាបលិច ទឹកមែននៅពេលមានភ្លៀង ហើយការជ្រាបលិចទឹកតាមជញ្ជាំង និងដក់ទឹកតាមពីដានបែបនេះដោយសារ ជាងធ្វើទទឹកតូចពេកពេលភ្លៀងខ្លាំងវាហូរមិនទាន់ក៏ហៀរហូរតាមជញ្ជាំង និងពីដាន។ លោកបញ្ជាក់ថា បញ្ហា នេះទើបចាប់ផ្ដើមមាននៅរដូវវស្សា ឆ្នាំ២០២២ នេះ។
គួរបញ្ជាក់ថា អគារសាលា ឃុំកំពង់សិលា នេះជាអំណោយឧបត្ថម្ភពីឯកឧត្តម យន្ត មីន អតីតអភិបាល ខែត្រ ព្រះសីហនុ សាងសង់ឡើងក្នុង ឆ្នាំ២០១៨ ដែលមិនមែនប្រើប្រាស់ថវិកាជាតិតាមរយៈ ក្រសួងមហាផ្ទៃ នោះ ទេ៕ Samuth Tel