តើខ្មែរបំពុលសុខភាពខ្មែរឬវៀតណាមបំពុលខ្មែរ ? ស៊ុតហាមឃាត់នៅវៀតណាមត្រូវក្រុមឈ្មួញខិលខូចនាំចូលមកលក់នៅស្រុកខ្មែរសមត្ថកិច្ចគ្រប់ជំនាញនៅច្រកទ្វារភ្នំដិនធ្វើមិនដឹង

0
461

ដោយ បាយ៉ង់ថែមស៍

ខែត្រតាកែវៈ ស៊ុតដែលរដ្ឋហាមឃាត់មិនឱ្យលក់នៅ ប្រទេសវៀតណាម ត្រូវបានក្រុមឈ្មួញខិលខូចលួចនាំ ចូលមកលក់នៅស្រុកខ្មែរក្នុងមួយៗខែរាប់សិបឡាន និងរ៉ឺម៉កតាម ច្រកទ្វារអន្តរជាតិភ្នំដិន ឃុំភ្នំដិន ស្រុកគិរីវង់ ខែត្រតាកែវ យ៉ាងអនាធិបតេយ្យបំផុត ទាំងយប់ទាំងថ្ងៃ រីឯណាសមត្ថកិច្ចវិញនៅច្រកទ្វារនោះគ្រប់ផ្នែកបិទភ្នែក ធ្វើមិនដឹងដូចគ្មានរឿងអ្វីកើតឡើងទាល់តែសោះ។ នេះបើយោងតាមការឱ្យដឹងពីក្រុមអាជីវករប្រកបរបរត្រឹម ត្រូវរកស៊ីដឹកទំនិញចេញចូលតាមច្រកព្រំដែននោះដែល បាយ៉ង់ថែមស៍ ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចេញសារាចរណែនាំមួយ ស្ដីពីវិធានការទប់ស្កាត់ជំងឺ ផ្ដាសាយបក្សីលេខ០៨៧ សរណន កសត ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ខណៈនៅប្រទេសវៀតណាម ផ្ទុះជំងឺផ្ដាសាយបក្សីនៅភាគខាងត្បូងនៃ ខែត្រត្រាវិញ ដោយសារព័ត៌មាននៅប្រទេសវៀតណាមបានចុះ ផ្សាយកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ពីការផ្ទុះជំងឺផ្ដាសាយបក្សី និងរដ្ឋរបស់គេបានកម្ទេចសត្វបក្សីចំនួន ៥៥,០០០ក្បាល ព្រមទាំងហាមមិនឱ្យលក់ផលិលផលកសិកម្មចេញពីបក្សីមានដូចជា ស៊ុត ចាប់ពីពេល នោះមកតែឈ្មួញខ្មែរយើងបានដឹកវាទាំងឡានៗ និងរ៉ឺម៉កចូលមកស្រុកខ្មែរតាម ច្រកទ្វារអន្តរជាតិភ្នំដិន ខែត្រតាកែវ យកមកចែកចាយទៅតាមបណ្ដាខែត្រនានា និង រាជធានីភ្នំពេញ។

នៅក្នុងសារាចរណែនាំរបស់ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានហាមមិនឱ្យមានការនាំចូលសត្វបក្សី និង ផលិតផលកសិកម្មដូចជា ស៊ុត ខុសច្បាប់តាមច្រកព្រំដែន និងចរាចរពីតំបន់មួយទៅតំបន់មួយ ជាដើម ឡើយ។

បើគេក្រឡេកមើលនៅ ច្រកទ្វាអន្តរជាតិភ្នំដិន សព្វថ្ងៃនេះឈ្មួញខិលខូចដែលល្បីល្បាញខាងនាំស៊ុតពី ប្រទេស វៀតណាមចូលមកប្រទេសកម្ពុជាទាំងឡានៗមានឈ្មោះ ចែសារឿន ចែមុំ លោក ពេក និង លោក ធុន ប្ដីចែមុំ ។ រីឯសមត្ថកិច្ចដែលល្បីខាងកាងរ៉ឺម៉កដឹកស៊ុតឱ្យឈ្មួញគឺលោក ញឹម សុខលី មេប៉ុស្តិ៍រង ស្ដីទីច្រកព្រំដែនភ្នំដិន ។ លោក ញឹម សុខលី ជាអ្នកកាងរ៉ឺម៉កឱ្យឈ្មួញជាង១០រ៉ឺម៉កក្នុងមួយថ្ងៃគាត់កាងឱ្យ ចែមុំ លោក ពេក និង លោក ធុន ប្ដីចែមុំ ផងដែរ។

ដោយឡែក ចែសារឿន អាជីវករដឹកស៊ុតពីប្រទេសវៀតណាម ដ៏ល្បីជាងគេនោះក្នុងមួយថ្ងៃៗជាមធ្យមនាំចូល ស៊ុតចំនួន៧ឡានក្នុងនោះ គឺឡានសាំយ៉ុង៦ឡាន ឡានកូរ៉េចំណុះ២តោនចំនួន១ឡានទៀត។

ទាំងឈ្មួញ ទាំងសមត្ថកិច្ចគ្រប់ផ្នែកនៅ ច្រកព្រំខ្មែរវៀតណាមភ្នំដិន ស្រុកគិរីវង់ ខែត្រតាកែវ ពុំអាចសុំការ បញ្ជាក់បានទេអំពីការនាំចូលស៊ុតពីប្រទេសវៀតណាមខាងលើថា តើនាំចូលដោយស្របច្បាប់ ឬខុសច្បាប់ នោះឡើយនៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។

លោក អ៊ូច ភា អភិបាល ខែត្រតាកែវ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នេះថា លោកមិនបានទទួលអំពី ព័ត៌មាននេះទេ ប៉ុន្តែលោកនឹងឱ្យគេចុះត្រួតពិនិត្យមើល។

ប៉ុន្តែគួរដាក់ការសង្ស័យថា បើការនាំចូល ស៊ុតទាំងឡាន​ ទាំងរ៉ឺម៉ក នោះស្របច្បាប់មិនចាំបាច់មានមេប៉ុស្តិ៍រង ស្ដីទីលោក ញឹម សុខលី កាងឱ្យឡើយ។ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួងមាន សមត្ថកិច្ចពាក់ព័ន្ធគួរបើកការស៊ើបអង្កេតបញ្ហាអនាធិបតេយ្យនេះផង៕