តើខែត្រព្រះសីហនុ មានគ្រោះភ័យអន្តរាយគំរាមកំហែង ដូចពាក្យចចាមអារាមដែរឬទេ គិតត្រឹមរសៀលថ្ងៃទី១៣តុលា ?

0
315

ដោយ តិល សាមុត

ខែត្រព្រះសីហនុ៖ អាកាសធាតុក្នុងខេត្តព្រះសីហនុ នៅតែមានភ្លៀងធ្លាក់រាយប៉ាយស្ទើរគ្រប់ទីកន្លែង ប៉ុន្តែពុំមានជំនន់ទឹកភ្លៀងគំរាម កំហែងដូចការលើកឡើងរបស់គណនីក្នុងបណ្ដាញសង្គមនោះឡើយ គិតត្រឹមរសៀលថ្ងៃ១៣ តុលា ២០២០ ។ នេះបើយោងតាមការលើឡើង និងការបញ្ជាក់របស់រដ្ឋបាលស្រុកពីរ និង ក្រុងព្រះសីហនុ ។

ស្ថានភាពតាមផ្លូវជាតិនានា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ជាពិសេសផ្លូវជាតិលេខ៣និងលេខ៤ ពុំមានជំនន់ទឹកភ្លៀង រំខានដល់ការធ្វើដំណើរឆ្លងកាត់ឡើយ នៅរសៀលថ្ងៃ១៣ តុលា ។ ដោយឡែកស្ថានភាពលើផ្ទៃសមុទ្រ កម្លាំងខ្យល់បក់បង្គួរនិងទឹករលកបោកបក់ក្នុងកំរិតមធ្យម ប៉ុន្តែស្ថានភាពបែបនេះមិនបង្កឱ្យមានការរំខាន រឺបញ្ហាគួរឱ្យកត់សំគាល់ទេ ។

ទោះជាយ៉ាងនេះក្តី ក្រសួងធនធានទឹកនិងឧត្តុនិយម ព្រមទាំងរដ្ឋបាលខែត្រព្រះសីហនុ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះធម្មជាតិផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។ និងជាពិសេសត្រូវតាមដានស្ថានភាពអាកាសធាតុជាប្រចាំដើម្បីគ្រប់គ្រងស្ថានការណ៍ ។

លោកអភិបាលស្រុកព្រៃនប់មិនអាចសុំការបញ្ជាក់បានទេ ប៉ុន្តែលោកស្រី វាល់ ច័ន្ទវលក្ខណ៍ នាយករដ្ឋបាលសាលាស្រុកព្រៃនប់ មានប្រសាសន៍អោយដឹងថា មិនមានបញ្ហាអ្វីសោះក្នុងភូមិសាស្ត្រស្រុកព្រៃនប់ទាំងផ្លូវជាតិលេខ៣ និងលេខ៤ គឺមិនមានរងផលប៉ះពាល់ទាំងអស់ ។

លោកស្រីសង្កត់ធ្ងន់ថា ទោះជាយ៉ាងនេះក៏ដោយ សាលាស្រុកកំពុងតែយកចិត្តទុកដាក់តាមដានស្ថានភាពអាកាសធាតុជាប់ជានិច្ច ហើយភ្លៀងល្មមៗប៉ុណ្ណឹងមិនមានជាបញ្ហាទេ លុះត្រាតែភ្លៀងខ្លាំងមួយយប់មួយថ្ងៃជាប់គ្នាទើបអាចបង្កជាគ្រោះធម្មជាតិជាយថាហេតុបាន ។

ដូចគ្នានេះដែរ លោកអភិបាលស្រុកកំពង់សីលា បានអោយ បាយ៉ង់ថែមស៍ ដឹងតាមប្រព័ន្ធតេឡេក្រាមកាលពីរសៀលថ្ងៃទី១៣ តុលាថាស្ថានភាពនៅផ្លូវជាតិលេខ៤ មានលក្ខណៈធម្មតា ពុំមានទឹកឡើងនោះទេ ។

 

ចំណែកនៅក្រុងព្រះសីហនុ ពុំមានកន្លែងណាជន់លិចដោយសារទឹកភ្លៀងនោះទេ គ្រាន់តែមានទឹកចាល់ខ្ហះមួយរយៈខ្លីៗប៉ុណ្ណោះ ការធ្លាក់ភ្លៀងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ។ ប៉ុន្តែនៅសង្កាត់លេខ១ក្រុមទី១០ ទី១១ ក្រុងព្រះសីហនុ មានទឹកចូលភូមិផ្ទះខ្លះបណ្ដាលមកពីការទប់ទំនប់របស់ក្រុមហ៊ុន អានកូ ដើម្បីកុំអោយទឹកកខ្វក់ហូរចូលក្នុងទឹកស្អាតក្បាលឆាយប៉ុណ្ណោះ ។ នេះយោងតាមការអធិប្បាយប្រាប់ពីលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ។

 

គួររំឮកថា ផ្លូវជាតិលេខ៤ស្ថិតក្នុងភូមិសាស្រ្តស្រុកកំពង់សីលា ខែត្រព្រះសីហនុ តែងមានទឹកភ្លៀងជន់លិចស្ទើររាល់ឆ្នាំ ប៉ុន្តែគួរជាទីរីករាយអបអរ ដោយឆ្នាំ២០២០នេះ ពុំទាន់មានបញ្ហាអ្វីធ្វើអោយរងការប៉ះពាល់ គ្រោះភ័យអន្តរាយឡើយ ៕