តុលាការសម្រេចឃុំខ្លួនលោក លី សាម៉េត ហៅ គ្រូមា ក្នុងសំណុំរឿងឆបោក

0
214

ភ្នំពេញៈ ចៅក្រមស៊ើបសួរ ថោង ផល្លារង្សី នៃសាលាដំបូង រាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទឈ្មោះ លី សាម៉េត ហៅ គ្រូមា ទៅមណ្ឌលអប់រំកែប្រែទី១ “ម១” ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ចុះថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នលេខ៨៤៥០ ដ.ព.ស របស់ចៅក្រមស៊ើបសួរ បានបង្គាប់មានបីចំណុចក្នុងនោះមាន ទី១.ឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ លី សាម៉េត ភេទប្រុសកើតថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៥៣ ទៅមណ្ឌលអប់រំកែប្រែទី១ «ម១» ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។ ទី២.ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី១ «ម១» ទទួល និងឃុំខ្លួនជននេះ រហូតដល់មានបញ្ជាថ្មីសម្រេចផ្សេងពីនេះ និងទី៣.ឱ្យគ្រប់ភ្នាក់ងារ នៃកងកម្លាំងសាធារណៈទាំងអស់សហការអនុវត្តឱ្យបានល្អនៅពេលដីកានេះ ត្រូវបានបង្ហាញក្នុងករណីចាំបាច់។

លោក លី សាម៉េត ត្រូវបានដាក់ក្រោមការពិនិត្យពី « បទឆបោក » ប្រព្រឹត្តនៅ រាជធានីភ្នំពេញ កាលពី ខែកញ្ញា ឆ្នាំ២០២២ និង ខែតុលា ឆ្នាំ២០២២ តាមបញ្ញត្តិ មាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។

លោក លី សាម៉េត មានវ័យ៧១ឆ្នាំ ជាមនុស្សមិនចេះអក្សរ (មោឃ ) មានទីកន្លែងកំណើត ភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខែត្រកណ្ដាល។ លោក គ្រូមា ស្នាក់នៅ បុរីរិទ្ធ ផ្ទះលេខអិល១៣ និងផ្ទះលេខ៦អា សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ប្រពន្ធឈ្មោះ សាម ចេង មានកូនចំនួន៦នាក់។

គួរបញ្ជាក់ថា លោក លី សាម៉េត ហៅ គ្រូមា កាលនៅមានអំណាចឥទ្ធិពលខ្លាំងដើរទៅណាមកណាមានអង្គរក្ស ហែរហមឆ្វេងស្ដាំ ជាពិសេសនៅពេលធ្វើបុណ្យទានម្ដងៗមានមនុស្សជាច្រើននាក់នាំគ្នាសែងគាត់ដូច « ស្ដេច » អីចឹង។ ក៍ប៉ុន្តែការរកស៊ីដើរបោកប្រាស់របស់គាត់ គឺបានអស់លក្ខណ៍ហើយ…៕