តុលាការខេត្តរតនគិរីដោះលេងមេឈ្មួញឈើម្នាក់ស្ងាត់ៗដោយពុំដឹងមូលហេតុ

0
283

ដោយ: យក្សឡោម
រតនគិរី: ជំនួញឈើនៅ ខេត្ដរតនគិរី បានចាប់ផ្ដើមកម្រើកឡើងវិញហើយនៅលើ ទីផ្សារវៀតណាមជាប់ព្រំដែន ស្រុកអូរយ៉ាដាវ គឺក្រោយពីថ្នាក់ជាតិចុះបង្ត្រាបឲ្យស្ងប់ស្ងាត់មួយរយ:ពេលខ្លី។ អ្វីដែលគួរឱ្យកាត់សម្គាល់នោះ តុលាការខេត្តនេះដោះលែងមេឈ្មួញឈើម្នាក់ស្ងាត់ៗដោយពុំដឹងមូលហេតុបន្ទាប់ពីប៉ូលិសបង្ក្រាបបាននាពេល
ថ្មីៗនេះ។ ​

ប្រភពពី ស្រុកអូរយ៉ាដាវ បានឲ្យដឹងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះថាថ្មីៗនេះគេសង្កេតឃើញពួក ឈ្មួញមួយចំនួនបានប្រើរូបភាពផ្សេងៗគ្នាសម្រុកដឹកឈើមិនស្របច្បាប់ទៅលក់ឲ្យវៀតណាមតាមច្រករបៀង និងច្រកទ្វារអន្ដរជាតិអូរយ៉ាដាវ ជារៀងរាល់ថ្ងៃដែលប្រព្រឹត្តទៅយ៉ាងរលូនជាទីបំផុតដោយគ្មានការរំខានពីសំ ណាក់អាជ្ញាធរមានសមត្ថកិច្ចឡើយ។

ប្រភពបានឲ្យដឹងទៀតថា ឈ្មួញខ្លះយករថយន្ដទេសចរណ៍បន្លំដឹកធ្យូងបង្កប់ឈើពីខាងក្រោមបើកចេញតាម ច្រកទ្វារអន្ដរជាតិអូរយ៉ាដាវ។ ឈ្មួញខ្លះទៀតជួលម៉ូតូកែច្នៃជាច្រើនគ្រឿងដឹកឈើតាម ច្រករបៀង ភូមិឡុំ និង ភ្នំក្រហមដើម្បីធ្វើអាជីវកម្មចំណែកសមត្ថកិច្ចពាក់ព័ន្ធដែលឈរជើងនៅទីតាំងទាំងនោះមិនសូវអើពើធ្វើការបង្ត្រាបឲ្យបានទាន់ពេលវេលានោះទេ គឺពួកគេច្រើនតែធ្វើមើលមិនឃើញក្រុមឈ្មួញឈើទាំងនោះទៅវិញ។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០អាជ្ញាធរខេត្តបានទទួលដំណឹងពីការធ្វើសកម្មភាពរបស់ពួក ឈ្មួញទាំងនោះរួចក៍ចេញបញ្ជាឲ្យកម្លាំងប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដចុះទៅបង្រ្កាប ដល់ទីកន្លែង ទុកឈើស្ថិតក្នុង ភូមិឡុំ ឃុំប៉កញ៉ៃ ស្រុកអូរយ៉ាដាវ ដែលឈ្មួញបម្រុងដឹកឈើចេញទៅលក់ឱ្យវៀតណាម។

យុទ្ធនាការបង្រាបបទល្មើសនោះ សមត្ថកិច្ចបានរកឃើញឈើកាត់ អារឡាំងរួច ចំនួន៣០កំណាត់ ដែលមាន មុខកាត់ធំៗ ហើយក៍បានរឹបអូសឈើ និងម៉ូតូកែច្នៃមួយគ្រឿងព្រមទាំងឈានទៅដល់ការឃាត់ខ្លួនមនុស្សម្នាក់ ឈ្មោះ ផន សុខនី ប្រគល់ឲ្យទៅ តុលាការ ខេត្ដរតនគិរី ដើម្បីចាត់ការតាមផ្លូ​វច្បាប់។

លោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា ស្នងការរងទទួលផែន ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដែលបានដឹកនាំកម្លាំង ចុះទៅបង្រ្តាបឈើខុសច្បាប់នៅទីតាំងខាងលើបានប្រាប់ក្រុមអ្នកយកព័ត៌មានប្រចាំខេត្ដឲ្យដឹងថា ឈើដែលរឹប អូសបាននោះមានចំនួន៣០កំណាត់ជាប្រភេទ ឈើសុក្រំ ស្រឡៅ និង ផ្ចឹក។

ស្នងការរងខេត្តបានបញ្ជាក់ទៀតថា ក្រោយពីបង្ក្រាបរួចឈើនិងម៉ូតូមួយគ្រឿងត្រូវបានធ្វើកំណត់ ហេតុប្រគល់ ឲ្យមេព្រៃបរកែវ ចាត់ការបន្ដ។ ចំណែកជនសង្ស័យជាថៅកែឈើឈ្មោះ ផន សុខនី ភេទប្រុសអាយុ៤៤ឆ្នាំ ជនជាតិខ្មែរដែលមានទីលំនៅ ភូមិ២ សង្កាត់កាចាញ ក្រុងបានលុង បានប្រគល់ឲ្យទៅតុលាការខេត្តដើម្បី បន្ដចាត់ការតាមនីតិវិធី។

ប្រភពពីតុលាការ ខេត្តរតនគិរី បានបង្ហើបប្រាប់ថា ជនសង្ស័យឈ្មោះ ផន សុខនី ដែលមានទីលំនៅដូចខាង លើត្រូវបានតុលាការសម្រេចដោះលែងឲ្យមានសេរីភាពវិញនៅល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ហើយ ក្រោយពេលសាកសួររួច។ គេពុំបានដឹងអំពី មូលនៃការដោះលែងនោះទេ។

គួរបញ្ជាក់ថា រឿងនេះដើម្បីកុំកើតមានដដែលៗពីការកាប់បំផ្លាញព្រៃឈើ គឺមានតែលោកឧត្ដមសេនីយ៍ សៅ សុខា មេប៉េអឹមផ្ទៃប្រទេស ទទួលបន្ទុកប្រឆាំងបទល្មើសព្រៃឈើ និងលោក ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ គួរតែបើកការស៊ើបអង្គេតពីករណីនេះដើម្បីកុំឱ្យមេខ្មូតបំផ្លាញឈើរូបនេះ មានឱកាស កាប់បំផ្លាញព្រៃឈើតទៅទៀត៕