ដោយៈ បាយ៉ង់
ព្រះសីហនុៈ មានតែស្ថាប័នតុលាការ ខែត្រព្រះសីហនុ តែប៉ុណ្ណោះដែលគោរពច្បាប់គតិយុត្តនៅមានជាធរមាន តែហេតុអ្វីអាជ្ញាធរមូលដ្ឋាន សង្កាត់លេខ១ ក្រុងព្រះសីហនុ និង ខែត្រព្រះសីហនុ អនុវត្តកិច្ចការងាររដ្ឋបាលផ្ទុយពីប្រកាសរបស់ ក្រសួងមហាផ្ទៃ ជាហេតុបណ្ដាលឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំឈ្លោះគ្នាឡើងវ៉ល់រំខានដល់ការប្រកបរបរទទួលទានប្រចាំថ្ងៃយ៉ាងដូច្នេះ ?
ដីតែមួយកន្លែងគឺ «តំបន់អូរដំរី» ដែលរដ្ឋបាល ស្រុកស្ទឹងហាវ បានគ្រប់គ្រងតាំងពី ឆ្នាំ១៩៨៥ យកត្រឹម ស្ពានព្រែកត្រែង ជាព្រំប្រទល់ និងកំណត់យកអូរខណ្ឌសីមាចែកជាព្រំប្រទល់ដែនរដ្ឋបាលដែលអាជ្ញាធរ ស្រុកស្ទឹងហាវ បានចេញលិខិតស្នាមផ្សេងៗជូនប្រជាពលរដ្ឋរស់នៅ «តំបន់អូរដំរី» នេះរហូតមក។ ស្រាប់តែនៅ ឆ្នាំ២០១៥ គេបានឃើញរដ្ឋបាល ក្រុងព្រះសីហនុ ក៍បានចេញលិខិតស្នាមផ្សេងៗជូនប្រជាពលរដ្ឋដែលរស់នៅតំបន់នេះដោយអះអាងថា «តំបន់អូរដំរី» ស្ថិតក្នុងដែនរដ្ឋបាលរបស់ខ្លួនជាហេតុធ្វើឱ្យទំនាស់ដីធ្លីនៅ «តំបន់អូរដំរី» កាន់តែតានតឹងស្មុគស្មាញពិបាកដោះស្រាយ។
នេះបើយោងតាមលិខិតបទដ្ឋានព្រមទាំងឯកសារគតិយុត្តនានាជាច្រើនដែលអង្គភាព «បាយ៉ង់ថាមស៍» បានរកឃើញតាមរយៈការសិក្សាតាមដានអស់រយៈពេលជិត១០ឆ្នាំគឺតាំងពី ឆ្នាំ២០១៦ និងយោងតាមព្រឹត្តិ ការណ៍ស្រែកឈ្លោះប្រកែកគ្នារវាងពលរដ្ឋ និងពលរដ្ឋដែលបានកើតឡើងជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ អំឡុងពេលដំណើរការចុះវាស់វែងដីធ្លីដើម្បីស្រង់ទិន្នន័យដីមានទំនាស់ «តំបន់អូរដំរី» របស់ក្រុមការងារសាលា ខែត្រព្រះសីហនុ ដើម្បីដោះស្រាយវិវាទនាពេលកន្លងទៅ។
មួយរយៈពេលចុងក្រោយនេះរដ្ឋបាល ខែត្រព្រះសីហនុ បានចេញលិខិតផ្សេងៗដូចជា សេចក្ដីជូនដំណឹង និងលិខិតបង្គាប់ការលេខ០០៤/២៤ លបក ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ចាត់តាំង មន្រ្តីរាជការសាលាខែត្រ មន្រ្តីនៃមន្ទីរ អង្គភាពពាក់ព័ន្ធឱ្យចុះវាស់វែងស្រង់ទិន្នន័យក្បាលដីទីតាំងមានទំនាស់នៅ «តំបន់អូរដំរី» ក៍ដាក់ថា «តំបន់អូរដំរី» ស្ថិតក្នុងដែនរដ្ឋបាល ក្រុងព្រះសីហនុខែត្រព្រះសីហនុ ខណៈពេលប្រកាសរបស់ ក្រសួងមហាផ្ទៃ លេខ៤៩៣ ប្រ.ក ស្ដីពីការកំណត់ចំនួនឈ្មោះ និងព្រំប្រទល់ ឃុំសង្កាត់ ទូទាំង ព្រះរាជាណា ចក្រកម្ពុជា ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០១ ដែលចុះហត្ថលេខាដោយ សហរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ គឺសម្ដេចក្រឡាហោម ស ខេង និងឯកឧត្តម យូ ហុកគ្រី នៅមានសុពលភាពជាធរមាននៅឡើយ។
«តំបន់អូរដំរី» (អតីត) ស្ថិតនៅ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ ដែល (បច្ចុប្បន្ន) គេចាត់ទុកថា ស្ថិតក្នុង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ។
«តំបន់អូរដំរី» ទឹកដីតែមួយកន្លែងសោះ ប៉ុន្តែមានការអះអាងពីដែនរដ្ឋបាលខុសៗគ្នា។ ចៅ សង្កាត់លេខ១ ក្រុងព្រះសីហនុលោក ឈិត សូផាត អះអាងទៅតាមទម្លាប់ដែលមិនមានមូលដ្ឋានច្បាប់ច្បាស់លាស់ដោយបានលើកឡើងថា កងជីវពលខាងសង្កាត់លោកធ្លាប់ទៅយាមកាមដល់រោងចក្រប្រេងកាតក្នុង ទស្សវត្សរ៍៩០ប្លាយ។ ក្នុងន័យនេះលោកចៅ សង្កាត់លេខ១សំដៅថា ព្រំប្រទល់ សង្កាត់លេខ១ ក្រុងព្រះសីហនុ គឺចាប់ពីរោងចក្រប្រេងកាត (ហួសស្ពានព្រែកត្រែង) គឺស្ថិតក្នុង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ជា «សង្កាត់ លេខ១»។
ចំណែកមេ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ គឺលោក ហ៊ូ សុផាត និងអតីតអភិបាល ស្រុកស្ទឹងហាវ លោក មាស ហាន់ និងលោក ឆាយ សុគន្ធដា បានលើកឡើងតាមទិដ្ឋភាពច្បាប់គឺផ្អែកលើប្រកាសរបស់ ក្រសួងមហាផ្ទៃ លេខ៤៩៣ ប្រ.ក ស្ដីពីការកំណត់ចំនួនឈ្មោះ និងព្រំប្រទល់ ឃុំសង្កាត់ទូទាំង ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០១ ដែលចុះហត្ថលេខាដោយ សហរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ គឺសម្ដេចក្រឡាហោម ស ខេង និងឯកឧត្តម យូ ហុកគ្រី ថា ប្រកាសដែលជាក្រាំងច្បាប់បានបែងចែកព្រំប្រទល់ ឃុំសង្កាត់ទូទាំងប្រទេស។ ដូច្នេះមានន័យថា ព្រំប្រទល់ ស្រុកស្ទឹងហាវ គឺគិតត្រឹមស្ពានព្រែកត្រែង យកអូរជាព្រំសីមាខណ្ឌចែក ស្រុកស្ទឹងហាវ និង ក្រុងព្រះសីហនុ។
ដោយឡែកលោក អភិបាលរង ខែត្រព្រះសីហនុ ម្នាក់សុំមិនបញ្ចេញឈ្មោះ និងប្រជាពលរដ្ឋភាគីទំនាស់ដីធ្លីនៅ «តំបន់អូរដំរី» គឺបក្ខពួកគូកនលោកស្រី ហ៊ឹម សុវណ្ណរី អះអាងថា ព្រំប្រទល់រដ្ឋបាល ស្រុកស្ទឹងហាវ និង សង្កាត់លេខ១ ក្រុងព្រះសីហនុ គិតត្រឹមស្ពាន «ហុងទឹក» គឺហួសស្ពានព្រែកត្រែង ដែលផ្អែកលើផែនទីឧបសម្ព័ន្ធ នៃព្រះរាជក្រឹត្យ និងអនុក្រឹត្យ។
ព្រះរាជក្រឹត្យ លេខ នស/រកត/ ១២០៨/១៣៨៥ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៨ ខាងលើគឺត្រាស់បង្គាប់ឱ្យកាត់ ដីពី ខែត្រកោះកុង មួយផ្នែកចូលមក ខែត្រព្រះសីហនុ និងត្រាស់បង្គាប់ឱ្យប្ដូរឈ្មោះ ក្រុងព្រះសីហនុ ទៅជា ខែត្រព្រះសីហនុ។
មាត្រា១: ត្រូវបានកែសម្រួលព្រំប្រទល់រដ្ឋបាល ក្រុងព្រះសីហនុ និង ខែត្រកោះកុង ដោយកាត់យក ស្រុកកំពង់សិលាទាំងមូល និងដីមួយផ្នែកនៃ ស្រុកស្រែអំបិល ខែត្រកោះកុង ឱ្យមក ក្រុងព្រះសីហនុ។ ផ្អែកតាមការកែសម្រួលនេះ ព្រំប្រទល់រដ្ឋបាល ក្រុងព្រះសីហនុ និង ខែត្រកោះកុង ត្រូវបានកំណត់ដូចមាននៅក្នុងផែនទីឧបសម្ព័ន្ធ នៃព្រះរាជក្រឹត្យនេះ។
មាត្រា២: ត្រូវបានប្ដូរ ក្រុងព្រះសីហនុ ទៅជា ខែត្រព្រះសីហនុ។ មាត្រា៣: ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងខែត្រព្រះសីហនុ ត្រូវអនុលោមទៅតាមច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខែត្រ ក្រុង ស្រុក ខណ្ឌ។ មាត្រា៤: បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពី ព្រះរាជក្រឹត្យ នេះត្រូវទុកជានីរាករណ៍។
ចំណែក អនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០០៩ គឺស្ដីពីការប្ដូរខណ្ឌ នៃខែត្រព្រះសី ហនុ ទៅជាក្រុង និងទៅជាស្រុក ព្រមទាំងប្ដូរសង្កាត់ទៅជា ឃុំ ឯណោះទៅវិញទេ។ ក្នុងនោះមាន ខណ្ឌមិត្ត ភាព ទៅជា ក្រុងព្រះសីហនុ ខណ្ឌស្ទឹងហាវ ទៅជា ស្រុកស្ទឹងហាវ ខណ្ឌព្រៃនប់ ទៅជា ស្រុកព្រៃនប់ និង សង្កាត់អូរត្រេះ ទៅជា ឃុំអូរត្រេះ។ល។ គឺពុំឃើញមានចែងពីការបែងចែកព្រំប្រទល់ស្រុកនិងស្រុក ក្រុងនិងស្រុក ឡើងវិញនោះឡើយ។ ហេតុដូច្នេះព្រះរាជក្រឹត្យ និងអនុក្រឹត្យ ខាងលើនេះពុំបានសង្កត់ធ្ងន់លើព្រំប្រទល់រវាង ស្រុកស្ទឹងហាវ និង ក្រុងព្រះសីហនុ នោះទេ។
ទាក់ទងនឹង «តំបន់អូរដំរី» ស្ដីពីព្រំប្រទល់ដែនរដ្ឋបាលរវាង ស្រុកស្ទឹងហាវ និង ក្រុងព្រះសីហនុ នេះទៀត សោតអាណត្តិដឹកនាំនៃអភិបាល ខែត្រព្រះសីហនុ ផ្សេងគ្នាបែងចែកតំបន់រដ្ឋបាលក៍ផ្សេងគ្នាដែរដូចជា: ១.អាណត្តិដឹកនាំ នៃអភិបាលខែត្រព្រះសីហនុ ឯកឧត្តម ស្បោង សារ៉ាត់ «តំបន់អូរដំរី» ត្រូវបានគេថា ស្ថិតក្នុងដែនរដ្ឋបាល ស្រុកស្ទឹងហាវ។
២.អាណត្តិដឹកនាំដោយ ឯកឧត្តម ឈិត សុខុន «តំបន់អូរដំរី» ប្រែជាដាក់ក្នុងដែនរដ្ឋបាល ក្រុងព្រះសីហនុ សង្កាត់លេខ១ពេលនោះលោក ជិន សារិន ជាអភិបាល ក្រុងព្រះសីហនុ ដែលបានចាប់ផ្ដើមចេញលិខិតបញ្ជា ក់ដីធ្លីដាក់ «តំបន់អូរដំរី» ក្នុងដែនរដ្ឋបាលគ្រប់គ្រងដោយ ក្រុងព្រះសីហនុ សង្កាត់លេខ១។
៣.អាណត្តិដឹកនាំដោយ ឯកឧត្តម យន្ត មីន «តំបន់អូរដំរី» ត្រឡប់មកដាក់ក្នុងដែនរដ្ឋបាល ស្រុកស្ទឹងហាវ វិញព្រោះ ឯកឧត្តម យន្ត មីន អនុវត្តកិច្ចការរដ្ឋបាលយោងទៅតាមប្រកាសលេខ៤៩៣ របស់ ក្រសួងមហាផ្ទៃ ខាងលើនៅជាធរមាន។
៤.អាណត្តិដឹកនាំដោយ ឯកឧត្តម គួច ចំរើន គ្រាដំបូង «តំបន់អូរដំរី» រដ្ឋបាល ខែត្រព្រះសីហនុ នៅប្រើជាដែនរដ្ឋបាលស្រុកស្ទឹងហាវ ដដែល។ ស្រាប់តែមួយរយៈពេលចុងក្រោយនេះបែរជាប្រើថា «តំបន់អូរដំរី» ស្ថិតក្នុង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ គឺជាដែនរដ្ឋបាលគ្រប់គ្រងរបស់ សង្កាត់ លេខ១ ក្រុងព្រះសីហនុ រហូតមកដល់បច្ចុប្បន្ន។
តើហេតុអ្វីប្រកាសរបស់ ក្រសួងមហាផ្ទៃ នៅមានជាធរមានសោះម្ដេចមិននាំគ្នាគោរពមិនអនុវត្តតាម ? តើដើម្បីអ្វីបានជាបុគ្គលមួយចំនួនអាងខ្លួនមានអំណាច មានឥទ្ធិពលចេះតែនាំគ្នាបកស្រាយកាឡៃសន្មតស្រេចលើមាត់របស់ខ្លួនច្បាប់មានម្ដេចមិនគោរពអីចឹង ?
ទាក់ទិននឹងដែនរដ្ឋបាលនេះគេកត់សម្គាល់ឃើញតែប្រព័ន្ធតុលាការ ខែត្រព្រះសីហនុ ប៉ុណ្ណោះនៅគោរពតាម ប្រកាសរបស់ ក្រសួងមហាផ្ទៃ ខាងលើគឺប្រើពាក្យពេចន៍ដាក់ «តំបន់អូរដំរី» ស្ថិតក្នុងដែនរដ្ឋបាលគ្រប់គ្រងដោយ ស្រុកស្ទឹងហាវដដែល។
បើយោងតាមទឡ្ហីករណ៍តឹកតាង និងសូចនាករណ៍ ខាងលើ និងបន្ថែមខាងក្រោមនេះ តើប្រជាពលរដ្ឋរស់ នៅ «តំបន់អូរដំរី»ស្ថិតក្នុងរដ្ឋបាលគ្រប់គ្រង ស្រុកស្ទឹងហាវ ឬក្នុងរដ្ឋបាល ក្រុងព្រះសីហនុ ?
បន្ទាប់ពី ព្រះរាជក្រឹត្យ លេខ នស/រកត/១២០៨/១៣៨៥ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៨ ស្ដីពីកាត់ដីពី ខែត្រកោះ កុង មួយផ្នែកចូលមក ខែត្រព្រះសីហនុ និងស្ដីពីការប្ដូរឈ្មោះ ក្រុងព្រះសីហនុ មក ខែត្រព្រះសីហនុ ចូលជាធរមានបានជាងកន្លះឆ្នាំរដ្ឋបាល ខែត្រព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម ស្បោង សារ៉ាត់ បានបើកកិច្ចប្រជុំទ្រង់ទ្រាយធំមួយដែលមានសមាជិកចូលរួមចំនួន៧៧នាក់នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០០៩ ស្ដីអំពីឆ្លងផែនទីព្រំប្រទល់រដ្ឋបាល ឃុំ សង្កាត់ ក្រុង ស្រុក ខែត្រព្រះសីហនុ និងផែនទីកោះរបស់ ខែត្រព្រះសីហនុ។ ចំណុចទីIII នៃខ្លឹមសាររបស់កិច្ចប្រជុំនេះបានសរសេរថា យកត្រឹមស្ពានព្រែកត្រែង ជាព្រំប្រទល់រវាង ស្រុកស្ទឹងហាវ និង ក្រុងព្រះសីហនុ ដោយយកអូរខណ្ឌចែកព្រំប្រទល់អនុលោមតាម ប្រកាសរបស់ ក្រសួងមហាផ្ទៃ លេខ៤៩៣ ប្រ.ក ស្ដីពីការកំណត់ចំនួនឈ្មោះ និងព្រំប្រទល់ ឃុំសង្កាត់ ទូទាំង ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០១។
ចម្ងល់ថា តើហេតុអ្វីសាលា ខែត្រព្រះសីហនុ បច្ចុប្បន្នមិនគោរពតាមស្មារតីប្រជុំខាងលើ ? តើហេតុអ្វីសាលា ខែត្រព្រះសីហនុ សព្វថ្ងៃដាក់ «តំបន់អូរដំរី» ស្ថិតក្នុង សង្កាត់លេខ១ ក្រុងព្រះសីហនុ ? សំអាងលើអ្វី ? ពេលសំណួរសួរថា តើសាលាខែត្រព្រះសីហនុ ផ្អែកលើអ្វីបានជាដាក់ «តំបន់អូរដំរី» ទៅក្នុង សង្កាត់លេខ១ ក្រុងព្រះសីហនុ ?
អភិបាលរងខែត្រម្នាក់សុំមិនបញ្ចេញឈ្មោះឆ្លើយថា គឺផ្អែកលើផែនទីឧបសម្ព័ន្ធដែលមានត្រាប្រាំបី នៃព្រះរាជក្រឹត្យលេខនស/រកត/១២០៨/១៣៨៥ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៨។ ប៉ុន្តែ ព្រះរាជក្រឹត្យ នេះត្រាស់បង្គាប់ឱ្យ កែសម្រួលព្រំប្រទល់រដ្ឋបាល ក្រុងព្រះសីហនុ (បច្ចុប្បន្ន ខែត្រព្រះសីហនុ) និង ខែត្រកោះកុង ដោយកាត់យក ស្រុកកំពង់សិលា ទាំងមូល និងដីមួយផ្នែកពី ស្រុកស្រែអំបិល ខែត្រកោះកុង ឱ្យមក ក្រុងព្រះសីហនុ (ខែត្រព្រះសីហនុ) និងត្រាស់បង្គាប់ឱ្យប្ដូរ ក្រុងព្រះសីហនុ ទៅជា ខែត្រព្រះសីហនុ វិញ។
ស្របនឹងការអះអាងរបស់អភិបាលរង ខែត្រព្រះសីហនុ ខាងលើ សាលាខែត្រព្រះសីហនុ បានចាប់ផ្ដើមប្រើ «តំបន់អូរដំរី» ជាដែនរដ្ឋបាល ក្រុងព្រះសីហនុ ស្ថិតក្នុង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ជាចំហដោយយោងទៅតាមកំណត់ហេតុប្រជុំកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ស្ដីពីការចុះបោះបង្គោលព្រំប្រទល់រដ្ឋបាល ក្រុងព្រះសីហនុ ជាមួយរដ្ឋបាល ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ និងផ្អែកលើផែនទីឧបសម្ព័ន្ធ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២០៨/១៣៨៥ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៨ និងអនុក្រឹត្យលេខ០៧អនក្រ.បក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០០៩។
សូមបញ្ជាក់ថា ព្រះរាជក្រឹត្យលេខ នស/រកត/១២០៨/១៣៨៥ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៨ គឺត្រាស់បង្គាប់ឱ្យកាត់ដីពី ខែត្រកោះកុង មួយផ្នែកចូលមក ខែត្រព្រះសីហនុ និង ត្រាស់បង្គាប់ឱ្យប្ដូរឈ្មោះ ក្រុងព្រះសីហនុ ទៅជា ខែត្រព្រះសីហនុ ទេ។ ចុះហេតុអ្វីរដ្ឋបាល ខែត្រព្រះសីហនុ លើកមកពាក់ព័ន្ធនឹងព្រំប្រទល់រដ្ឋបាល ស្រុកស្ទឹងហាវ និង ក្រុងព្រះសីហនុ ទៅវិញ ?
ចំណែក អនុក្រឹត្យលេខ០៧អនក្រ.បក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០០៩ គឺស្ដីពីការប្ដូរខណ្ឌ នៃខែត្រព្រះសីហនុ ទៅជា ក្រុងនិងទៅជា ស្រុក ព្រមទាំងប្ដូរសង្កាត់ទៅជា ឃុំ។ ក្នុងនោះមានៈ ខណ្ឌមិត្តភាព ទៅជា ក្រុងព្រះ សីហនុ ខណ្ឌស្ទឹងហាវ ទៅជា ស្រុកស្ទឹងហាវ ខណ្ឌព្រៃនប់ ទៅជា ស្រុកព្រៃនប់ និង សង្កាត់អូរត្រេះ ទៅជា ឃុំអូរត្រេះ។ល។ គឺពុំឃើញមានចែងពីការបែងចែកព្រំប្រទល់ ស្រុកនិងស្រុក ក្រុងនិងស្រុក ឡើយ។
ដោយឡែក កំណត់ហេតុប្រជុំកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ គឺសម្រេចដាក់សំណើសុំ ក្រសួងមហាផ្ទៃ កាត់ផ្ទៃដីមួយផ្នែកចាប់តាំងពីចំណុចរោងចក្រប្រេងកាតស្ថិតក្នុង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ ដាក់ចូលមក ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ ដើម្បីពង្រីក ក្រុងព្រះសីហនុ។ ប៉ុន្តែតាំង ពីពេលនោះមកគេពុំទាន់ឃើញមានលិខិតបទដ្ឋានដូចជា អនុក្រឹត្យ ឬ ប្រកាសពី ក្រសួងមហាផ្ទៃ ជាផ្លូវការនៅឡើយទេ។ហេតុដូច្នេះតើប្រកាសរបស់ ក្រសួងមហាផ្ទៃដែលជាក្រាំងច្បាប់ ស្ដីពីការបែងចែកព្រំប្រទល់ ឃុំ សង្កាត់ ទូទាំងប្រទេស លេខ៤៩៣ ប្រ.ក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០១ នៅមានសុពលភាពជាធរមានដែរ ឬទេ ? ចុះហេតុអ្វីរដ្ឋបាលសាលា សង្កាត់លេខ១ ក្រុងព្រះសីហនុ និង ខែត្រព្រះសីហនុ ដាក់ «តំបន់អូរដំរី» ស្ថិតក្នុងដែនរដ្ឋបាលគ្រប់គ្រងដោយ ក្រុងព្រះសីហនុ ?
តើព្រះរាជក្រឹត្យ បានត្រាស់បង្គាប់ឱ្យកែសម្រួលព្រំប្រទល់រដ្ឋបាល ស្រុកស្ទឹងហាវ និង ក្រុងព្រះសីហនុ នៃខែត្រព្រះសីហនុ ដែរឬទេ ? ចម្លើយលោកអភិបាលរង ខែត្រព្រះសីហនុ សុំឱ្យទៅសួរអ្នកនាំពាក្យសាលា ខែត្រព្រះ សីហនុ លោក ឃាង ភារម្យ ប៉ុន្តែលោក ឃាង ភារម្យ មិនទទួលទូរស័ព្ទ និងមិនឆ្នើយតបតាមប្រព័ន្ធតេឡេក្រាមនោះទេ។
សរុបមកក្នុងចំណោមអ្នកនាំពាក្យសាលា ខែត្រព្រះសីហនុ ទាំងបីនាក់ពុំហ៊ាន អធិប្បាយបកស្រាយបញ្ជាក់ពីព្រំប្រទល់រដ្ឋបាលស្រុកស្ទឹងហាវ និង ក្រុងព្រះសីហនុ ឡើយចម្លើយខ្លីគឺ «មិនដឹង…»។
លោក ឡុង ឌីម៉ង់ អភិបាលរង ខែត្រព្រះសីហនុ និងជាអ្នកនាំពាក្យសាលា ខែត្រព្រះសីហនុ មានប្រសាសន៍តាមប្រព័ន្ធតេឡេក្រាមកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ថា លោកសុំមិនធ្វើសេចក្ដីអធិប្បាយទាក់ទងនឹងទំនាស់ដីធ្លីឡើយ និងអនុក្រឹត្យ ឬ ប្រកាសចេញពី ក្រសួងមហាផ្ទៃ ស្ដីពីការកាត់ដីមួយផ្នែកពី ស្រុកស្ទឹងហាវ ចូលមក ក្រុងព្រះសីហនុ ក៍លោកពុំមាននៅនឹងដៃ និងពុំបានដឹងដែរ។
លើសពីអំណះអំណាងខាងលើ និងមានទឡ្ហីករណ៍ជាច្រើនថែមទៀតដែលបង្ហាញបញ្ជាក់ថា «តំបន់អូរដំរី» ស្ថិតក្នុងដែនរដ្ឋបាលស្រុកស្ទឹងហាវ រហូតមកគឺមាន៖
-លិខិតរបស់ ប្រធានការិយាល័យរៀបចំដែនដី នគរូនីយកម្ម សំណង់ និងភូមិបាល ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ គោរពជូន ឯកឧត្តម ប្រធានក្រុមប្រឹក្សាជំនំជម្រះទី៧ នៃសាលាឧទ្ធរណ៍ បញ្ជាក់ថា ដីប្រជាពលរដ្ឋ១៤៩គ្រួសារ ដែលមានបញ្ហាជាមួយលោកស្រី ហ៊ឹម សុវណ្ណរី គឺជាដីមានទីតាំងស្ថិតក្នុង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ ប៉ុន្តែមានការចុះបញ្ជីដីធ្លីតែឈ្មោះ លី ហុងស៊ីន ចំនួន១០ប័ណ្ណ ឆ្នាំ១៩៩២ នៅក្នុង ស្រុកស្ទឹងហាវ។
-លិខិតរបស់ ខុន្ទកាល័យ សម្ដេចតេជោ ហ៊ុន សែន លេខ១៨៧៦ ខន/០១០ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១០។
-លិខិតអន្តរាគមន៍ ពីរដ្ឋសភា លេខ ០៨៨ រស.គ១ ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥។
-លិខិតអន្តរាគមន៍ ពីរដ្ឋសភា លេខ ១៤៣ រស.គ១ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧។
-សជណ ទីស្ដីការគណៈរដ្ឋមន្រ្តីលេខ ១០៣១ ស.ជ.ណ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧។
-លិខិតពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លេខ ៥៩១ ដនស/អ.សក ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១០ និងលិខិតផ្សេងទៀតជាច្រើនពី ក្រសួងដែនដី។
-លិខិតពី ក្រសួងយុត្តិធម៌ លេខ ១៧០៥ កយ.សក អ/១៥ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ និងលិខិតផ្សេងថែមទៀត។
-លិខិតស្នើសុំលើកស្លាក គណបក្សប្រជាជនកម្ពុជា របស់ក្រុមបក្ស នៃ «តំបន់អូរដំរី» ក៍ទទួលស្គាល់អនុញ្ញាតដោយរដ្ឋបាល ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ។
-លិខិតអញ្ជើញ របស់គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា សង្កាត់អូរត្រេះ ខណ្ឌស្ទឹងហាវ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០០៧ អញ្ជីញប្រធានក្រុមបក្សប្រជាជនកម្ពុជានៅ «តំបន់អូរដំរី» ដើម្បីចូលរួមពិធីសំណេះសំណាលក្រោមអធិបតីភាពសម្ដេច សាយ ឈុំ។
-បង្កាន់ដៃចុះឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០០២ រហូតមកដល់ ឆ្នាំ២០២២ ប្រជាពលរដ្ឋ១៤៩គ្រួសារដែលតំណាងដោយលោក ម៉ន ស៊ីណា ស្ថិតក្នុង «តំបន់អូរដំរី» គឺបោះឆ្នោតនៅក្នុង ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។
-សៀវភៅស្នាក់ និងលិខិតបញ្ជាក់ទីលំនៅ ប្រជាពលរដ្ឋរស់នៅ «តំបន់អូរដំរី» មួយចំនួនក៍ចេញដោយរដ្ឋបាល ស្រុកស្ទឹងហាវ។
-ថ្មីៗចុងក្រោយគេឃើញដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្នរបស់សាលាដំបូង ខែត្រព្រះសីហនុ លេខ ៣៣៦ ត.រ/២១ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅតែចាត់ទុកថា ទំនាស់ដីធ្លីមានទំហំ២៣ហិកតា និង ១៥សង់ទីអា គឺស្ថិតនៅ ក្រុម៥ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ។
ទឡ្ហីករណ៍ និងសូចនាករណ៍ខាងលើសបញ្ជាក់ឱ្យឃើញថា បង្កាន់ដៃចុះឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបោះ ឆ្នោត ឃុំ សង្កាត់ចាប់ពី ឆ្នាំ២០០២ រហូតមកដល់ ឆ្នាំ២០២២ និងលិខិតបទដ្ឋានគតិយុត្តជាច្រើនអន្លើសុទ្ធតែមានខ្លឹមសារក្នុងដែនរដ្ឋបាលគ្រប់គ្រងដោយ ស្រុកស្ទឹងហាវ នៅ «តំបន់អូរដំរី» ទាំងអស់។ ចុះហេតុអ្វីបាន ជាភាគីទំនាស់ដីធ្លីមួយខាងទៀតនៅ «តំបន់អូរដំរី» ចោទថាប្រជាពលរដ្ឋ១៤៩គ្រួសារជាពលរដ្ឋអនាធិប តេយ្យ ? បើប្រជាពលរដ្ឋ១៤៩គ្រួសារជាប្រជាពលរដ្ឋអនាធិបតេយ្យអីចឹង តើមន្រ្តីតូចធំដែលបានចេញលិខិតបទដ្ឋានគតិយុត្តទាំងអស់ខាងលើជាអ្នកអនាធិបតេយ្យដែរឬ ?
ចំពោះប្រជាពលរដ្ឋម្ខាងទៀតដែលជាបក្ខពួកគូកនលោកស្រី ហ៊ឹម សុវណ្ណរី ភាគីជម្លោះជាមួយប្រជាពលរដ្ឋ ១៤៩គ្រួសារគេពុំឃើញមានឯកសារអ្វី លិខិតបទដ្ឋានគតិយុត្តអ្វីក្រៅពីលិខិតបញ្ជាក់លំនៅដ្ឋាន និងលិខិតផ្ទេរសិទ្ធិទិញលក់ចាប់ពី ឆ្នាំ២០១៥ ចុះហត្ថលេខាដោយចៅ សង្កាត់លេខ១ និងអភិបាល ក្រុងព្រះសីហនុ ពីរជំនាន់នោះឡើយ។
គួររំឭកថា ជម្លោះព្រំប្រទល់រដ្ឋបាល ស្រុកស្ទឹងហាវ និង ក្រុងព្រះសីហនុ និងការដណ្ដើមដែនរដ្ឋបាលគ្នានៅ «តំបន់អូរដំរី» វានៅតែស្ថិតក្នុងអាថ៌កំបាំងមិនដឹងមូលហេតុនៅឡើយ។ ក៍ប៉ុន្តែគេបានរកឃើញថា អភិ បាល ក្រុងព្រះសីហនុ ពីរជំនាន់បានចុះហត្ថលេខាបោះត្រាក្រហមឆ្អៅលើលិខិតផ្ទេរសិទ្ធិលក់ទិញដីនៅ «តំបន់អូរដំរី» ដែលជាទីតាំងកំពុងតែមានទំនាស់ជាប់រឿងក្ដីក្ដាំគ្នានៅឯតុលាការនៅឡើយ។ ជាពិសេសគេបានរកឃើញករណីមួយទៀតគឺមន្រ្តីមូលដ្ឋាន នៃអាជ្ញាធរ សង្កាត់លេខ១ ស្ទើរតែទាំងអស់គឺមានដីនៅ «តំបន់អូរដំរី» ដូចជាសមាជិកក្រុមប្រឹក្សា សង្កាត់១ អតីតមេប៉ុស្តិ៍នគរបាល រដ្ឋបាល សង្កាត់១ មេភូមិ និងអនុភូមិ
ជាដើម ប៉ុន្តែគេពុំដឹងថា ពួកគាត់បានដីនោះមកណាទេ។ ហេតុដូច្នេះបើសិនជាអាជ្ញាធរមូលដ្ឋានឈរលើគោលការណ៍ច្បាប់គោរពតាមប្រកាសរបស់ ក្រសួងមហាផ្ទៃ ដែលនៅមានជាធរមាននោះម្ល៉េះសមទំនាស់ដីធ្លីដ៏សែនស្មុគស្មាញនៅ «តំបន់អូរដំរី» អាចត្រូវបានដោះស្រាយចប់ដោយរលូននេះបើយោងតាមស្ថានភាពដែលបានកើតឡើងជាក់ស្ដែងកន្លងទៅ និងឯកសារ លិខិតស្នាមនានា៕