ឈ្មួញដឹកផ្លែឈើ១ជើងត្រូវបង់លុយឳ្យគយចល័តលោក ផែន ភឿន នៅផ្លូវជាតិលេខ១ចំនួន៣០ម៉ឺនរៀលជាកំហិត !

0
254

ដោយៈ បាយ៉ង់ថាម
ព្រៃវែងៈ អាជីវករអ្នកដឹកផ្លែឈើពី វៀតណាម ចូលមកខ្មែរបានអះអាងថា គយចល័តផ្លូវជាតិលេខ១មានទីស្នាក់ ការស្ថិតនៅ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរដោយយកតួនាទីការងាររដ្ឋ មកគាបសង្កត់ពួកគាត់រាប់ក្បាលឡានកំណត់យកលុយដាក់ចូលហោប៉ាវបុគ្គលក្នុង១ជើងៗចាប់១០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀលជាកំហិត។ ពោលគឺពួកឈ្មួញហ៊ានស្បថដាក់ជីវិត «ឱ្យក្រឡាប់ឡាន និងរន្ទះបាញ់ស្លាប់តៃ ហោង ប្រសិនជាការនិយាយនេះបំភ្លើសខុសពីការពិត»។ ប៉ុន្តែករណីនេះមន្ត្រីគយបដិសេធបំភាន់ថា វាជារឿង «មិនដឹង» ទៅវិញ។

ករណីនេះផ្ទុះរឿងឡើងដោយសារ គយចល័យផ្លូវជាតិលេខ១ ចាប់ឡានដឹកផ្លែឈើយកមក ផាកពិន័យ ក្នុងរថ យន្តមួយគ្រឿងទារលុយ៥០០០ដុល្លារតែម្ចាស់ផ្លែឈើមិនព្រមបង់ឳ្យពួកគាត់ក៍ ឡាយវីដេអូតាមហ្វេសប៊ុក ធ្វើឳ្យលោកគយខឹង ក៍ឡើងថ្លៃដល់៧០០០ដុល្លារទៀត។ ដូច្នេះការចរចារមិនត្រូវរ៉ូគ្នានេះកម្ចាស់ផ្លែឈើនៅ តែបន្ត ឡាយវីដេអូ ដដែល ប៉ុន្តែចុងក្រោយពួកគេក៍ត្រូវរ៉ូគ្នាក្នុងមួយឡានបង់លុយ៥០០ដុល្លារដើម្បីបញ្ចប់រឿង ព្រោះមានអន្តរាគមន៍ពីថ្នាក់លើ។

អាជីវករម្នាក់ឈ្មោះ ជា ឆៃនី ភេទស្រីអាយុ២៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ផ្សារនាគមាស ខណ្ឌទួលគោក រាជធានីភ្នំ ពេញ បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នេះថា គាត់ដឹក ផ្លែគូលែន ពីវៀតណាម ចូលមក ខ្មែរក្នុង១ជើងដោយប្រើ រថយន្តវ៉េអង គឺត្រូវបង់លុយឱ្យ គយចល័តផ្លូវជាតិលេខ១ ចំនួន៣០ម៉ឺនរៀលយ៉ាង ទៀងទាត់។

អ្នកស្រីបានលើកអំពី គយចល័ត  ដែលយកតួនាទីការងាររដ្ឋធ្វើជាកន្លែងរកស៊ីផ្ដាច់មុខថាបើទោះបីជារថយន្ត ពួកគាត់មានក្រដាសបង់ពន្ធពីព្រំដែនរួចហើយក្ដីក៍នៅតែបង់លុយឩ្យ គយចល័ត ចំនួន៣០ម៉ឺនរៀលដដែល គឺរាល់លើកតែម្ដង។ នៅក្នុងនោះប្រសិនជាមិនមានក្រដាសស្នាមពីព្រំដែនទេ គឺត្រូវបង់លុយចូលហោប៉ាវ គយចល័ត ច្រើនណាស់ដល់ទៅរាប់លានរៀលក្នុង១ជើងៗ។

អាជីវកររូបនេះបានលើកឡើងទៀតថា រឿងបង់លុយចូលហោប៉ាវ គយចល័តផ្លូវជាតិលេខ១ ទាំងនោះជាទម្លាប់ ទៅហើយសម្រាប់អ្នករកស៊ីដូចពួកគាត់គឺគ្មានអាជីវករណាម្នាក់គេចផុតឡើយ។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកស្រីហួស ចិត្តខ្លាំងបំផុតនោះគឺ គយចល័ត តែងតែយកលុយពីអ្នកស្រីរាល់លើកសោះ ចុះហេតុអ្វីបែរជាមកចាប់រថយន្ត ដឹក ផ្លែគូលែន របស់អ្នកស្រីនៅយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ទៅវិញ ? ពោលគឺចាប់រថយន្តចូលទីស្នាក់ការ គយរួចទារលុយចំនួន២០លានរៀលទើបដោះលែងវិញ។ លុះអ្នកស្រីពុំមានលទ្ធភាពបង់លុយចំនួន២០លាន រៀលតាមការកំណត់ជាហេតុនាំឱ្យ មន្ត្រីគយចល័តផ្លូវជាតិលេខ១ទុករថយន្តរួម និងផ្លែឈើរបស់គាត់ឱ្យនៅ ស្អុយរលួយនៅក្នុងទីស្នាក់ការគយតែម្ដងបណ្ដាលឱ្យគាត់ខូចខាតទំនិញផ្លែឈើអស់ប្រាក់ប្រមាណជា៥០.០០០
ដុល្លារអាម៉េរិកឯណោះ។

ក្រុមអាជីវករផ្សេងទៀត ក៍បានត្អូញត្អែរស្រដៀងគ្នាថា ជារៀងរាល់លើកពួកគាត់តែងតែបង់លុយ ចូលហោប៉ាវ មន្ត្រីគយចល័តផ្លូវជាតិលេខ១ យ៉ាងទៀងទាត់ គឺបង់តាមការកំណត់របស់មន្ត្រីគយ។ ខណៈរាល់ការបង់លុយ ទាំងនោះ គឺមិនដែលមានក្រដាសស្នាម ឬបង់ពន្ធចូលរដ្ឋអ្វីទេ ជាក់ស្ដែងហុចលុយឱ្យគយផ្ទាល់ដៃតែម្ដង…!។

ប្រភពដដែលបញ្ជាក់ទៀតថា សម្រាប់រថយន្តដឹកផ្លែឈើចំណុះ២តោនកន្លះ គឺក្នុង១ជើងបង់លុយឱ្យ គយ ចល័ត ចំនួន១០ម៉ឺនរៀលជាកំហិត!។ ចំណែករថយន្តចំណុះ៥តោន ត្រូវបង់លុយចំនួន២០ម៉ឺនរៀល និង រថយន្តវ៉េអង ត្រូវបង់លុយចំនួន៣០ម៉ឺនរៀលជាកំហិត។

ជាមួយគ្នានោះអ្នកបើកបររថយន្ត និងអាជីវករ បានអះអាងដូចៗគ្នាដែរថា ពួកគាត់ហ៊ានស្បថដាក់ជីវិតឱ្យក្រ ឡាប់ឡាន ឬរន្ទះបាញ់ស្លាប់តៃហោង ប្រសិនជានិយាយបំផ្លើសខុសពីការពិតចំពោះការបង់លុយចូលហោប៉ាវ មន្ត្រីគយចល័តផ្លូវជាតិលេខ១ នេះ។

ឆ្លើយតបការលើកឡើងខាងលើលោក ផែន ភឿន ប្រធានគយចល័តផ្លូវជាតិលេខ១  បញ្ជាក់ថា រថយន្តដែល ចាប់នៅក្នុងស្នាក់ការនោះគឺមកពីមិនបានបង់ពន្ធ។ ចំពោះសំនួររឿងយកលុយ៣០ម៉ឺនរៀលក្នុង១ឡានលោក បានបដិសេធថា មិនដឹងទេ…។ រីឯលោក នី គឹមហួរ មន្ត្រីគយចល័តផ្លូវជាតិលេខ១ដែលនៅប្រចាំការទីនោះ ផ្ទាល់ក៍បានបដិសេធមិនធ្វើការបកស្រាយឡើយចំពោះរឿង យកលុយ៣០ម៉ឺនរៀល ក្នុង១ឡានពីអ្នករកស៊ីដឹក ផ្លែឈើនោះ។

នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ លោក គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា និងលោក គឹម សុភៈ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពុំលើកទូរស័ព្ទអ្នកកាសែតឡើយទាក់ទងនឹងរឿងអាស្រូវខាង លើនេះ។

អង្គការសង្គមស៊ីវិល ក៍ដូចប្រជាពលរដ្ឋមួយចំនួន បាននាំគ្នារិះគន់ថា ករណីនេះសូមអង្គភាពប្រឆាំងអំពើពុក រលួយ របស់លោក ឳម យ៉ិនទៀង បើកការស៊ើបអង្គេតបន្ទាន់មួយដើម្បីលុបបំបាត់អំពើពុករលួយដែលមន្ត្រី គយចល័ត យកតួនាទីការងារបម្រើរដ្ឋទៅធ្វើជារបបរកស៊ីបានលុយកាក់ដាក់ក្នុងហោប៉ាវខ្លួនធ្វើមានបាន បញ្ឈឺចិត្តរាស្ត្រដោយឥតខ្មាសអៀនអ្វីឡើយ។

គួរបញ្ជាក់ថា ទោះជាយ៉ាងណាក៍ដោយ ក្នុងមួយថ្ងៃៗមានរថយន្តជាច្រើនគ្រឿងបានដឹកទំនិញពី វៀតណាម ចូលមកខ្មែរទាំងយប់ទាំងថ្ងៃ។ ដោយឆ្លងកាត់ផ្លូវជាតិលេខ១ និងតែងតែឈប់នៅមុខ ទីស្នាក់ការគយចល័យ ផ្លូវជាតិលេខ១ ចូលបង់លុយបាយទឹកជាប្រចាំមិនដែលខាន ជាហេតុនាំឱ្យលោក ផែន ភឿន សំងំពុករលួយ កើបលុយបានរាប់សិបលានរៀលក្នុង១ថ្ងៃៗជាថ្នូរមិនបង្ក្រាបបទល្មើសរត់ពន្ធ ឬផាកពិន័យ ចូលពន្ធរដ្ឋឡើយ៕