ជើងខ្លាំងខាងស្ពាយឯកសារដើរប្ដឹងគេឯងថាប្រើឯកសារក្លែងក្លាយពេលនេះត្រូវពលរដ្ឋរងគ្រោះដីធ្លី៣១គ្រួសារប្ដឹងពីបទយកឈ្មោះពួកគាត់ទៅក្លែងបន្លំលក់ដីឱ្យអ្នកដទៃឬអាចថាក្លែងឯកសារជាសាធារណៈ

0
138

ដោយៈ បាយ៉ង់ថាមស៍
ព្រះសីហនុៈ លោក លឹម ងួន អ្នកដែលតែងតែស្ពាយឯកសារដើរប្ដឹងគេឯងថា ប្រើឯកសារក្លែងក្លាយ ពេលនេះ ត្រូវពលរដ្ឋរងគ្រោះដីធ្លី៣១គ្រួសាររស់នៅ ឃុំកែវផុស ឃុំអូរត្រេះ និង ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខែត្រព្រះ សីហនុ ប្ដឹងលោក លឹម ងួន វិញពីបទយកឈ្មោះពួកគាត់ទៅក្លែងបន្លំលក់ដីឱ្យអ្នកដទៃ ឬអាចថា ពីបទក្លែងឯក សារសាធារណៈ។ នេះបើយោងតាមពាក្យបណ្ដឹងរបស់ពលរដ្ឋចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ដាក់ចូលរដ្ឋ បាល ស្រុកស្ទឹងហាវ កាលពីរសៀលថ្ងៃខែឆ្នាំដដែលត្រូវអង្គភាពសារព័ត៌មានយើងទទួលបាន។

លោក លឹម ងួន ធ្លាប់បានលួងលោមបោកបញ្ឆោតប្រជាពលរដ្ឋរងគ្រោះដីធ្លីខាងលើថា ខ្លួនគាត់នឹងធ្វើលិខិត កាន់កាប់ដីធ្លីបញ្ជាក់ត្រឹមភូមិឃុំជូនប្រជាពលរដ្ឋដោយលោក លឹម ងួន តម្រូវឱ្យពលរដ្ឋទាំងនោះយក អត្តសញ្ញា ណប័ណ្ណ មកឱ្យគាត់ និងផ្ដិតមេដៃស្ដាំលើក្រដាសសសុទ្ធ។ បន្ទាប់មកលោក លឹម ងួន ពុំបានធ្វើលិខិតកាន់កាប់ ដីធ្លីនោះទេគឺបានក្លែងធ្វើជាលិខិតលក់ទិញដោយដាក់ឈ្មោះលោក លឹម ងួន និងអ្នកដទៃទៀតជាអ្នកទិញដីពី ប្រជាពលរដ្ឋ។ ប៉ុន្តែពលរដ្ឋទាំងនោះមិនបានលក់ និងមិនបានទទួលលុយអ្វីបន្តិចសោះឡើយ។

បែបបទនៃការធ្វើលិខិតលក់ទិញក្លែងក្លាយទាំងអស់នោះគឺមានទម្រង់តែមួយ អក្សរអ្នកសរសេរតែមួយ ហើយ ធ្វើនៅកន្លែងតែមួយគឺធ្វើនៅផ្ទះពេទ្យស្រស់។ នៅពេលលោក លឹម ងួន មានលិខិតលក់ទិញក្លែងក្លាយនៅនឹង ដៃហើយថ្មីៗនេះលោក លឹម ងួន ក៍បានប្ដឹងពលរដ្ឋទាំងនោះពីបទប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុ ដោយសុច្ចរិតទៅតុលាការ។

ករណីនេះជាហេតុធ្វើឱ្យពលរដ្ឋរកពេលប្រកបរបរទទួលទានពុំបានស្រួលបួលឡើយ។ ពីព្រោះសមត្ថកិច្ចនគរ បាល និងតុលាការងាកៗហៅពួកគាត់រំខានដល់ការរកស៊ីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ដូច្នេះដើម្បីបញ្ចប់នូវបញ្ហា នេះប្រជាពលរដ្ឋក៍បានដាក់ពាក្យប្ដឹងស្នើសុំឱ្យរដ្ឋបាល ស្រុកស្ទឹងហាវ កោះហៅឈ្មោះ លឹម ងួន និងឈ្មោះ មូល ម៉ារ៉ា ជាប្រពន្ធមកឆ្លើយតទល់ចំពោះមុខប្រជាពលរដ្ឋនៅ ស្រុកស្ទឹងហាវ ដើម្បីរកយុត្ដិធម៌ដល់ពួកគាត់។ ទាំងនេះយោងតាមការរៀបរាប់របស់ប្រជាពលរដ្ឋរងគ្រោះដីធ្លីកន្លងមកប្រាប់អ្នកសារព័ត៌មាន និងផ្អែកលើពាក្យ
បណ្ដឹងចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។

កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះលោក ឆាយ សុគន្ធដា អតីតអភិបាល ស្រុកស្ទឹងហាវ បញ្ជាក់ប្រាប់ ក្រុមអ្នកសារព័ត៌មានយ៉ាងច្បាស់ថា លោក លឹម ងួន ពុំមានដីនៅ ភូមិឫទ្ធី២ ឃុំកែវផុស នោះ ទៀតទេ។ ពីព្រោះ លឹម ងួន បានលក់ទៅឱ្យលោក នងឌី ណារ៉ា អតីតមេ ឃុំកែវផុស អស់ហើយ។ កំណត់ ហេតុប្រជុំមួយចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ របស់សាលា ស្រុកស្ទឹងហាវ ដែលលោក លឹម ងួន មានវត្តមាន ចូលរួមដែរនោះក៍បានបញ្ជាក់ថា លឹម ងួន ពុំមានដីនៅតំបន់ខាងលើនោះទៀតដែរ។ បើដូច្នោះតើលោក លឹម ងួន មានដីមកពីណាទៀតទៅដើរប្ដឹងគេឯង និងប្រជាពលរដ្ឋរងគ្រោះដីធ្លីនោះ ?

តើលោក លឹម ងួន ជានរណា ? បានជាបោកមន្រ្តីរាជការមួយចំនួន អ្នកសារព័ត៌មានខ្លះ អាជីវករអ្នកមានលុយ មួយចំនួន និងពលរដ្ឋបានយ៉ាងដូច្នេះ ? អ្នកខ្លះបានឱ្យលុយទៅលោក លឹម ងួន រួចហើយតែមិនបានទទួលដី សូម្បីតែមួយជ្រុងនោះឡើយ។

លោក លឹម ងួន អាយុ៥៨ឆ្នាំជាអ្នកលក់ដូរ និងរកស៊ីជួញរឿងដីធ្លីរស់នៅ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ។ ការចុះផ្សាយលើកនេះ អង្គភាពសារព័ត៌មានយើង ពុំបានសុំសេចក្ដីអធិប្បាយពីលោកទេ ព្រោះលោកមិនដែលឆ្លើយតបសំណួរ អ្នកសារព័ត៌មាននោះដែរនិងជាពិសេសការចុះផ្សាយលើកនេះបរិយាយ តែពីការប្ដឹងរបស់ប្រជាពលរដ្ឋចំពោះលោក លឹម ងួន តែប៉ុណ្ណោះ។ អង្គភាពយើងបានរង់ចាំពេលលោក លឹម ងួន ទៅជួបជាមួយពលរដ្ឋតទល់គ្នានៅ ស្រុកស្ទឹងហាវ ទើបយើងសុំការបញ្ជាក់អះអាង និងបង្ហាញពីទឡ្ហីករណ៍
ជុំវិញដីដែលគាត់ថា មានដីនៅទីនោះ។

លោក អឿន សំអាត អាយុ៦២ឆ្នាំអតីតទាហានឈរជើងនៅតំបន់មានទំនាស់ខាងលើនៅ ឆ្នាំ១៩៩០ ប្លាយនិង សព្វថ្ងៃរស់នៅ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ ជាប្រជាពលរដ្ឋរងគ្រោះដីធ្លីចាញ់បោក លោក លឹម ងួន ម្នាក់ដែរមានប្រសាសន៍តាមទូរស័ព្ទកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ថា គាត់មានដីនៅតំ បន់ទំនាស់នោះដែរ។ វាជាដីរួមដែលកាលនោះមានពលរដ្ឋរស់នៅប្រមាណជា៥០ទៅ៦០គ្រួសារ។ ពួកគាត់ ចាញ់បោកលោក លឹម ងួន ដោយជឿថា អាចធ្វើលិខិតកាន់កាប់ដីបានក៍នាំគ្នាពឹងឱ្យលោក លឹម ងួន រត់ការធ្វើ
លិខិតនោះ។ តែផ្ទុយទៅវិញលោក លឹម ងួន យកឈ្មោះពួកគាត់ទៅក្លែងជាលិខិតលក់ដីឱ្យអ្នកដទៃទៅវិញ។ ដូច្នេះទើបពេលនេះពួកគាត់ប្ដឹងចូល ស្រុកស្ទឹងហាវ ស្នើសុំកោះហៅលោក លឹម ងួន មកតទល់មុខប្រជាពល រដ្ឋដោះស្រាយរកភាពយុត្តិធម៌។

លោក ហូវ ប៊ុនធីម និងប្រជាពលរដ្ឋផ្សេងទៀតដែលមានឈ្មោះក្នុងពាក្យបណ្ដឹងបានប្ដឹងលោក លឹម ងួន នោះ ក៍បានលើកឡើងដូចគ្នាថា ពួកគាត់បានចាញ់កលល្បិចលោក លឹម ងួន ហើយសុំឱ្យលោក លឹម ងួន និងប្រពន្ធ ឈ្មោះ មូល ម៉ារ៉ា ចេញមុខមកឆ្លើយតទល់គ្នានៅសាលា ស្រុកស្ទឹងហាវ ដើម្បីរកដំណោះស្រាយបញ្ចប់បញ្ហា។

ពាក់ព័ន្ធនឹងពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ៣១គ្រួសារចំពោះលោក លឹម ងួន ខាងលើនេះលោក វណ្ណៈ សោភា នេត្រ នាយករងរដ្ឋបាល ស្រុកស្ទឹងហាវ មានប្រសាសន៍តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ នោះថា សាលា ស្រុកស្ទឹងហាវ បានទទួលពាក្យបណ្ដឹងនោះហើយមែន។ លោកបញ្ជាក់ថា សាលាស្រុកនឹង កោះហៅពួកគាត់ទាំងសងខាងមកប្រជុំនៅសាលាស្រុកសប្ដាហ៍ក្រោយ។

គួររំលឹកថា លោក លឹម ងួន បានលើកឡើងក្នុងការចុះផ្សាយរបស់ អង្គភាពសារព័ត៌មាន មួយចំនួនកាលពី ឆ្នាំ ២០២០ នោះថា លោកមានដីនៅតំបន់ទំនាស់ខាងលើរហូតដល់ទៅជាង១៤០ហិកតា។ តើកិរិយានៃការកាន់ កាប់ដីរបស់លោកដោយរបៀបម៉េច ? តើលោកបានសាងសង់ផ្ទះនៅទីនោះដែរឬទេ ? បានបង្កបង្កើនផលដាំដំ ណាំអ្វីខ្លះដែរ ? ៕