ជើងខ្លាំងក្លែងឯកសារលក់ដីដែលតែងតែស្ពាយឯកសារដើរប្ដឹងគេឯងគេចខ្លួនមិនចូលជួបប្រជាពលរដ្ឋរងគ្រោះដីធ្លី៣១គ្រសារនៅសាលាស្រុកស្ទឹងហាវឡើយ

0
87

ដោយ បាយ៉ង់ថាមស៍

 

ខែត្រព្រះសីហនុ៖ លោក លឹម ងួន ជើងខ្លាំងខាងក្លែងលិខិតលក់ដី និងស្ពាយឯកសារដើរប្ដឹងគេឯង បានគេចខ្លួនជាលើកទីពីរ មិនចូលជួបទល់មុខជាមួយប្រជាពលរដ្ឋរងគ្រោះដីធ្លីនៅសាលាស្រុកស្ទឹងហាវនោះទេ បើទោះជារដ្ឋបាលស្រុកស្ទឺងហាវ បានខិតខំព្យាយាមសម្របសម្រួលរកដំណោះស្រាយតាមការស្នើសុំរបស់ប្រជាពលរដ្ឋរឿងទំនាស់ដីធ្លីរវាងលោក លឹម ងួន និងប្រជាពលរដ្ឋរងគ្រោះ៣១គ្រួសារ យ៉ាងណាក៏ដោយ ក៏លោក លឹម ងួន មិនបង្ហាញខ្លួនតាមការអញ្ជើញរបស់រដ្ឋបាលស្រុកស្ទឹងហាវឡើយ។

នេះបើយោងតាមការអោយដឹងពីប្រជាពលរដ្ឋរងគ្រោះដីធ្លី នៅសាលាស្រុកស្ទឹងហាវ កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ។

តំណាងប្រជាពលរដ្ឋ៣១គ្រួសារ លើកឡើងថា កន្លងមក ពួកគាត់ បានស្នើសុំតាមប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំ​ ដើម្បីសុំការអន្ដរាគមន៍ជួយរកយុត្ដិធម៌ក្នុងវិវាទដីធ្លីជាង១០០ហិកតា នៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ ដែលត្រូវបានលោក លឹម ងួន បោកប្រាស់យកឈ្មោះ និងស្នាមមេដៃរបស់ពួកគាត់ ទៅធ្វើឯកសារក្លែងបន្លំលក់-ទិញដីឱ្យលោក លឹម ងួន និងអ្នកដទៃទៀត ដោយពួកគាត់មិនដឹងខ្លួនផងនោះ។ “ពួកខ្ញុំហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ ព្រោះពួកខ្ញុំមិនបានធ្វើដូចលោក លឹម ងួន ចោទប្រកាន់នោះទេ” ​។ ថ្ងៃនេះ ពួកគាត់ បានបន្ដទទួចស្នើសុំតាមរយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ក៏ដូចជាថ្នាក់ដឹកនាំ និងតុលាការ មេត្ដាជួយរកយុត្ដិធម៌ឱ្យពួកគាត់ផង។

 

ទាក់ទិននឹងបញ្ហាខាងលើនេះ លោក សុន ពិសី អភិបាលរងស្រុកស្ទឹងហាវ មានប្រសាសន៍ក្នុងកិច្ចប្រជុំថា កិច្ចប្រជុំនេះ គឺស្ដីពីការដោះស្រាយករណីប្រជាពលរដ្ឋរងគ្រោះដីធ្លី ប្ដឹងលោក លឹម ងួន ក្លែងបន្លំឯកសារលក់ដីឱ្យទៅអ្នកដទៃ ស្ថិតនៅ ភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ ។ លោកអភិបាលរងស្រុកស្ទឹងហាវ សង្កត់ធ្ងន់ថា លោក លឹម ងួន មិនបានចូលរួមដោះស្រាយ យ៉ាងដូច្នេះ លោកនឹងធ្វើរបាយការណ៍ដាក់ជូនលោកអភិបាលស្រុក ដើម្បីរកនីតិវិធីបន្ដដោះស្រាយជូនប្រជាពលរដ្ឋ។

 

បញ្ហាចម្រូងចម្រាស់ខាងលើ ប្រជាពលរដ្ឋរងគ្រោះដីធ្លី បានស្នើសុំអាជ្ញាធរជួយរកយុត្ដិធម៌រឿងលោក លឹម ងួន បានក្លែងបន្លំឯកសារលក់ដី និងរំលោភលើសេចក្ដីទុកចិត្ដរបស់ពួកគាត់ ហើយពួកគាត់ បានធ្វើការបដិសេធស្នាមមេដៃ ថាបានលក់ដីឱ្យលោក លឹម ងួន ជាមេដៃក្លែងក្លាយ ។ ក្នុងរឿងក្លែងឯកសារនេះ ពួកគាត់ បានបន្ដទទួចស្នើសុំកុំឱ្យសមត្ថកិច្ចទៅរករឿងពួកគាត់អី ព្រោះលោក លឹម ងួន មិនគោរពពេលវេលា និង មិនចូលរួមក្នុងកិច្ចប្រជុំនៅសាលាស្រុកស្ទឹងហាវទេ ទោះបីកន្លងមក រដ្ឋបាលស្រុក ធ្លាប់បានអញ្ជើញលោក លឹម ងួន ឱ្យចូលមកជួបតទល់ជាមួយប្រពលរដ្ឋនៅសាលាស្រុក ដើម្បីធ្វើការសម្របសម្រួលរកដំណោះស្រាយជាច្រើនលើកច្រើនសារមកហើយក្ដី តែលោក លឹម ងួន មិនចូលខ្លួនឡើយ។

 

ប្រជាពលរដ្ឋបន្លែមថា លោក លឹម ងួន នេះ រដ្ឋបាលស្រុក បានអញ្ជើញចូលរួមប្រជុំ មិនដែលបានមកនោះទេ និង លោក លឹម ងួន នេះទៀតសោត មានបណ្ដឹងជាច្រើនករណីមកហើយ ដែលពុំចូលរួមដោះស្រាយផ្ទាល់នោះទេ ដូចជាបណ្ដឹងនៅតុលាការ ជាដើម ។

 

តើលោក លឹម ងួន ជានរណា ? លោក បានជាមិនញញើតនឹងរដ្ឋបាលស្រុកស្ទឹងហាវអ្វីបន្តិចសោះអីចឹង ? និងកន្លងមកលោកឈ្លាសវៃខាងបោកមន្រ្តីរាជការមួយចំនួន អ្នកសារព័ត៌មានខ្លះ អាជីវករអ្នកមានលុយមួយចំនួន ព្រមទាំងពលរដ្ឋបាន ដោយគេចផុតពីសំណាញ់ច្បាប់រហូត សូម្បីអ្នកខ្លះបានឱ្យលុយទៅលោក លឹម ងួន រួចហើយតែមិនបានទទួលដីមួយជ្រុង នៅតែធ្វើអ្វីលោក លឹម ងួន មិនបាន ។

លោក លឹម ងួន កើតឆ្នាំ១៩៦៤ ជាអ្នកលក់ដូរ និងរកស៊ីជួញរឿងដីធ្លី រស់នៅភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ។

 

គួររំឭកថា អតីតអភិបាលស្រុកស្ទឹងហាវ លោក ឆាយ សុគន្ធដា ធ្លាប់បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងច្បាស់ កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ កន្លងទៅថា លោក លឹម ងួន ពុំមានដីនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ នោះទៀតទេ ព្រោះ លឹម ងួន បានលក់ទៅឱ្យលោក នងឌី ណារ៉ា អតីតមេឃុំកែវផុស អស់ទៅហើយ ។ និងជាពិសេសកំណត់ហេតុប្រជុំមួយចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ របស់សាលាស្រុកស្ទឹងហាវ ដែលពេលនោះលោក លឹម ងួន មានវត្តមានចូលរួមដែរនោះ ក៏បានបញ្ជាក់ថា លឹម ងួន ពុំមានដីនៅតំបន់ខាងលើនោះទៀតដែរ។ បើដូច្នោះ តើលោក លឹម ងួន មានដីមកពីណាទៀតទៅលក់ និង ដើរប្ដឹងគេឯង ព្រមទាំងប្ដឹងប្រជាពលរដ្ឋរងគ្រោះដីធ្លីនោះ? ៕