ជនរងគ្រោះដោយការប្រើអំពើហិង្សាពីសំណាក់មេប៉ុស្តិ៍សង្កាត់លេខ៣បានប្ដឹងទៅបីស្ថាប័នឱ្យជួយរកយុត្តិធម៌

0
170

ដោយៈ បាយ៉ង់
ព្រះសីហនុៈ ពលរដ្ឋស្លូតត្រង់រងគ្រោះបានដាក់ពាក្យប្ដឹង លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់លេខ៣ ក្រុងព្រះសីហនុ ទៅបីស្ថាប័នផ្សេងៗគ្នាគឺប្ដឹងទៅ អយ្យការអមសាលាដំបូង ខែត្រព្រះសីហនុ អភិបាល ខែត្រព្រះសីហនុ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីឱ្យជួយរកយុត្តិធម៌។ ទោះជាយ៉ាងណាក៍ដោយគេពុំទាន់ឃើញមានចំណា ត់ការអ្វីឡើយខណៈ នាយមេប៉ុស្តិ៍ នៅតែអង្គុយធ្វើការដូចគ្មានរឿងអ្វីកើតឡើង តែតាមការពិតគាត់ព្យាយាមស្វះស្វែង សុំការសម្របសម្រួលយ៉ាងខ្លាំងជាមួយក្រុមគ្រួសារជនរងគ្រោះតែពុំបានសម្រេច។

ដោយអាងខ្លួនជា មេប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់លេខ៣ និងបក្ខពួកបួននាក់ បានចាប់ពលរដ្ឋវាយខ្នោះដោយគ្រាន់តែរោទ៍សំឡេងម៉ូតូកង់បីឮបន្ដិចហើយក៍បង្កទំនាស់ពាក្យសម្ដីគ្នាកាលពីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ខណៈនោះលោកមេប៉ុស្ដិ៍ ក៍បានយកជនរងគ្រោះទៅបង្ខាំងវាយដំ ធ្វើទារុណកម្មទាត់ធាក់ឱ្យរងរបួសធ្ងន់ធ្ងរ និងជាំថ្លើមជាំសួត។ បន្ទាប់មកលោកមេប៉ុស្តិ៍ បញ្ជូនជនរងគ្រោះទៅពិនិត្យទឹកនោមដើម្បីរកសារធាតុញៀនតែលទ្ធផល អវិជ្ជមាន ក៍បញ្ជូនទៅ អធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ។ នគរបាល ក្រុងព្រះសីហនុ ក៍ពិនិត្យទឹកនោមជាលទ្ធផល អវិជ្ជមាន ទៀតដោយទំនងជារកធាតុផ្សំនៃបទល្មើសពុំឃើញក៍បានដោះលែងជនរងគ្រោះមកវិញនៅព្រឹកថ្ងៃបន្ទាប់នោះព្រមទាំងស្នើសុំកុំឱ្យប្ដឹងផ្ដល់ថែមទៀតផង។

ជនរងគ្រោះឈ្មោះ រ័ត្ន គន្ធី ភេទប្រុសអាយុ៣៥ឆ្នាំរស់នៅ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បានធ្វើការសំណូម ពរទៅ អយ្យការអមសាលាដំបូង ខែត្រព្រះសីហនុ ឱ្យផ្ដន្ទាទោស លោកមេប៉ុស្តិ៍ និងបក្ខពួកដាក់ពន្ធនាគារ ទៅ តាមច្បាប់ព្រមទាំងទារសំណងជំងឺចិត្ត និងថ្លៃព្យាបាលរបួសចំនួន២០០.០០០ (ម្ភៃម៉ឺន) ដុល្លារអាម៉េរិក។ មេប៉ុស្តិ៍ សង្កាត់លេខ៣ ឈ្មោះ អ៊ុក ផាន់ណារ៉េត មានវ័យប្រហែល៤៥ឆ្នាំរស់នៅក្បែរផ្ទះជនរងគ្រោះ។

បើយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះបានដាក់ទៅ ស្ថាប័នអយ្យការ អមសាលាដំបូង ខែត្រព្រះសីហនុ កាល ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីជនរងគ្រោះបានចេញពី មន្ទីរពេទ្យបង្អែកខែត្រ។ គាត់ក៍បានប្ដឹងទៅសាលា ខែត្រព្រះសីហនុ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ហើយប្ដឹងទៅ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃ ទី១ ខែសីហា ឆ្នាំ២០២៤។ រាល់ពាក្យបណ្ដឹងគឺសុទ្ធតែមានវាយត្រាចូលទាំងអស់គឺបានទទួលពាក្យបណ្ដឹងរួចហើយ។

ក្នុងពាក្យបណ្ដឹងទៅ អយ្យការអមសាលាដំបូង ខែត្រព្រះសីហនុ ពលរដ្ឋរងគ្រោះបានប្ដឹង លោកមេប៉ុស្តិ៍ និងបក្ខពួក៤នាក់ទៀតពីបទប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសគំរាមកំហែងថា នឹងសម្លាប់ ជេរប្រមាថជាសាធារណៈ និងពីបទចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់។

អ្នកនាំពាក្យសាលា ខែត្រព្រះសីហនុ លោក ឃាង ភារម្យ បានបញ្ជាក់តាម ប្រព័ន្ធតេឡេក្រាម កាលពីរៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ថា ករណីខាងលើនេះ បើយោងចំណាររបស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខែត្រ ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ គឺជូន ឯកឧត្តមស្នងការនគរបាល ខែត្រព្រះសីហនុ «ដើម្បីពិនិត្យ និងផ្តល់របាយការណ៍»។

លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនរគបាល ខែត្រព្រះសីហនុ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះលោកកំពុងបន្ដនីតិវិធី ហើយបើសិនជារកឃើញដូចការចោទប្រកាន់ លោកនាយប៉ុស្ដិ៍ រូបនោះអាចប្រឈមនឹងវិន័យកងកម្លាំងនរគបាលជាតិលេខ០០៦។

យោងតាម វិន័យ០០៦ របស់កងកម្លាំងនគរបាលជាតិ ប្រការ១ បានចែងថា កងកម្លាំងត្រូវបម្រើផលប្រយោជន៍របស់ប្រជាជន ដោយស្មោះត្រង់ និងមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាជន ជាពិសេសត្រូវគោរព និងប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ដោយសច្ចៈយុត្តិធម៌ចំពោះច្បាប់ បទបញ្ញាត្តិ និងបទបញ្ជាផ្សេងៗ។ លើសពីនេះក្នុង ប្រការ៧ មន្រ្តីនគរបាលនឹងត្រូវ បន្ថយឋានន្តរស័ក្តិ បណ្តេញពីអង្គភាព ដកហូតមុខតំណែង ឬបណ្តេញចេញពី ក្របខណ្ឌ ចំពោះការយកមុខតំណែង ឋានន្តរស័ក្តិ សិទ្ធិអំណាចនគរបាលទៅគំរាមកំហែងអ្នកដ៏ទៃ បម្រើឲ្យផលប្រយោជន៍ផ្ទាល់ខ្លួន។

​មេប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់លេខ៣ លោក អ៊ុក ផាន់ណារ៉េត បានបដិសេធប្រាប់ប្រព័ន្ធផ្សព្វផ្សាយកន្លង មកថា លោកពុំបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់របស់ជនរងគ្រោះខាងលើនោះទេ។

ចំណែកក្រុមគ្រួសារជនរងគ្រោះឪពុកម្ដាយ និងជីដូន មានប្រសាសន៍ប្រាប់ បាយ៉ង់ថាមស៍ ថា លោកមេប៉ុស្តិ៍ បានធ្វើទារុណកម្មលើជនរងគ្រោះសាហាវឃោរឃៅណាស់។ ដូច្នេះពួកគាត់ស្នើសុំឱ្យ ស្ថាប័នតុលាការ សូមមេត្តាផ្ដន្ទាទោស ជនបង្កទៅតាមច្បាប់កុំឱ្យលើកលែងឱ្យសោះ។ ពួកគាត់ក៍បានស្នើសុំទៅ អភិបាល ខែត្រព្រះសីហនុ លោក ម៉ាង ស៊ីណេត និងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ សូមមេត្តាចាត់វិធានការទៅលើបុគ្គលរំលោភអំណាចនេះឱ្យខាងតែបាន។

គួររំឭកថា យោងតាមក្រមព្រហ្មទណ្ឌ ការចាប់ឃាត់ខ្លួនជនណាម្នាក់លុះត្រាតែមានធាតុផ្សំបីគឺ ទីមួយ គេនិយាយ ពីច្បាប់ ថា តើជននោះប្រព្រឹត្តខុសច្បាប់ទេ ? ទីពីរ គេនិយាយពីអង្គហេតុ ថា តើជននោះបានប្រព្រឹត្តមែនទេ ? ទីបី គេនិយាយពីផ្លូវចិត្ត ថា តើជននោះមានចេតនាប្រព្រឹត្ត ឬ អចេតនា ? ដូច្នេះបើជនរងគ្រោះខាងលើមាន បទល្មើសជាមួយធាតុផ្សំទាំងបីមែន តើហេតុអ្វី អធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ ដោះលែងជនរងគ្រោះនោះមកវិញ ? ហើយបើមិនមានធាតុផ្សំបទល្មើសទាំងបីទេចុះហេតុអ្វី លោកមេប៉ុស្តិ៍ សង្កាត់លេខ៣ ចាប់ពលរដ្ឋវាយខ្នោះធ្វើទារុណកម្មតាមទំនើងចិត្តយ៉ាងសាហាវឃោរឃៅដូច្នេះ ? ៕