ភ្នំពេញៈ អស់រយៈពេលជិតមួយខែកន្លងផុតទៅ ក្រុមគ្រួសាររងគ្រោះដោយសារចោរចូលគាស់ផ្ទះលួចយកទ្រព្យសម្បត្តិប្រមាណជិត៦ម៉ឺនដុល្លារដែលភាគច្រើនជា គ្រឿងពេជ្រ បានអស់សង្ឃឹមនឹងសមត្ថកិច្ចបន្ទាប់ពីដាក់ពាក្យប្តឹងនៅប៉ុស្តិ៍រដ្ឋបាល សង្កាត់លេខ៤ មកស្ងាត់ឈឹង។ ករណីនេះកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅ បុរីប្លូស្កាយ ភូមិលេខ៥ សង្កាត់លេខ៤ ក្រុងព្រះ សីហនុ។
ម្ចាស់ផ្ទះរងគ្រោះខាងលើ គឺជាប្រពន្ធនិងកូនស្រីពៅដើមរបស់លោក ខាន់ សុវណ្ណ ម្ចាស់ថៅកែខារ៉ាអូខេកូប្រា និងជាអតីតមន្ត្រីគយនិងរដ្ឋាករកម្ពុជា។ នៅក្នុងអាខោនហ្វេសប៊ុកឈ្មោះ ខាន់ ធីដែត (Khan Thi Deth) ដែលជាកូនស្រីលោក ខាន់ សុវណ្ណ បានផុសរូបវីដេអូចំនួនប្រាំបានសរសេររៀបរាប់ទាំងក្ដីអស់សង្ឃឹមថា វីដេអូ (យកតាមផ្ទះអ្នកជិតខាង) ចោរចូលផ្ទះលួចបានលុយនិងទូរដែក នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី២៦ បាន២២ថ្ងៃដំណឹងបាត់សូន្យ (ប្ដឹងក៍ដូចអត់ប្ដឹង) អ្នកណាៗក៍និយាយពាក្យនេះដែរ ប្រុងប្រយ័ត្នឱ្យមែនទែនផងបងៗរស់នៅ ក្រុងព្រះសីហនុ ព័ត៌មានចោរលួចចូលផ្ទះកំពុងតែពេញនិយមក្នុង ខែធ្នូ នេះ។
យោងតាមប្រភពពីក្រុមគ្រួសារជនរងគ្រោះបាននិយាយត្អូញត្អែរនៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នេះថា បងប្អូនគាត់បានដាក់ពាក្យប្ដឹងមួយខែទៅហើយមិនត្រូវបានគេចាត់ការសោះ។ ប្អូនស្រីរបស់គាត់បានបាត់បង់ទ្រព្យសម្បត្តិភាគច្រើនគឺ សុទ្ធតែគ្រឿងពេជ្រ ដែលមួយឆ្នាំទិញម្ដងអស់៥០០០ដុល្លារ។ គ្រឿងពេជ្រទាំងនោះមានតម្លៃសរុបជាង៥៨០០០ដុល្លារ ហើយលុយសុទ្ធ៤៥០០ដុល្លារ។ ប៉ូលិសមិនបានមកសួរនាំដល់ម្ចាស់ផ្ទះរងគ្រោះនោះទេ។
ស្នងការនគរបាល ខេត្តព្រះសីហនុ លោក ជួន ណារិន បានប្រាប់ឱ្យដឹង នៅរសៀលថ្ងៃទី៣ ខែមករា នេះថា ខាងប៉ូលិសយើងនូវតែបន្តធ្វើការស្រាវជ្រាវរហូត ហើយនៅដំណាក់កាលចុងក្រោយនេះយើងចាប់បានចោរមួយក្រុមទៀតដែលមាន វត្ថុតាងទូរដែកមួយ និងម៉ូតូ។ លោកក៍បានសុំការអធ្យាស្រ័យផងដែរថា ពួកយើងមិនអាចនៅស្ងៀមបានទេបើទោះយឺតយ៉ាវបន្តិចក្ដី។ ប៉ូលិសកំពុងតែតាមចាប់បក្ខពួកក្រុមជនសង្ស័យបន្តទៀត ក្នុងចំណោមពួកគេទាំងបួនក្រុម មានខ្លះតដៃប៉ូលិសក៍បានបាញ់ស្លាប់ផងដែរ។
លោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុ បានជំរុញឱ្យភាគីក្រុមគ្រួសាររងគ្រោះដាក់ពាក្យប្ដឹង នៅប៉ុស្ដិ៍រដ្ឋបាល លោកនឹងតឿនថែម។ ទោះជាយ៉ាងណាលោកបញ្ជាក់ថា ចោរត្រូវបានប៉ូលិសចាប់បានជាបន្តបន្ទាប់ និងកំពុងតែធ្វើការស្រាវជ្រាវបន្តទៀត។
គួរបញ្ជាក់ថា ក្រោយពេលករណីខាងលើកើតមានឡើងកន្លះខែ ក៍មានករណីចោរចូលលួចគាស់ផ្ទះទាហានជើងទឹកម្នាក់ទៀត ក៍ត្រូវម្ចាស់ផ្ទះបាញ់ស្លាប់ដោយសារចោរយកដែកគាត់ផ្ទះនោះបម្រុងវាយទៅ លើម្ចាស់ផ្ទះក៍ត្រូវគេបាញ់ស្លាប់តែម្ដង។ រឿងនេះក៍ត្រូវបានគេបិទមិនឱ្យមានការផ្សព្វផ្សាយផងដែរ៕