ចាប់រថយន្តដឹកឈើ៣គ្រឿងក្នុងនោះមានឡានដែលចោរលួចទៅបាត់នៅសង្កាត់ព្រៃឈើរវៀងផងដែរ

0
169

ដោយៈ ម្លូព្រៃ
ព្រះវិហារៈ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ សហ ការជាមួយកម្លាំង ផ្នែករដ្ឋបាលព្រៃឈើរវៀង សង្កាត់រដ្ឋបាលព្រៃឈើរវៀង និង កងរាជអាវុធហត្ថខេត្ត ស្រុក និងនគរបាល ឃុំរុះរាន់ ចាប់បានរថយន្តដឹកឈើចំនួន៣គ្រឿងកាលពីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២។

រថយន្តដឹកឈើលេខ២ ចំនួនមួយគ្រឿងម៉ាកសាំយ៉ុងពណ៌លឿងចាប់បាននៅព្រំប្រទល់ជីអោក និងរថយន្តដឹក ឈើលេខ១ ចំនួនពីរគ្រឿងទៀតម៉ាកស៊ីណា១គ្រឿងពណ៌សពាក់ស្លាកលេខ ភ្នំពេញ ២E.០៨៩៣ និងរថយន្ត ម៉ាកហាយឡេនឌ័រពណ៌សដឹកឈើប្រភេទលេខ១ សុក្រំពេញជារថយន្តរបស់ក្រុមមេឈ្មួញជើងខ្លាំងឈ្មោះ តុលា ចាប់បាននៅចំណុច ភូមិទួលឈ្នួន ឃុំរុះរាន់ ស្រុករវៀង ខែត្រព្រះវិហារ។

លោក នួន សុខុម បានប្រាប់ឱ្យដឹងថា នៅម៉ោងជាង៥ល្ងាចមានរថយន្តសាំយ៉ុងដឹកឈើលេខ២ចេញពី ស្រុក រវៀង យកទៅ ខែត្រកំពង់ធំ លោកបានផ្តល់ដំណឹងទៅខាងនគរបាលសេដ្ឋកិច្ចខែត្រប្រចាំការនៅព្រំប្រទល់ ឃាត់រថយន្តដឹកឈើនេះបានយកមករក្សាទុកនៅ សង្កាត់រដ្ឋបាលព្រៃឈើរវៀង នាយប់ដដែលនោះ។ លោក ក៍បានដឹកនាំកម្លាំងចម្រុះចុះទៅដល់ភូមិឃុំខាងលើក៍ប្រទះឃើញក្រុមរថយន្តដឹកឈើលេខ១ចំនួន២គ្រឿងថែម ទៀតដែលបម្រុងដឹកចេញក្រៅ ប៉ុន្តែត្រូវកម្លាំងចម្រុះស្ទាក់ជាប់ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់។

លោកបន្តទៀតថា កម្លាំងរដ្ឋបាលព្រៃឈើព្រះវិហារ បានយកចិត្តទុកដាក់ខ្ពស់ចំពោះការការពារទប់ស្កាត់ និង បង្ក្រាបបទល្មើសធនធានធម្មជាតិព្រមទាំងការទប់ស្កាត់ និងដកហូតបានការរុករានកាន់កាប់ដីព្រៃយកមករក្សា ទុកជាសម្បត្តិរដ្ឋវិញ។

នាយខណ្ឌរដ្ឋបាលព្រៃឈើ បានសុំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធជាពិសេស បងប្អូនអ្នកសារព័ត៌មាន ចូលរួមសហការ ផ្តល់ព័ត៌មានដល់សមត្ថកិច្ចឱ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាព។ ជាការពិត ណាស់ការការពារធនធានធម្មជាតិតម្រូវឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានបើពឹងផ្អែកតែលើមន្ត្រីជំនាញមួយ ផ្នែកវាមិនគ្រប់គ្រាន់នោះទេ។ ករណីនេះកម្លាំងជំនាញរបស់លោកបន្តស្រាវជ្រាវរកមុខសញ្ញាដើម្បីកសាង សំណុំរឿងចាត់ការទៅតាមច្បាប់។

វត្ថុតាងដែលកម្លាំងចម្រុះចាប់បានគឺ រថយន្តចំនួន៣គ្រឿងព្រមទាំងឈើមួយចំនួនទៀត ត្រូវបានរឹបអូសយក មករក្សាទុកនៅ ផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់៕