ចាប់ទំនិញគេចពន្ធហែកទូកុងតឺន័រចំនួន៤រថយន្តយីឌុបដែលគេសង្ស័យដឹកចេញពីច្រកតន់ហន់ខែត្រកំពត

0
121

ដោយៈ អធិបតី
កំពតៈ ក្រុមអនុលោមគយ ដឹកនាំដោយលោក ប៉ោ សួន អនុប្រធាននាយកដ្ឋានកិច្ចការច្បាប់សវនកម្ម និងទំ នាក់ទំនងសាធារណៈ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់ទំនិញគេចពន្ធមកពីប្រទេសទី៣ ដែលគេ យកមក ហែកទូកុងតឺន័រ បន្លំធ្វើជាទំនិញចាប់ហួយមកពី វៀតណាម បានចំនួន៤រថយន្តយីឌុបធុនធំ នៅតាម បណ្ដោយផ្លូវជាតិលេខ៣ ដែលគេសង្ស័យថា ឈ្មួញដឹកឆ្លងកាត់ចេញពី ច្រកព្រំដែនអន្តរជាតិតន់ហន់ ស្រុក កំពង់ត្រាច ខែត្រកំពត កាលពីសប្ដាហ៍មុន។

ទំនិញមកពីប្រទេសទី៣ គឺជាប្រភេទទំនិញបង់ពន្ធថ្លៃបំផុត។ វាត្រូវបានក្រុមឈ្មួញទុច្ចរិតឱកាសនិយមរកស៊ី ខិលខូចយកមកហែកទូកុងតឺន័រនៅ ប្រទេសវៀតណាម ដើម្បីបន្លំធ្វើជាទំនិញចាប់ហួយវៀតណាម ដែលបង់ ពន្ធធូរថ្លៃ។ ទំនិញមកពីប្រទេសទី៣ បើតាមច្បាប់គយកម្ពុជា ក្នុង១ទូកុងតឺន័រ កាលពីមុនរដ្ឋតម្រូវឱ្យបង់ពន្ធ ចំនួន២៥០០ដុល្លារអាម៉េរិក ប៉ុន្តែឥឡូវឡើងថ្លៃឈ្មួញត្រូវបង់ពន្ធ ១ទូកុងតឺន័រ ថ្លៃ៧៥០០ដុល្លារអាម៉េរិក។ បើ និយាយពីទំនិញ អឹមអូយូ រវាង វៀតណាម និងកម្ពុជា ក្នុង១តោន ឈ្មួញត្រូវបង់ពន្ធចូលរដ្ឋត្រឹមតែ៥០ដុល្លារ អាម៉េរិក។ ដូច្នេះរដ្ឋត្រូវបាត់បង់ចំណូលពន្ធគយស្ទើរតែជិត១ម៉ឺនដុល្លារក្នុង ១ទូកុងតឺន័រ ដែលជាទំនិញមកពី ប្រទេសទី៣ បន្លំពន្ធធ្វើជាទំនិញ អឹមអូយូ។

ទំនិញហែកទូកុងតឺន័រ មកពីប្រទេសទី៣ អាចនាំចូលមកកម្ពុជាបានលុះត្រាណាតែមានចំណារពី អគ្គនាយក គយ លោក គុណ ញឹម ហើយច្រកដែលនាំចូលបានដូចជា កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ច្រកព្រំដែន អន្តរជាតិប៉ោយប៉ែត និងច្រកព្រំដែនអន្តរជាតិបាវិត។ ករណីខាងលើនេះម្ចាស់ទំនិញគេចពន្ធយកលុយយ៉ាង ហោចណាស់ក៍ជាង២០ម៉ឺនដុល្លារដែរដើម្បីទៅដោះស្រាយ ព្រោះវាត្រូវបង់ពន្ធផ្សេង និងផាកពិន័យផ្សេង។

គ្រប់ទំនិញទាំងអស់ក្នុង ១ទូកុងតឺន័រ គយបានកំណត់ឱ្យឈ្មួញដឹកជញ្ជូនទម្ងន់ត្រឹមតែ១៥តោនទៅ២០តោន។ ក៍ប៉ុន្តែទំនិញគេចពន្ធហែកទូកុងតឺន័រ ដែលមានម្ចាស់រស់នៅ ស្រុកគិរីវង់ ខែត្រតាកែវ គាត់ដឹកតាម «រថយន្ត យីឌុប» ដែលមានទម្ងន់ធ្ងន់ចាប់ពី៦០តោនទៅ៧០តោនឯណោះ ខណៈរថយន្តគាត់ចូលថ្លឹងទម្ងន់ជញ្ជីងនៅ ផ្លូវជាតិលេខ៣។ ក្រុមអនុលោមគយ របស់លោក ប៉ោ សួន បានចាប់រថយន្តយីឌុបដឹកទំនិញគេចពន្ធទាំង៤ គ្រឿងនោះទៅផ្ញើនៅ ទីស្នាក់ការសាខាគយ និងរដ្ឋាករ ខែត្រតាកែវ កាលពីសប្ដាហ៍មុន។

យោងតាមប្រភពពីមន្ត្រីគយម្នាក់បម្រើការងារនៅ ទីស្នាក់ការសាខាគយនិងរដ្ឋាករ ខែត្រកំពត បានបង្ហើបប្រាប់ «បាយ៉ង់ថាមស៍» ឱ្យដឹងថា មេឈ្មួញរកស៊ីដឹកទំនិញកាប់ដាវសុទ្ធសាធនេះ គឺក្នុង១ជើងៗគាត់អាចសល់លុយ យ៉ាងតិច២ម៉ឺនដុល្លារ។ ដូច្នេះហើយក្នុងមួយថ្ងៃគាត់អាចចាយលុយ១០០០ទៅ២០០០ដុល្លារ។ ទំនិញប្រើប្រាស់ គ្រប់ប្រភេទមកពី ប្រទេសទី៣ គ្រាន់តែវាចេញពី ប្រទេសចិន ភ្លាមនោះគឺ អគ្គគយកម្ពុជា ដឹងទិន្នន័យនៅកម្ពុជា ភ្លាមៗនោះដែរ។

ទំនិញគេចពន្ធ ហែកទូកុងតឺន័រ នៅវៀតណាម នេះពពួកឈ្មួញទុច្ចរិតរកស៊ីចំណេញកប់ក្ដោង។ ប្រភពដដែល បន្តទៀតថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹងទាំងអស់គ្រប់ទំនិញចេញ ឬចូលនៅតាមច្រកនានាក៍ គាត់មានមនុស្សជំនិតនៅចាំមើលទីនោះដែរ។ ទំនិញហែកទូកុងតឺន័រ នេះត្រូវ ក្រុមអនុលោមគយ របស់លោក ប៉ោ សួន ចាប់យ៉ាងតិច៣ដងមកហើយ ការចាប់លើកមុនៗគេដឹកសុទ្ធតែ ប្រភេទរថយន្តវេអង ( V1 ) ដែលវា មានប្រវែងវែងជាង រថយន្តយីឌុបភ្លៅ៥។ មេគយ ប្រចាំច្រកតន់ហន់ គេសង្ស័យថា បានបើកដៃឱ្យឈ្មួញនាំទំ និញគេចពន្ធដដែលៗអីចឹង អគ្គគយ លោក គុណ ញឹម គួរតែកោះហៅគាត់មកដុះក្អែកចេញម្ដង…។

លោក ប៉ោ សួន ហៅ ឡេង សុវណ្ណរិទ្ធ ហៅ ប្រុស ជាមនុស្សកំណាញ់ខ្លួននឹងអ្នកសារព័ត៌មាន។ ដូច្នេះអង្គភាព យើងពុំអាចសុំការបញ្ជាក់បន្ថែមបានទេជុំវិញករណីនេះ។ លោក ប៉ោ សួន ដែលត្រូវជាសាច់ឈាមនឹងឈ្មួញរក ស៊ីដឹកទំនិញហែកទូកុងតឺន័រគេចពន្ធ ដែលលោកធ្លាប់និយាយថា លោកធ្លាប់ចាប់ ទំនិញហែកទូកុងតឺន័រគេច ពន្ធខាងលើគឺធ្វើតាមបញ្ជាលោក គុណ ញឹម អគ្គនាយកដ្ឋានគយ។ ចំណែកបងប្អូន (ជីទូតមួយ) យើងត្រូវទុក មួយឡែកសិន…។

រីឯមន្ត្រីគយមួយរូបទៀតឈរជើងនៅ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខែត្របន្ទាយមានជ័យ យល់ឃើញថា វាអាចជាករណី អនុលោមភាពគឺ ក្រុមអនុលោមគយ របស់លោក ប៉ោ សួន មានការសង្ស័យក៍ឃាត់រថយន្ត ទាំងនោះ ដើម្បីធ្វើការផ្ទៀងផ្ទាត់វិក្កយបត្រពន្ធគយនឹងទំនិញជាក់ស្ដែង ហើយក៍ជាការឃាត់រថយន្តនោះឱ្យ ម្ចាស់ទំនិញបង់ពន្ធបង្គ្រប់បន្ថែមឱ្យគ្រប់ចំនួនដែលនៅខ្វះចម្លោះ។ ព្រោះស្ទើរតែគ្រប់ទំនិញចេញ ឬចូលទាំង អស់គឺពួកឈ្មួញពុំដែលបង់ពន្ធគយគ្រប់ចំនួននោះទេ…។

លោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ពុំបានឆ្លើយ តបឬបកស្រាយនឹងសំណួរ បាយ៉ង់ថាមស៍ នោះទេតាមប្រព័ន្ធ «តេឡេក្រាម» ដោយលោកគ្រាន់តែចូលមើល ហើយគ្មានចម្លើយអ្វីសោះ…។

កាលពីរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ លោក តែម សុធី ប្រធានការិយាល័យគយ និងរដ្ឋាករតន់ហន់ ខែត្រ កំពត បាននិយាយយ៉ាងខ្លីថា ខាងកន្លែងលោកពុំមានអីវ៉ាន់អីចឹងទេ…។

គួរបញ្ជាក់ថា បើទោះបីលោក តែម សុធី ព្យាយាមបដិសេធក្ដី ក៍ប៉ុន្តែកន្លងមកនៅ ច្រកតន់ហន់ ខែត្រកំពត ក៍ ធ្លាប់មានទំនិញគេចពន្ធហែកទូកុងតឺន័រ មកពីវៀតណាម ជាហូរហែដែលមានម្ចាស់ទំនិញខាងលើដដែលនោះ។ ករណីវាយទឹកបង្អើលត្រីពីសំណាក់ក្រុមលោក ប៉ោ សួន នោះកាលពីចុង ឆ្នាំ២០២២ មានមេៗគយជាច្រើននាក់ បានដោះលេងទំនិញគេចពន្ធក៍ត្រូវលោក ប៉ោ សួន ចាប់នៅទូទាំងប្រទេស ធ្វើឱ្យពួកឈ្មួញនិងគយ រត់ជាន់ ជើងគ្នា។ ខណៈនោះហើយដែលធ្វើឱ្យ មេៗគយ មួយចំនួនរត់ឡើងយកសួយមកជួបមេធំនៅ ភ្នំពេញ ក្នុងម្នាក់ ៗយ៉ាងតិចអស់ ហ្វែងគ្លីន២ទៅ៥កៅស៊ូធំ ដែរដើម្បីទប់កន្លែងខ្លាញ់ដ៏ឆ្ងាញ់ពិសានោះ៕