ចាប់ខ្លួនស្នងការរងខេត្តកំពតនិងបក្ខពួកពីរនាក់ទៀតជាមួយថ្នាំញៀនជិតពីរគីឡូក្រាម

0
345

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ សមត្ថកិច្ចបានចាប់ខ្លួន ស្នងការរងនគរបាល ខេត្តកំពត ម្នាក់និងបក្ខពួកចំនួនពីរនាក់ទៀតជាមួយថ្នាំ ញៀនចំនួនជិតពីរគីឡូក្រាម។ កិច្ចប្រតិបត្តិការនេះធ្វើឡើងកាលពីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅត្រង់ចំ ណតរថយន្ត ផ្សារខាលែនឌែលម៉ល ស្ថិតក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ។

កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១​ នេះថា ជនសង្ស័យទាំងបី នាក់ដែលជាប់ពាក់ព័ន្ធនឹង គ្រឿងមេតំហ្វេតាមីន ICE ជិតពីរគីឡូក្រាមនោះមានដូចជា ទី១.ឈ្មោះ អ៊ឹម ឈួន ភេទប្រុសអាយុ៥១ឆ្នាំ (អាវក្រហម) ជាស្នងការរងនគរបាល ខេត្តកំពត ទទួលផែនអគ្គិភ័យ និងអាវុធជាតិផ្ទុះ។
ទី២.ឈ្មោះ ហុង គា អាយុ៦១ឆ្នាំនិងទី៣.ឈ្មោះ កែវ ទិត្យមេសា អាយុ២១ឆ្នាំ។ការចាប់ខ្លួនពួកឧក្រិដ្ឋជនគ្រឿង ញៀនទាំងបីនាក់នេះដោយ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ។

ប្រភពបានឲ្យដឹងទៀតថា មុនឈានដល់ការបង្ក្រាប និងចាប់ខ្លួនជនសង្ស័យទាំងបីនាក់នេះ គឺកម្លាំងជំនាញធ្វើ ឡើងតាមរយៈចុះអនុវត្តវិធានញុះញង់ដោយដកហូតសារធាតុញៀនប្រភេទ ម៉េតំហ្វេតាមីន (ICE) មានទម្ងន់ ១៧៣៨.៣៣ក្រាម ឬ ស្មើជិតពីរគីឡូក្រាម។

យោងតាមអគ្គស្នងការរងនគរបាលជាតិលោក ឆាយ គឹមខឿន បានបញ្ជាក់នៅល្ងាចនេះដែរថា ពិតជាមានការ ចាប់ខ្លួន ស្នងការរង និងបក្ខពួកពីរនាក់មែន។ សមត្ថកិច្ចកំពុងតែធ្វើការរឿងនេះហើយ…។

ចំណែកលោក ម៉ៅ ចាន់មធុរិទ្ធ ស្នងការនគរបាល ខេត្តកំពត បានបញ្ជាក់ខ្លីថា សូមបងសួរទៅខាងឯកឧត្តម ម៉ក់ ជីតូ ទទួលផែនខាងគ្រឿងញៀន។ ខ្ញុំមិនទាន់ទទួលបានរឿងហ្នឹងទេ…។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់កំពុងត្រូវបាន កម្លាំងជំនាញធ្វើការសាកសួរ និងឈានទៅកសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូង រាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់។ សមត្ថកិច្ចកំពុងតែបន្តស្រាវជ្រាវ រកបក្ខពួកនិងមេក្លោងធំ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕