ភ្នំពេញៈ លោកផ្កាយបី ស៊ុន ហួរ ទីប្រឹក្សា ក្រសួងមហាផ្ទៃ ដែលសម្បូររឿងអាស្រូវ ត្រូវសមត្ថកិច្ចនគរបាលការិយា ល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចាប់ខ្លួនពាក់ព័ន្ធរឿងលក់ដីខ្យល់ទៅឱ្យ ជនរងគ្រោះម្នាក់ ដែលមានទំហំទឹកប្រាក់ជាង៣លានដុល្លារអាម៉េរិក។ ការចាប់ខ្លួននេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ទៅតាមពាក្យបណ្ដឹងជនរងគ្រោះ។
ពាក់ព័ន្ធរឿងរំលោភទំនុកចិត្តដែលមានថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ គឺប្រមាណជាង៣លានដុល្លារអាម៉េរិកនេះ នគរបាល រាជធានីភ្នំពេញ នឹងបញ្ជូនខ្លួនជនសង្ស័យទៅកាន់ អយ្សការអមសាលាដំបូង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់។
បើយោងតាមប្រភពពី ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែសីហា ថា លោកឧត្តមសេនីយ៍ឯក ស៊ុនហួរ ទីប្រឹក្សា ក្រសួងមហាផ្ទៃ ដែលសម្បូររឿងអាស្រូវគឺពាក់ព័ន្ធបណ្ដឹងជនរងគ្រោះម្នាក់ដែលបានប្ដឹងចោទប្រកាន់ពីបទ រំលោភទំនុកចិត្តប្រើប្រាស់ឯកសារក្លែងក្លាយ និងក្លែងបន្លំឯកសារសាធារណៈ លក់ដីខ្យល់ដែលមានទឹកប្រាក់ប្រមាណជាង៣លាន៦សែនដុល្លារអាម៉េរិក។
ចំណែកប្រភពមួយទៀតបានបង្ហើបថា ឧត្តមសេនីយ៍ ឯក ស៊ុន ហួរ រងនូវបណ្តឹងចោទប្រកាន់ថា បានយកប្លង់ដីចំនួន៧ប្លង់ទៅដាក់យកប្រាក់ពីដើមបណ្តឹងមានបីករណី។ ប្លង់ដីនោះនៅពេលដាក់តម្កល់យកប្រាក់ គឺឈ្មោះ ស៊ុន ហួរ ប៉ុន្តែនៅពេលភាគីដើមបណ្តឹងបានយកប្លង់ទៅផ្ទៀងផ្ទាត់នៅ មន្ទីរសូរិយោដី ទើបមានការឆ្លើយតបមកវិញថា ជាប្លង់ដីមិនមែនឈ្មោះ ស៊ុន ហួរ ទេ។ លក្ខណៈនេះហើយដែលធ្វើឲ្យម្ចាស់ប្រាក់កើតទុក្ខមិនសុខចិត្តក៍ដាក់ពាក្យប្តឹងទៅសមត្ថកិច្ចឲ្យចាត់ការជននេះពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ។
គួរបញ្ជាក់ថា ជុំវិញការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃ រូបនេះគេពុំទាន់ឃើញមានចេញ ព្រះរាជក្រឹត្យ ដកស័ក្ដិយសនោះទេ។ រីឯឈ្មោះជនរងគ្រោះឬដើមបណ្ដឹង ក៍ពុំត្រូវបានគេបង្ហាញជាសាធារណៈនោះដែរ៕