គយច្រកព្រែកចាកបានបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ និងផលិតផលខុសច្បាប់

0
425

ដោយៈ បាយ៉ង់ថាមស៍
ភ្នំពេញៈ លោកប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បានរងនូវការចោទប្រកាន់ពី ក្រុម មន្ត្រីក្រោមឱវាទ និងអាជីវករក្នុងការបើកដៃឲ្យក្រុមឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ជាច្រើនប្រភេទពី ប្រទេសវៀតណាមចូលមកកម្ពុជា។ ចំណែកឈ្មួញតូចតាចឯណោះវិញ នាំចូល ពងមាន់ ពងទា និងបន្លែផ្លែឈើត្រីសាច់ ពីវៀតណាមត្រូវបង់លុយឲ្យលោកគយគ្រប់ចំនួនមិនលើក លែងនោះឡើយ។

មន្ត្រីបានបន្តទៀតថា សព្វថ្ងៃលោក វង្ស ធី ប្រធានការិយាល័យគយច្រកទ្វារព្រំដែនព្រែកចាក ទើបចូលកាន់ តំណែងថ្មី និងលោក រស់ សាត អនុប្រធាន ព្រមទាំងបក្ខពួកបានគាបសង្កត់យកលុយពីឈ្មួញ និងអាជីវករ រកស៊ីតូចតាចនាំចូល ពងមាន់ ពងទា និងបន្លែផ្លែឈើ ពីវៀតណាមស្រេចតែនឹងអំពើចិត្ត។ ចំណែកឈ្មួញធំៗ វិញត្រូវលោក វង្ស ធី និងលោក រស់ សាត ព្រមទាំងកូនចៅបើកដៃឲ្យ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធ មិនគ្រប់ យ៉ាងរលូនហើយសូម្បីតែទំនិញប្រភេទដូចជា ចំណីអាហារខូចគុណភាព និងផ្ទុកសារធាតុគីមីក៍លោក ទាំងពីរបានគប់គិត (ឃុបឃិត) ឲ្យឈ្មួញខ្សែបក្ខពួកខ្លួននាំចូលយ៉ាងរលូន…។

មន្រ្តីគយក្នុង ខែត្រកំពត ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ នេះថា លោក វង្ស ធី ប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងលោក រស់ សាត អនុប្រធាន មិន ខ្លាចញញើតក្នុងការប្រព្រឹត្តអំពើពុករលួយ គឺដោយសារអាងមានខ្នងបង្អែកដ៏រឹងមាំនៅក្នុង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ជាងនេះទៅទៀត ប្រ​ភពបានធ្វើការលាតត្រឡាងចំៗថា លោក វង្ស ធី ក៍ដូចលោក រស់ សាត កំពុងតែក្លាយ ជាខ្នងបង្អែករបស់ក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីវៀតណាម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមបក្ខពួកនិយមគឺគ្មានគិតអំពីផលប្រយោជន៍ជាតិឡើយ។

ក្រុមមន្ត្រីក៍ដូចប្រជាពលរដ្ឋរស់នៅតំបន់ព្រែកចាកបានសំណូមពរដល់ថ្នាក់លើ ជាពិសេស មន្ត្រីអធិការកិច្ច នៃក្រសួងសេដ្ឋកិច្ច និងអង្គភាពប្រឆាំងអំពើពុករលួយ របស់លោក ឳម យ៉ិនទៀង ចុះធ្វើការស៊ើបអង្គេត ត្រួតពិនិត្យស្រាវជ្រាវមើលអំពើពុករលួយរបស់លោក វង្ស ធី និងលោក រស់ សាត ព្រមទាំងបក្ខពួកនេះផង។ គយព្រែកចាកនេះនៅតែបំពានម្ដងហើយម្តងទៀតនឹង សេចក្ដីជូនដំណឹងរបស់ ក្រសួងកសិកម្ម ទាក់ទងការឱ្យ នាំចូលពងមាន់ ពងទា ខុសច្បាប់ចូលមកកម្ពុជា ព្រមទាំងទំនិញគេចពន្ធនានា។

ដើម្បីទប់ស្តាត់ពីគ្រោះថ្នាក់សុខភាពសាធារណៈពលរដ្ឋកម្ពុជា ក្រសួងកសិកម្ម ចេញសារាចរណែនាំមួយ លេខ ០៨៧ សរណន.កសក ស្តីពី «វិធានការទប់ស្តាត់ជំងឺផ្ដាសាយបក្សី» ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។ កន្លងមក ក្រសួងកសិកម្ម បានចេញលិខិតណែនាំនិងជូនដំណឹងដល់ អ្នកចិញ្ចឹមសត្វ អ្នកធ្វើអាជីវកម្មសត្វ និងផលិតផល សត្វ ជាពិសេសបក្សី និងផលិតផលពីបក្សី ក្នុងការបង្ការ និងទប់ស្តាត់ «ជំងឺផ្ដាសាយបក្សី» ស្របពេលដែល បច្ចុប្បន្នកម្ពុជាមានការប្រែប្រួលអាកាសធាតុជា ត្រជាក់និងក្ដៅបើទោះបីជា «ជំងឺផ្ដាសាយបក្សី» បានស្ងប់ស្ងាត់ ចាប់តាំងពី ឆ្នាំ២០១៩ រហូតមកទល់នឹងពេលនេះក៍ដោយ។

យោងតាមប្រភពអាជីវកររកស៊ីតាម ច្រកព្រំដែនព្រែកចាក បានប្រាប់ «បាយ៉ង់ថាមស៍» ឳ្យដឹងនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ នេះថា លោក វង្ស ធី និង លោក រស់ សាត ប្រធាននិងអនុប្រធានប៉ុស្ដិ៍ច្រកទ្វារព្រំដែន អន្តរជាតិព្រែកចាក ស្ថិតនៅ ស្រុកកំពង់ត្រាច ខែត្រកំពត បានបើកដៃឳ្យក្រុមឈ្មួញរកស៊ីខុសច្បាប់នាំចូល កូនមាន់ កូនទា និងផលិតផលបក្សី សត្វបក្សីពីវៀតណាមមកចូលកម្ពុជាជាថ្នូរនឹងប្រាក់ក្នុងមួយឡានចំនួន ៣០ម៉ឺនរៀលឳ្យទៅ «លោកគយញ៉េស» ដាក់ហោប៉ាវធ្វើមានបានលើគំនរទុក្ខទឹកភ្នែកពលរដ្ឋខ្មែរក្រីក្រ។

ក្រុមអាជីវករក៍ដូចជាប្រជាពលរដ្ឋ រស់នៅតំបន់ព្រែកចាក បានលើកជាសំណួរថា មូលហេតុអ្វីបានជាលោក វង្ស ធី និងលោក រស់ សាត បើកដៃឳ្យឈ្មួញនាំចូល កូនមាន់ កូនទា និងផលិតផលសត្វបក្សី មកកម្ពុជាដោយ សេរីទៅវិញ ? សំណួរគ្មានចម្លើយនេះត្រូវប្រភពបន្តទៀតថា ថៅកែនាំកូនមាន់ កូនទា និងផលិតផលបក្សីគឺ ឈ្មោះ ចែវី ជនជាតិវៀតណាម ជាអ្នកដើរទិញប្រមែប្រមូល កូនមាន់ កូនទា និងផលិតផលសត្វបក្សីនៅវៀត ណាម ដើម្បីយកមកលក់បន្តឳ្យឈ្មោះ ស្រីដាវ ជាបងបង្កើតសម្រាប់ចែកចាយបន្តនៅកម្ពុជា។ ព្រោះតែផលប្រ យោជន៍បុគ្គលយកតួនាទីការងាររដ្ឋធ្វើជារបររកស៊ីពួកគេមិនខ្លាចញញើតនឹងបំផ្លាញសុខភាពប្រជាពលរដ្ឋខ្មែរ ឡើយ សំខាន់ឱ្យតែ «បានលុយ» ធ្វើអ្វីក៍ហ៊ានដែរ…។

អាជីវករម្នាក់ងារជា «ឧកញ៉ា» បានរកស៊ីដឹកទំនិញពីវៀតណាមចូលមកកម្ពុជា លើកឡើងថា នៅតាមច្រកព្រំ ដែនស្ទើរគ្រប់កន្លែង គ្រប់ទំនិញទាំងអស់ គឺបង់ពន្ធមិនគ្រប់ឡើយ។ ពីព្រោះវាថ្លៃពេកធ្វើឱ្យពលរដ្ឋ ប្រើប្រាស់ ពុំមានលទ្ធភាពទិញរបស់របបប្រើឡើយ។ ចំណែក ទំនិញគេចពន្ធ គឺមានតែ អាល់កុលមួយគត់ដែលត្រូវមាន លិខិតអនុញ្ញាតពី ក្រសួងសុខាភិបាល ហើយទំនិញមាន សារធាតុគីមីពុល នាំចូលពីវៀតណាមភាគច្រើនគឺ ចំណីអាហារគ្រប់ប្រភេទដែលគ្មានការត្រួតពិនិត្យពី កាំកុងត្រូល ឡើយ។

នៅល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ លោក រស់ សាត ជាអនុប្រធានគយព្រែកចាក ដែលនឹងត្រូវចូលនិវត្តន៍ ជាងមួយឆ្នាំទៀតនោះបានចាត់ទុកប្រភពខាងលើថា ជាការនិយាយលើស។ ពីព្រោះកន្លែងខាងលោកជាច្រក លេខបី ហើយត្រូវដឹកទំនិញវាងឆ្ងាយ ដូច្នេះពុំសូវមានទំនិញចេញចូលឆ្លងកាត់ច្រើនដូច ច្រកបាវិត ជ្រៃធំ និង ភ្នំដិន នោះឡើយ។ លោកបន្តថា ច្រកនេះពុំមាន ដឹកពងមាន់ ពងទា តាមរ៉ឺកម៉ូតូសណ្ដោងនោះទេ គឺមានតែដឹក តាមម៉ូតូប៉ុណ្ណោះ។

គួរបញ្ជាក់ថា បើផ្អែកតាមសារព័ត៌មានរបស់ ប្រទេសវៀតណាម ចុះផ្សាយកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅ ខែត្រត្រាវិញ ភាគខាងត្បូងវៀតណាមមានករណីផ្ទុះ «ជំងឺផ្ដាសាយបក្សី» បង្កឡើងដោយ «វីរុសប្រ ភេទ A/H5N1» ហើយត្រូវបានកម្ទេចសត្វមាន់ចោលប្រមាណជាង៥៥០០០ក្បាល៕

លោក រស់ សាត អនុប្រធានគយព្រែកចាក

លោក រស់ សាត អនុប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្ដរជាតិព្រែកចាក។