ខេត្តកំពង់ចាមគ្រោងប្រែក្លាយតំបន់ប្រវត្តិសាស្រ្តស្រុកស្រីសន្ធរទៅជាតំបន់ទេសចរណ៍

0
681

ដោយ: កោះប៉ែន
កំពង់ចាម: អាជ្ញាធរ ខេត្តកំពង់ចាម គ្រោងប្រែក្លាយទីតាំង ប្រាសាទបុរាណ រាជវាំងB និងជារាធានីរបស់ខ្មែរ ចន្លោះ ឆ្នាំ១៣៩៤ ដល់ ឆ្នាំ១៦១៨ ដែលក្រសួងវប្បធម៌និងវិចិត្រសិល្ប: ចាត់ទុកជាតំបន់ទេសចរណ៍ ប្រវត្តិ សាស្ត្រខ្មែរ។

លោក សឹង ភារុំ ប្រធាន មន្ទីរវប្បធម៌និងវិចិត្រសិល្ប: ខេត្តកំពង់ចាម និងមន្រ្តីជំនាញពាក់ព័ន្ធច្រើនរូបទៀត ដែលបានអមដំណើរលោក អ៊ុន ចាន់ដា អភិបាលខេត្តចុះពិនិត្យ និងសិក្សាទីតាំងខាងលើនាចុងសប្តាហ៍ កន្លងទៅបាននិយាយថា ជាដំបូងនេះលោកអភិបាលខេត្តបានដឹកនាំមន្រ្តីជំនាញចុះទៅកាន់សិក្សាតំបន់ ប្រវត្តិសាស្រ្ត ប្រាសាទព្រះធាតុ ដែលមានទទឹងប្រវែង១៧០ម៉ែត្រ និងបណ្តោយប្រវែង២០០ម៉ែត្រ ស្ថិតក្នុង ភូមិកំផ្លាក ឃុំបារាយណ៍ ស្រុកស្រីសន្ធរ។

ប្រធានមន្ទីរបានឳ្យដឹងទៀតថា ប្រាសាទព្រះធាតុ ដែលមានទំហំទទឹងប្រវែងប្រាំពីរ និងបណ្តោយប្រវែង ២០ម៉ែត្រដើមឡើយ បានបាត់កំពូលប្រាង្គ ហើយកាលពីចុង ឆ្នាំ២០១៩ ក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានចំណាយថវិកាជួសជុលប្រក់ដំបូលជំនួសកំពូលប្រាង្គ ដែលបានបាក់បែកបាត់។ ដោយបានអភិរក្ស កំណាយរកឃើញរូបចម្លាក់បន្ថែមទៀត។

លោក ភារុំ បានបន្តថា លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានប្រាប់ឳ្យមន្ទីរ អង្គភាពពាក់ព័ន្ធ រួមសហការគ្នាប្រែក្លាយនិងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តមួយនេះទៅជាតំបន់រមណីយដ្ឋានទេសចរណ៍។ ដោយយើងអំពាវនាវរកលទ្ធភាពអភិវឌ្ឍន៍ប្រព័ន្ធផ្លូវចម្ងាយជិត១០គីឡូម៉ែត្រចាប់ពី ផ្លូវបេតុងជាប់
ដងទន្លេមេគង្គទីប្រជុំជន ឃុំព្រែកដំបូក មកកាន់តំបន់ ប្រាសាទព្រះធាតុ នេះ។

លោកបានបន្ថែមថា បន្ទាប់ពីស្ថាបនាបានផ្លូវល្អ និងមានសុវត្ថិភាពហើយ យើងនឹងបង្កើតប្លង់គោល គឺដើម្បីធ្វើបទបង្ហាញរៀបរាប់ពីសក្តានុពលនៅតំបន់ប្រាសាទព្រះធាតុ និងតំបន់ជុំវិញជាច្រើនកន្លែង  ផ្សេងទៀត ជម្រាប់ប្រាប់ភ្ញៀវទេសចរជាព័ត៌មាន។ ព្រោះក្រៅពីប្រាសាទមួយនេះ គឺនៅមានទីតាំងបុរាណ
ជាច្រើនកន្លែងទៀតដូចជា បន្ទាយបាកាន ទួលក្តី ទួលបាសាន…ជាដើម។ល។

លោក ស៊ីម គង់ អភិបាល ស្រុកស្រីសន្ធរ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា តំបន់ទួលបាសានធ្លាប់មាន ឈ្មោះជា ខេត្តបាសាន ដែលបច្ចុប្បន្នជាតំបន់ទួលបាសាន ស្ថិតក្នុង ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលមានប្រាសាទឈ្មោះ «ព្រះធាតុទួលបាសាន» គឺខេត្តនេះធ្លាប់ជារាជធានីរបស់
ខ្មែរដែលមានព្រះរាជាគ្រងរាជជាច្រើនជំនាន់នៅទីនោះ។

អភិបាលស្រុកបានបន្តថា តាមឯកសារស្រាវជ្រាវគឺ ឆ្នាំ១៣៩៤-១៤៦៣ ព្រះបាទពញាយ៉ាត ទ្រង់បាន កកើតទ័ពនៅទីនោះចំនួនប្រាំខែ ហើយលើកទ័ពវាយរំដោះ ក្រុងអង្គរ យកពីសៀមវិញ។ ឆ្នាំ១៤៧២-១៤៨៦ ព្រះបាទស្រីសុរិយោទ័យ រាជបុត្រ ព្រះបាទនរាយណ៍រាជា ត្រូវជាចៅ ព្រះបាទពញាយ៉ាត ដែលបានអាក់ អន់ចិត្តមិនបានស្នងរាជពីបិតាក៍មកតាំងបង្កើតតំបន់ស្វយ័តនៅទីនោះគ្រប់គ្រង ទួលបាសាន រោងដំរី ព្រៃនគរ លង្ហោ ព្រៃបាក់ដែង ទៅដល់ នគរចម្ប៉ា។

ឆ្នាំ១៥៩៣-១៥១២ ព្រះបាទស្រីសុគន្ធបទ ជាបុត្រ ព្រះបាទធម្មរាជា និងជាចៅ ព្រះបាទពញាយ៉ាត បានមកគង់នៅ រាជវាំងទួលបាសាន ប្រកបកិច្ចការផែនដី។ ដោយទុក ព្រះអនុចមហាឧបរាជ អង្គចន្ទ គង់នៅគ្រប់គ្រង រាជវាំងចតុម្មុខ។ ឆ្នាំ១១៥៩៣-១៥៩៦ ព្រះបាទរាមាជើងព្រៃ ជាក្សត្រដឹកនាំកងទ័ព
វាយលុក ក្រុងលង្វែក ត្រូវបានសៀមដុតបំផ្លាញខ្ទេចអស់នោះក៍បានមកគង់នៅ រាជធានីបាសាន ដែរនិងក៍បានសុគតនៅទីនោះ។

ឆ្នាំ១៥៩៦-១៦០៣ ស្តេចអង្គតន់ ,ស្តេចអង្គអន និងស្តេចកែវាពញាញោម និងចុងក្រោយ ឆ្នាំ១៦០៣-១៦១៨ ព្រះបាទ ស្រីសុរិយោពណ៌ ជាក្សត្រដែលទទួលការគោរពស្រឡាញ់ចូលចិត្តពីប្រជារាស្រ្ត។ នៅពេលសៀម វាយលុក ក្រុងលង្វែក ព្រះអង្គបានប្រយុទ្ធយ៉ាងស្វិតស្វាញតទល់នឹងពួកចោរសៀមឈ្លានពានទឹកដីខ្មែរ៕