ក្លិបអ្នកកាសែតកម្ពុជាចេញសេចក្ដីថ្លែងការណ៍រួម«វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៩»

0
167

ដោយៈ អធិបតី
ភ្នំពេញៈ បន្ទាប់ពីមានការផ្លាស់ប្តូរប្រធានចំនួនបីនាក់រួចមក ក្លិបអ្នកកាសែតកម្ពុជា ហៅកាត់ថា (កអក) ដែល មានអាយុកាលជិត២៣ឆ្នាំបានបើក «វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៩» ក្នុងប្រធានបទ «ការ ពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា» អញ្ជើញជាអធិបតីលោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់លោករដ្ឋមន្ត្រី ក្រសួងព័ត៌មាន ស្ថិតនៅ សណ្ឋាគារកាំបូឌីយ៉ា ណា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២។

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៩ (វ.ន.ស.ក) នៅក្នុង ឆ្នាំ២០២២ នេះក្លិបបានចេញ សេចក្ដី ថ្លែការណ៍រួម មាន៩ចំណុចសំខាន់ៗដើម្បីលើកស្ទួយតម្លៃនៃអ្នកសារព័ត៌មាន និងមានជំនឿពីមហាជនមកលើ សារព័ត៌មាននៅកម្ពុជា។ វេទិកានេះ មានអ្នកចូលរួមចំនួន៩២នាក់បានពិភាក្សាកែលម្អខ្លឹមសារដ៏ល្អនៃសេចក្ដី ថ្លែងការណ៍រួម បានដោយជោគជ័យ។

លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់របស់ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន អាន សារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេច តេជោ បានផ្តល់អនុសាសន៍ប្រាំចំណុចសំខាន់ៗនៅក្នុង សារលិខិតដ៏មានអត្ថន័យដើម្បីធ្វើជាមូលដ្ឋានក្នុងការ ពិភាក្សា និងរៀបចំទិសដៅសម្រាប់អនុវត្ត ដូចខាងក្រោមៈ

ទី១. ពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌ និងវិជ្ជាជីវៈ ឱ្យបានខ្ជាប់ខ្ជួន និងប្រឆាំងជនឱកាសនិយមជ្រកក្រោម ស្លាក សារព័ត៌មាន ដើម្បីរក្សាគុណតម្លៃ និងសេចក្ដីថ្លៃថ្នូរបស់ ស្ថាប័នសារព័ត៌មាន។

ទី២. បណ្ដុះបណ្ដាល អ្នកសារព័ត៌មាន ទាំងផ្នែកវិជ្ជាជីវៈ និងបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីឱ្យអ្នក សារព័ត៌មាន របស់យើងដើរទាន់ការវិវដ្ត នៃប្រព័ន្ធផ្សព្វផ្សាយទំនើប នាពេលបច្ចុប្បន្ន។

ទី៣. ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងមិនត្រូវធ្វើជាភ្នាក់ងារចែកចាយព័ត៌មានក្លែងក្លាយបំពុល សង្គម ដែលធ្វើឱ្យប្រទេសធ្លាក់ទៅក្នុងភាពចលាចល បាត់បង់សណ្ដាប់ធ្នាប់សង្គម។

ទី៤. បន្តផ្សព្វផ្សាយនូវវិធានការការពារ និងទប់ស្ដាត់ការឆ្លងរីករាលដាលនៃ ជំងឺកូវីដ១៩ ឱ្យកាន់តែសកម្មថែម ទៀត និងណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ បានទៅចាក់វ៉ាក់សាំងកូវីដ១៩ បានគ្រប់ៗគ្នា។

ទី៥. ផ្សព្វផ្សាយដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ ផ្ទះឱ្យបានទូលំទូលាយ និងជ្រួតជ្រាបដល់គ្រប់ស្រទាប់មហាជន។

លោក ពុយ គា ប្រធាន ក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា យើងនឹងមានបើក វេទិកានិពន្ធនាយកសារ ព័ត៌កម្ពុជា នៅតាមបណ្ដាខែត្រវិញម្ដងនៅឆ្នាំក្រោយដើម្បីផ្លាស់ប្តូរទីតាំងថ្មីកុំឱ្យនៅកន្លែងដដែលៗ។ វាជាគោល បំណង នៃការបង្កើត ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត។

ចំណែកលោក ផូស សុវណ្ណ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃ ក្រសួងព័ត៌មាន មានប្រសាសន៍ខ្លីថា ការបញ្ចេញមតិរបស់អស់លោកនិងលោកស្រី នឹងមានការកត់ត្រាទុកដើម្បីយកទៅដាក់ជូនថ្នាក់ដឹកនាំ ក្រសួង ព័ត៌មាន៕