ក្លិនស្អុយជ័រកៅស៊ូកំពុងតែជះចូលក្នុងសាលារៀននិងគ្របដណ្ដប់ផ្ទះពលរដ្ឋជាង១០០គ្រួសារនៅក្រុងបានលុង

0
145

ដោយៈ បានលុង
រតនគិរី: ក្លិនស្អុយជ័រកៅស៊ូរបស់ឈ្មួញ វៀតណាមឈ្មោះ យាយហាយ ស្ដុកទុកកំពុងតែជះក្លិនអាក្រក់សាយ ភាយចូលទៅក្នុងសាលារៀន និងគ្របដណ្ដប់ផ្ទះប្រជាពលរដ្ឋរស់នៅក្បែរខាងជាង១០០គ្រួសារ។ ឃ្លាំងស្ដុកជ័រកៅស៊ូស្អុយនេះស្ថិតនៅ ភូមិសិល្ប៍សង្កាត់យក្សឡោម ក្រុងបានលុង ខែត្ររតនគិរី នាដីឡូត៍មួយកន្លែងធ្វើអាជីវកម្មតាំងពី ឆ្នាំ២០២០ មក។

ឈ្មួញវៀតណាមរូបនេះរកស៊ីប្រមូលទិញ ជ័រកៅស៊ូ និងជ័រកក ពីអ្នកចម្ការយកមកស្ដុកទុកលុះពេលបានច្រើនតោនទើបគេយករថយន្ដធុនធំដឹកទៅលក់បឲ្យវៀតណាមតាម ច្រកវ៉ាលឺ ស្រុកស្នួល ខែត្រក្រចេះ។

លោក សា រុណ នាយកសាលាបឋមសិក្សា ហ៊ុន សែន យក្សឡោម បានឲ្យដឹងថា ក្លិនស្អុយដែលជះចេញពីឃ្លាំងជ័រកៅស៊ូនោះវាសាយភាយចូលក្នុងសាលាស្ទើរគ្រប់ពេលសិស្សរៀនសូត្រមិនចង់កើតរៀងរាល់ថ្ងៃ។

លោកបញ្ជាក់ថា ដោយខ្លាចប៉ះពាល់ដល់ផ្លូវដង្ហើមសិស្សនិងគ្រូ កន្លងមកលោកនាយកសាលាក៍បានរាយការណ៍ទៅចៅ សង្កាត់យក្សឡោម ឲ្យមានវិធានការទប់ស្កាត់។ ក៍ប៉ុន្ដែវាកាត់បន្ថយក្លិនស្អុយនោះបានតែ មួយរយ:ពេលខ្លីប៉ុណ្ណោះ។

លោកស្រី ផង់ ក្ដិប ចៅសង្កាត់យក្សឡោម បានប្រាប់ឲ្យដឹងថា បញ្ហាជ័រកៅស៊ូស្អុយ កន្លងមកមានប្រជាពលរដ្ឋបានប្ដឹងផ្ទាល់មាត់ដែរកាលណោះ កម្លាំងចម្រុះបានចុះទៅធ្វើការអប់រំណែនាំម្ចាស់ឃ្លាំងឲ្យធ្វើអនាម័យសម្អាតកន្លែងឲ្យបានល្អជាប្រចាំនិង កុំឲ្យស្តុកជ័រទុកយូរពេកនាំឲ្យមានក្លិនស្អុយចេញមកក្រៅវាបង្កផលប៉ះពាល់ដល់សុខភាពពលរដ្ឋក៍ដូចសិស្សសាលាដែលរៀននៅជិតទីនោះ។

អភិបាល ក្រុងបានលុង លោក ធូ ឃឿ លើកឡើងថា លោកពុំទាន់បានដឹងរឿងអ្វីទេ តែចាំមើលចាត់កម្លាំងឲ្យចុះទៅពិនិត្យមើលសិន…។

រីឯប្រធានមន្ទីរបរិស្ថាន ខែត្ររតនគិរី លោក ផុន ខេមរិន្ទ បានប្រាប់ថា កន្លងមកលោកធ្លាប់ទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋដែលរស់នៅជុំវិញឬក្បែរខាងនោះដែរ។ កាលណោះកម្លាំងលោកបានចុះទៅពិនិត្យ និងធ្វើការអប់រំគាត់រួចជាច្រើនដងមកហើយ។ តែពេលនេះបើមានក្លិនស្អុយពីជ័រកៅស៊ូទៀតចាំព្រឹកស្អែកលោកនឹងឱ្យកម្លាំងចុះទៅត្រួតពិនិត្យមើលម្ដងទៀត…។

គួរកត់សម្គាល់ថា កន្លែងស្តុកជ័រកៅស៊ូនេះកន្លងមកធ្លាប់បានហូរទឹកជ័រស្អុយចេញពាសវាលពាសកាលរហូតដល់ផ្លូវជាតិលេខ៧៨អា ហើយនៅពេលឡានដឹកជ័រកៅស៊ូចេញទៅទីផ្សារ យាយហាយ មិនបានវិចខ្ចប់ឲ្យបានត្រឹមត្រូវនោះទេ៕