ក្រុមហ៊ុនសេងសម្បត្តិទិញទឹកចិត្តមន្រ្តីជំនាញបានជាមួយសំណូករាប់ម៉ឺនដុល្លារចាក់ដីលុបអាងទឹកដងទង់បានសម្រច កង្វល់ប្រជាពលរដ្ឋមិនមានដំណោះស្រាយ

0
151

 

ស្រុកដងទង់ ៖ ទីតាំងដីមួយកន្លែងដែលមានទំហំសរុបជាង១២ហិចតា ក្នុងនោះរួមមាន ដីចំណីអាងប្រជាពលរដ្ឋអាស្រ័យផល ផ្ទៃអាងទឹកនិងដីប្រជាពលរដ្ឋអាស្រ័យផលនៅតាមបណ្តោយផ្លូវ លេខ១៣៥ ត្រូវបានក្រុមហ៊ុនលោក សេង សម្បត្តិ ដឹកដីចាក់បំពេញយ៉ាងគគ្រឹកគគ្រេងតែអាជ្ញាធរមូលដ្ឋាន មិនមានចំណាត់ការនោះទេ ទោះជាមានពាក្យបណ្តឹងពីប្រជាពលរដ្ឋនិងការផ្សាយព័ត៌មាន ពីបណ្តាអង្គភាព សារព័ត៌មានក្នុងស្រុកច្រើនយ៉ាងណាក្តី ។

តែបើយោងតាមឯកសារដែលអង្គភាព«ខ្មែរខូវឺធីវី»ទទួលបាន បានបង្ហាញអោយឃើញថាឈ្មួញអាចធ្វើទៅបានដោយសារអាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញជាអ្នកបើកភ្លើងខៀវអោយក្រុមហ៊ុន និងទប់ទល់ប្រជាពលរដ្ឋណាដែលតវ៉ាលើដីរបស់ខ្លួននេះបើនិយាយជារួម តែបើនិយាយដាច់ដោយឡែកលោក សេង សម្បត្តិ មានសិទ្ធពេញទីរហូតបញ្ជាអោយលោក ស៊ីវ ផេង អភិបាលស្រុកដងទង់ និងជំនាញធ្វើតាមការចង់បានរបស់ខ្លួនទៀតផង។

 

លោក សេង សម្បត្តិ អាយុ ៤៩ឆ្នាំ រស់នៅភូមិអង្គសេរី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលជាម្ចាស់ក្រុមហ៊ុន សេង សម្បត្តិ រៀលអេសស្ទេត ឯ.ក មានអាសយដ្ឋានស្ថិតនៅផ្លូវ ១០៣ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ពិតជាមានទស្សនវិស័យខ្ពស់ និងមានគំនិតជ្រៅណាស់ ។ ដំបូងឡើយអោយលោក ណែម សារឿន ជាអ្នកទៅលួងលោមបញ្ចុះបញ្ចូលលោក តិល រិន មេភូមិសុភី ឈរឈ្មោះជាតំណាងប្រមូលគៀងគរដាក់ឈ្មោះប្រជាពលរដ្ឋលក់ដីអោយខ្លួនបានចំនួន ២០គ្រួសារ នៅអំឡុងចុងខែធ្នូ ឆ្នំា២០២០ ។

លោក តិល រិន ដដែលក៏បានបញ្ជាក់អោយសារព័ត៌មានខ្មែរខូវឺធីវីដឹងផងដែរថា ៖ លោកឈរឈ្មោះជាតំណាងលក់ដីអោយលោកណែម សារឿន តែ២០គ្រួសារប៉ុណ្ណោះ ដែលមានដីអាស្រ័យផលនៅចំណីអាងទឹកដងទង់ ដោយឡែកដីបំរុងរដ្ឋ ដីអាងទឹកគាត់មិនធានាអះអាងទេ គឺទុកអោយរដ្ឋជាអ្នកចាត់ចែង តែក្រោយមកក៏មានឈ្មោះលោកជាតំណាងលក់ដីរហូតដល់ ៣០គ្រួសារទៅវីញដែលម្ចាស់សាមីមិនបានដឹងខ្លួនសោះឡើយ។ (សំលេងមេភូមិសុភី)

 

និយាយដល់លោក វ៉ាន់ ថន ស្មៀនឃុំដងទង់ដែលមានដីអាស្រ័យផលនៅជាប់ផ្លូវលេខ ១៣៥ នោះដែរ ពេលដឹងថាដីរបស់ខ្លួនត្រូវបានគេរៀបចំលួចលក់ និងស្នើរសុំប្លង់ជាសំងាត់នោះក៏បានផ្តល់បទសំភាសដល់អង្គភាព ខ្មែរខូវឺធីវី មុនពេលចចារលុយកាក់ត្រូវរ៉ូវជាមួយក្រុមហ៊ុនលោក សេង សម្បត្តិ បានអោយដឹងថា ៖ (សំលេងលោក វ៉ាន់ ថន)

 

យោងតាមប្រភពបទសំភាសន៍ខាងលើនេះសមត្រូវគ្នាជាមួយពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី និងចុះបញ្ជីក្បាលដីលេខ ៨២៥ ទំហំ ១២៩ ០៧១ម៉េត្រក្រឡា ចុះថ្ងៃទី១៣ មករា ឆ្នាំ២០២១ របស់លោក តិល រិន មេភូមិសុភី ពិតប្រាកដមែន ក្នុងនោះដែរឃើញថាជំនាញផ្សេងៗខំដុតដៃដុតជើងចាត់ចែងតាមជំនាញរហូតដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានចេញលិខិតលេខ ០៥១/២១ ស.ជ.ណ ជូនលោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សុរិយោដី និង សំណង់ ខេត្តកំពត ចាត់ការបន្ត និង ចេញប្លង់ជូនប្រជាពលរដ្ឋចំនួន ៣០គ្រួសារតាមការស្នើសុំ ក្រោមរូបភាពយកឈ្មោះប្រជាពលរដ្ឋជាខែលស្នើសុំកាន់កាប់ដីត្រឹម ២០គ្រួសារ តែឯកសារបញ្ជូនឡើងទៅលើមានដល់ ៣០គ្រួសារ ដែលឈ្មួញនិងមន្ត្រីជំនាញមួយចំនួនធ្វើមិនដឹងហើយឆ្លើយយល់ព្រមថាគ្មានប៉ះពាល់ គ្មានទំនាស់អ្វីនោះទេ តែធាតុពិតប្រជាពលរដ្ឋប្តឹងតវ៉ាជាច្រើនដងទៅលោក ស៊ីវ ផេង អភិបាលស្រុកដងទង់តែមិនមានដំណោះស្រាយសោះ ។

 

យោងតាមប្រជាពលរដ្ឋដែលមានដីអាស្រ័យជាប់ផ្លូវលេខ១៣៥ ស្ថិតក្នុងភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត និងឯកសារនានាដែលអង្គភាព«ខ្មែរខូវឺធីវី»ទទួលបាន បញ្ជាក់ឱ្យដឹងយ៉ាងច្បាស់ថា មន្រ្តីមូលដ្ឋានដែលពាក់ព័ន្ធជាមួយភាពមិនប្រក្រតីនេះ ត្រូវគេសង្ស័យថាបានប្រព្រឹត្តអំពើពុករលួយជាមួយប្រាក់សំណូកដ៏ច្រើនសន្ធឹគសន្ធាប់ ដើម្បីសម្រួលការងារ រួមមាន ៖

១-កែវ គឹម មេភូមិស្រែជាខាងជើង ជាអ្នកបោះត្រាបំពេញផ្លូវច្បាប់គ្រប់ឯកសារ ដែលលោក សេង សម្បត្តិ ត្រូវការ ។ គឺលោក កែវ គឹម មិនដែលបដិសេធនោះទេ ។

២-លោក ស៊ីវ ផេង អភិបាលស្រុកដងទង់ ទទួលលុយសំណូកដ៏ច្រើនម៉ឺនដុល្លារ ជាថ្នូរនឹងការហាមឃាត់ប្រជាពលរដ្ឋ និង អោយប្រជាពលរដ្ឋរុះរើសំនង់នានាតាមការបញ្ជាពីក្រុមហ៊ុន ជាពិសេសក្រោយទទួលលុយសំណូកពី លោក សេង សម្បត្តិ រួចហើយបានធានាអះអាងចេញលិខិតដកហូតដីពីប្រជាពលរដ្ឋអាស្រ័យផលនៅតាមបណ្តោយផ្លូវលេខ ១៣៥ មកធ្វើជាសួនច្បារលំអគម្រោងបុរីលោក សេង សម្បត្តិ ទៀតផង ។ មិនតែប៉ុណ្ណោះលោក ស៊ីវ ផេង តែម្នាក់គត់ដែលហ៊ានចេញលិខិតអនុញ្ញាតិអោយចាក់ដីលុបលើផ្ទៃដីទំហំជាង១២ហិចតា ដែលមិនទាន់មានប្លង់កម្មសិទ្ធនៅឡើយ និងចាក់ដីចូលផ្ទៃអាងទឹកដងទង់ទំហំជាង៤ហិចតាផងដែរ កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២១ នាពេលកន្លងទៅ។

ការចេញលិខិតអនុញ្ញាតិរបស់លោក ស៊ីវ ផេង នេះ ជាសកម្មភាពល្មើសនឹងថ្នាក់លើរបស់ខ្លួន ព្រោះត្រឹមតែជាអភិបាលស្រុកគ្មានសិទ្ធអនុញ្ញាតិអោយចាក់ដីបំពេញដល់ទំហំ១២ហិចតានោះទេ ហើយដីនេះទៀតសោតក៏មិនទាន់មានប្លង់កម្មសិទ្ធនៅឡើយទេដែរ ជាពិសេសផ្ទុយទៅនឹងអនុក្រឹត្យលេខ៩៨ អនក្រ.បក ស្តីពីការគ្រប់គ្រងអាង ទន្លេ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន ទៀតផង។

 

៣-លោក ងន លាង ប្រធានការិយាល័យភូមិបាលស្រុកដងទង់ ល្មើសនឹងតួនាទីរបស់ខ្លួន ធ្វើការដោយមិនទទួលខុសត្រូវ ធ្វើរបាយការណ៍តាមតែបញ្ជារបស់លោក សេង សម្បត្តិ និងលោក ស៊ីវ ផេង ដោយមិនខ្វល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយលោកជាអ្នកបោះត្រាទទួលស្គាល់ការវាស់វែងរបស់មន្ត្រីវាស់វែងលោក ឈឺម តារាវុធ ធ្វើប្លង់ជូនដល់ សុខ ហ្គិច និង ចាន់ ស្រីឡែនដោយបំពានលើដីប្រជាពលរដ្ឋសល់ពីកាត់ចំណីផ្លូវចំនួន ១០គ្រួសារ មិនទទួលស្គាល់ដីជាកម្មសិទ្ធរបស់ប្រជាពលរដ្ឋមូលដ្ឋាន តែទទួលវាស់អាងទឹកធ្វើប្លង់អោយសុខ ហ្គិច និង ចាន់ ស្រីឡែន មានអាសយដ្ឋាននៅសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទៅវិញ។

 

៤-លោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម មិនបានហាមឃាត់ ឬរក្សាទុកទីតាំងស្ថានីយ៍វាស់កំពស់ទឹកភ្លៀងដែលមានស្រាប់នៅទីនោះទេ បណ្តោយអោយក្រុមហ៊ុនឈូសឆាយ ចាក់ដីរំលោភយកដោយមិនមានច្បាប់អនុញ្ញាត ក្នុងនាមមន្ត្រីចេះច្បាប់ដែលមានតួនាទីផ្តល់ដោយក្រសួងធនធានទឹក និងឧតុនិយម គួរតែមើលលិខិតអនុញ្ញាតចាក់ដី ឬមានប្រតិកម្មហាមឃាត់ តែបែរជាបណ្តោយអោយឈ្មួញមានអំណាចជាងខ្លួនធ្វើអ្វីស្រេចតែអំពើចិត្តទៅវិញ។

 

៥-វិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្ត ជាជនទី១ដែលហាមឃាត់ និងមិនផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយដល់ថ្នាក់លើ ធ្វើអោយបាត់បង់ទិន្នន័យ និងឈ្មោះរបស់ម្ចាស់ដីពិតប្រាកដ ជាពិសេស នៅពេលអង្គភាព«ខ្មែរខូវឺធីវី»ព្យាយាមសាកសួរព័ត៌មានពាក់ព័ន្ធទីតាំងខាងលើ កាលពីអំឡុងខែមិនា ឆ្នាំ២០២១ កន្លងទៅ ដោយលោកឆ្លើយថាមិនបានដឹងរឿងនោះទេ អោយទៅសួរស្រុកទៅ ទាំងដែលរូបលោកផ្ទាល់ទទួលលិខិតបង្គាប់ការលេខ០០២/២១ ល.ប.ក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ របស់លោក ជាវ តាយ ជាអភិខេត្តកំពត ដែលក្នុងនាមលោកជាអនុប្រធានទៀតផងនោះ ដើម្បីចុះពិនិត្យទីតាំង និងសិក្សាស្វែងយល់ក្នុងការចេញព័ត៌មានដី សំរាប់ធ្វើប្លង់ជូនប្រជាពលរដ្ឋ ៣០គ្រួសារតាមការស្នើសុំរបស់លោក តិល រិន មេភូមិសុភី។ ការមិនឆ្លងឆ្លើយជាមួយអ្នកសារព័ត៌មាន ហើយបង្វែររឿងអោយទៅសួរលោក ស៊ីវ ផេង ជាអភិបាលស្រុកដងទង់ និងលោក កែវ គឹម ជាមេឃុំស្រែជាខាងជើង តែត្រូវពួកលោកឆ្លើយថាមិនដឹងគ្រប់គ្នា ដែលបង្ហាញការលាក់លៀមព័ត៌មាន មិនអោយតម្លៃដល់វិស័យសារព័ត៌មានដែលជារឿយៗសម្តេចតេជោហ៊ុន សែន តែងតែអំពាវនាវ និងលើកទឹកចិត្តអោយមន្ត្រីដែលស្អាតស្អំចេះសហការជាមួយអ្នកសារព័ត៌មាន ដើម្បីផ្តល់ភាពងាយស្រួលក្នុងការផ្សាយព័ត៌មានពិត។

ទន្ទឹមជាមួយគ្នានេះដែរ តាមប្រភពមានព័ត៌មានដ៏ច្បាស់ការបានបែកធ្លាយមួយបានខ្សឹបអោយដឹងថា មូលហេតុដែលលោក វិត វឌ្ឍនា ធ្វើការងាររំលងច្រក មិនឆ្លើយឆ្លងព័ត៌មាន ដោយសារលោកបានទទួលលុយសំណូកមួយចំនួនធំពីលោក សេង សម្បត្តិ ផងដែរ។ប្រភពដដែលបន្តថាខ្លួនហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់បើសិនលោក វិត វឌ្ឃនា ហ៊ានចេញមុខតទល់បញ្ជាក់ភាពស្អាតស្អំរបស់ខ្លួនពិតមែន។

 

៦- លោក ប៉ិល កុសល អភិបាលរងខេត្តកំពត ទទួលបន្ទុកដីធ្លីធ្វើការដោយធ្វេសប្រហែស មិនច្បាស់លាស់ក្នុងនាមជាប្រធានដឹកនាំក្រុមការងារ ធ្វើការមិនបានល្អធ្វើអោយប្រជាពលរដ្ឋរងទុក្ខ បាត់បង់ទិន្នន័យដីប្រជាពលរដ្ឋ ១០គ្រួសារនេះបើយោងតាមកិច្ចសន្យាលក់ផ្តាច់នានា ដែលលក់ដោយលោក តិល រិន មេភូមិសុភី និងតាមបោះត្រាដោយលោក កែវ គឹម មេឃុំស្រែជាខាងជើង រួមមាន ៖កិច្ចសន្យាលក់ផ្តាច់លេខ៩៧១២ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លក់អោយឈ្មោះ ចាន់ ស្រីឡែន ។កិច្ចសន្យាលក់ផ្តាច់លេខ១០០១២ ចុះថ្ងទី១៩ ខែមីនា ឆ្នាំ២០២១ លក់អោយឈ្មោះ សុខ ហ្គិច ។កិច្ចសន្យាលក់ផ្តាច់លេខ៩៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លក់អោយឈ្មោះ សេង សម្បត្តិ ។

 

ប្រជាពលរដ្ឋ១០គ្រួសារ ក្នុងនោះមាន៤គ្រួសារសុខចិត្តចាញ់ការគៀបសង្កត់ហើយទទួលយកសំណងខុសហាងឆេងទាំងដែលដីរបស់ខ្លួនសោះបែរជាគេវាស់ គេលក់តាមអំពើចិត្ត រត់រកអាជ្ញាធរមូលដ្ឋានគេមិនអើរពើថែមទាំងត្រូវបានលោក ស៊ីវ ផេង ចេញលិខិតហាមឃាត់ជាច្រើនដង និងមានគម្រោងចេញលិខិតយកទីតាំងដីរបស់ពួកគាត់ធ្វើជាសួនច្បារសាធារណៈទៀត ដែលបានចោទជាសំនួរតាមរយៈអ្នកសារព័ត៌មានទៅកាន់លោកមន្ត្រីដែលមានឈ្មោះខាងលើថា «តើលោកជាមន្ត្រីបំរើរាស្រ្ត ឬលោកជាចចកឃ្លានមាន់?» តើពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋមិនមានតំលៃស្នើដុល្លារលោក សេង សម្បត្តិ មែនទេ ទើបដំណោះស្រាយមានតែការគៀបសង្កត់ពលរដ្ឋ? គេចាក់ដីអត់ច្បាប់លើដីជាង១២ហិចតាលោកមើលមិនឃើញ តែបើពលរដ្ឋដាំបង្គោលរបងលើដីខ្លួនឯងប៉ុនសំបកក្តាម លោកមន្រ្តីតាមហាមឃាត់មិនឈប់ ។ ជាពិសេសលោក សៀវ ផេង នេះតែម្តងដែលហ៊ានសន្យាជាមួយលោក សេង សម្បត្តិ ថានឹងចេញរឹបអូសដីរបស់ពួកគាត់មកធ្វើជាសម្បត្តិសាធារណៈតាមការបង្គាប់។ ក្នុងករណីខាងលើប្រជាពលរដ្ឋ ស្នើសុំអោយលោក ជាវ តាយ អភិបាលខេត្តកំពតមេត្តាចាត់វិធានការច្បាប់អោយបានតឹងរ៉ឹងលើមន្ត្រីក្រោមបង្គាប់ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ពួកគាត់ និងដើម្បីរក្សាឱ្យបាននូវអាងទឹកដងទង់សំរាប់ជាប្រយោជន៍រួមអោនៅដដែលផង ។ ព្រោះអាងស្តុកទឹកនេះផ្តល់សារប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋក្នុងស្រុកដងទង់ទាំងមូល ហើយតម្លៃរបស់ប្រយោជន៍រួមនេះវាធំធេងជាងប្រយោជន៍បុគ្គលរបស់លោក សេង សម្បត្តិ ទៅទៀត។

 

គួរបញ្ជាក់ថា អាងទឹងស្រុកដងទង់កកើតនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៨៦ ដោយឆ្លងកាត់អភិបាលស្រុក៧នាក់ រួមមាន ១. ហៃ សូន ២. តា ស្មាន់ ៣. ខែម ប៉ាន់ ៤. ម៉ុក កែន ៥.ខឹម ហម ៦. មួង ឈុត ៧ ស៊ីវ ផេង ហើយទំនប់អាងទឹកដងទង់ ត្រូវបានលោក ហៃ សូន ជាអ្នកដឹកនាំកសាងសំរាប់ជាប្រយោជន៍សាធារណៈ ដោយលោកស្រី ជុំ សារឹម អភិបាលរងស្រុកសម័យនោះ បានបញ្ជាក់ថាទីតាំងនោះជាតំបន់សមូហភាព និងលោកស្រីមិនគាំទ្រអោយមានការចាក់ដីលុបនោះទេ។ ប្រជាពលរដ្ឋដែលប្រឈមនិងការបាត់បង់ដីដោយមិនមានសំណងចំនួន ៦គ្រួសារកំពុងបានដាក់ពាក្យទៅសាលាខេត្តផងដែរ និងត្រូវបានកោះហៅតែ៥នាក់ប៉ុណ្ណោះ លើសពីនេះទៀតប្រជាពលរដ្ឋគ្រោងនិងដាក់ពាក្យបណ្តឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយផងដែរ។អង្គភាពសារព័ត៌មាន«ខ្មែរខូវឺធីវី»និងបន្តតាមដានជុំវិញរឿងនេះរហូតដល់ប្រជាពលរដ្ឋទទួលបានយុត្តិធម៌ និងចុះដល់ទីតាំងគ្រប់ពេលបើសិនមានការស្នើសុំពីប្រជាពលរដ្ឋស្រុកដងទង់ ដើម្បីផ្សាយនូវព្រឹត្តិការណ៍ថ្មីៗជូនថ្នាក់ដឹកនាំ និងមហាជនបានជ្រាប ៕ ផ្ដល់សិទ្ធិដោយ«ខ្មែរខូវឺធីវី»