ដោយ បាយ៉ង់ថែមស៍
ខែត្រព្រះសីហនុ៖ បើតាមការឱ្យដឹងពីតំណាងប្រជាពលរដ្ឋរងគ្រោះដីធ្លី អូរដំរី ថាក្រុមប្រជាពលរដ្ឋ ប្រមាណជាង១០នាក់ ដែលបានប្រើឥរិយាបថច្រងេងច្រងាងរារាំងកិច្ចការរបស់គណៈកម្មការចំរុះ និង អាជ្ញាធរមូលដ្ឋាន កាលពីព្រឹកថ្ងៃទី០៨ ធ្នូ ២០២០ គឺជាក្រុមអនាធិបតេយ្យមកពីទីផ្សេងៗដែលលោកស្រី ហ៊ឹម សុវណ្ណរី បានឱ្យដី ក្នុងម្នាក់ៗចាប់ពីទំហំ២០ម៉ែត្រគុណនឹង៣០ម៉ែត្រ ដើម្បីចេញមុខបង្កភាពអនាធិបតេយ្យផ្សេងៗ ។
ហេតុការណ៍ខាងលើ បានកើតឡើង នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ ខណៈពេលគណៈកម្មការ ក្រុមការងារចម្រុះ មានចៅក្រមនៃសាលាដំបូងខែត្រព្រះសីហនុ មន្រ្តីរៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និង សំណង់ខែត្រ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋានស្រុកស្ទឹងហាវ បានចុះពិនិត្យជាក់ស្ដែងនៅទីតាំងដីមានទំនាស់ ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណដីទំហំ៧.៧៦០ហិចតា ដោយយោងតាមសំណុំរឿងរដ្ឋប្បវេណីលេខ២៤៨ របស់សាលាដំបូងខែត្រព្រះសីហនុ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ២០១៩ មុននឹងបើកការជំនុំជម្រះ ។
លោក ណុប ប៊ីន មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ ដែលអះអាងថាខ្លួនជាម្ចាស់ដី ត្រូវបានបក្ខពួកលោកស្រី ហ៊ឹម សុវណ្ណរី លួចធ្វើរបងថ្ម រំលោភយកទាំងកំរោលនោះ បានដាក់ពាក្យប្ដឹងទៅតុលាការ បន្ទាប់មកចៅក្រមបានបង្កើតគណៈកម្មចម្រុះ ចុះពិនិត្យផ្ទៀងផ្ទាត់ទំហំដីជាក់ស្ដែងនៅព្រឹកថ្ងៃទី០៨ ធ្នូ ២០២០ ក៏លេចមុខក្រុមអនាធិបតេយ្យចេញមករារាំង ដោយឥរិយាបថច្រងេងច្រងាង ស្រែកថាមន្រ្តីទាំងនេះមិនដឹងអីទេ ដីនេះស្ថិតនៅក្នុងក្រុងព្រះសីហនុ មិនមែនស្ថិតក្នុងដែនសមត្ថកិច្ចស្រុកស្ទឹងហាវនោះទេ ។
លោក ណុប ប៊ីន ម្ចាស់ដីដែលមានទំនាស់ បានបញ្ជាក់ប្រាប់អ្នកសារពត៌មានថា ដីរបស់លោកមិនជាប់ពាក់ព័ន្ធនឹងក្រុមអនាធិបតេយ្យនោះទេ ដីរបស់លោកស្ថិតក្នុងស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ ។ លោកយល់ថានេះជាឧបាយកលរបស់ភាគីម្ខាងទៀតយកក្រុមប្រជាពលរដ្ឋអនាធិបតេយ្យមកបង្កបញ្ហានៅទីតាំងដីរបស់គាត់ដើម្បីរារាំងសមត្តកិច្ច ។
ទំបំផុត គណៈកម្មការចម្រុះ ចុះពិនិត្យទីតាំងជាក់ស្ដែងដើម្បផ្ទៀងផ្ទាត់ដី បានផ្អាកសកម្មភាពរបស់ខ្លួន ពេលមានការរារាំងរបស់ក្រុមប្រជាពលរដ្ឋអនាធិបតេយ្យខាងលើ ។
គួរបញ្ជាក់ថា ការលើកឡើងរបស់ក្រុមប្រជាពលរដ្ឋអនាធិបតេយ្យថាទីតាំងមានទំនាស់ស្ថិតក្នងក្រុងព្រះសីហនុ គឺវាផ្ទុយស្រឡះពីគ្រាំងកំរាស់ជិតមួយចំអាមរបស់ក្រសួងមហាផ្ទៃ ដែលជាប្រកាសលេខ៣០ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០១ ស្ដីពីការកំណត់ព្រំប្រទល់ដែនសមត្ថកិច្ចភូមិឃុំ ស្រុកខ័ណ្ឌ ក្រុងខែត្រក្នងព្រះរាជាណាចក្រកម្ពុជា ទាំងស្រុង ព្រោះបើយើងឈបែរមុខទៅសមុទ្រ នៅខាងឆ្វេងនៃអូរជាដែនដី ស្ថិតក្នុងក្រុងព្រះសីហនុ រីឯខាងស្ដាំនៃអូរ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ស្រុកស្ទឹងហាវទេ ហើយទីតាំងដីតំបន់អូរដំរី ដែលមានទំនាស់រ៉ាំរ៉ៃមកសព្វថ្ងៃនេះ គឺស្ថិតនៅខាងស្ដាំនៃអូរ ដូចនេះវាជាដែនដីស្រុកស្ទឹងហាវ ប៉ុន្តែសង្កាត់លេខ១បំពានចេញលិខិតផ្សេងៗដាក់ថាសង្កាត់លេខ១ ក្រុងព្រះសីហនុ ។ អាស្រ័យហេតុដូច្នេះ អាជ្ញាធរមូលដ្ឋាន ជាពិសេសសាលាខែត្រព្រះសីហនុ គួរតែស្រាវជ្រាវ រកមុខជនខិលខូចដែលក្លែងបន្លំផែនទីដែនសមត្ថកិច្ច ដោយគូសវាស ចុះហត្ថលេខា ធ្វើជាដើមចមបង្កបញ្ហាអនាធិបតេយ្យ មកផ្ដន្ទាទោសទៅតាមច្បាប់ ៕