​ក្រសួង​ធម្មការ​កំពុងតែ​បង្កើត​គ្រួសារ​បក្ខពួកនិយម​និង​ពុករលួយ​ជាប់​ចំណាត់ថ្នាក់​លេខ​១ ​

0
563

​ដោយៈ គោកធ្លក​
​ ​ភ្នំពេញៈ ក្រោយពី​ការឡើង​កាន់តំណែង​ជា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា កាលពី​អំឡុង ខែមេសា ឆ្នាំ​២០១៦ រួចមក​លោក ​ហ៊ឹម ឆែម រដ្ឋមន្ត្រី មិន​រវីរវល់​នឹង​ការងារ​អ្វី​ទេ គឺ​ដូចជា​ពាក្យចាស់​លោក​ពោលថា «​ដេក​ដួល​រមួល​ផ្សំ​គ្រេច​» តែម្តង​។ ចាប់តាំងពី​នោះមក​មតិ​មហាជន​បាន​រិះ​​គន់​ការដឹកនាំ​របស់  លោក គឺ​សូន្យ​គ្មាន​លទ្ធផល​អ្វី​ជា​ដុំកំភួន​សោះ មិន​ស្មើ​ការដឹកនាំ​របស់​អតីតរដ្ឋមន្ត្រី​មុនៗ​ឡើយ ដែល​ធ្វើ​ឲ្យ​កិត្តិនាម​ក្រសួង​ស្ទើរតែ​បាត់​​ឈ្មោះ​ក្នុង​ពិភព​គុន​។
​ ​
​ការដឹកនាំ​របៀប​ខ្ជីខ្ជា​របស់លោក ហ៊ឹម ឆែម បានធ្វើ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោមៗ ប្រព្រឹត្ត​អំពើពុករលួយ​ស៊ីលុយ​រដ្ឋ ដោយ​មិនមាន​ផែនការ​ច្បាស់លាស់ ក្នុងការ​​អនុវត្ត​ការងារ​។ ដោយសារ​កត្តា​នេះហើយ​បានជា រាជរដ្ឋាភិបាល​កម្ពុជា បិទ​មិន​ឲ្យ​មានការ​ប្រឡង​ជ្រើសរើស​ក្របខណ្ឌ​មន្ត្រី​ចូល​បម្រើ​ការងារ​នៅក្នុង​ក្រសួង​ធម្មការ នេះ​ដោយហេតុថា ការប្រឡង​ជ្រើសរើស​ក្របខណ្ឌ​ម្តងៗ​ប្រព្រឹត្ត​អំពើពុករលួយ ហើយ​ថែមទាំង​ដាក់​កូនចៅ​របស់គាត់​ឱ្យ​ជាប់​ទៀតផង​។​
​ ​
​ថ្នាក់ដឹកនាំ​ក្រសួង ក៍​ដូច​មន្ត្រីរាជការ​ទាំងមូល មិន​ពេញចិត្ត​លើ​ការដឹកនាំ​របស់លោករ​ដ្ឋ​មន្ត្រី​នេះ​ទេ តែបើ​និយាយ​ពី​គ្រួសារនិយម ក្រសួង​ធម្មការ ជាប់​​ចំណាត់ថ្នាក់​លេខ​១ គឺ​លោក ហ៊ឹម ឆែម បានដាក់​កូន​របស់ខ្លួន  ​ក្នុង​តំណែង​ខ្ពស់ៗ​មានដូចជា​ទី​១.​លោកស្រី សួស ណា​រ៉ា ជា​ប្រពន្ធ មាន​តួនាទី​ជា ទី​​ប្រឹក្សា​ក្រសួង ឋានៈ​ស្មើ រដ្ឋលេខាធិការ​។ ទី​២.​លោក ជា ណា​រ៉េត ជា​កូនប្រសារ មាន​តួនាទី​ជា នាយក​ខុទ្ទកាល័យ​ផង និង​ជា អនុ រដ្ឋលេខាធិការ ក្រ​​សួង​ផង​។ ទី​៣.​លោក ហ៊ឹម វិបុល​ឫទ្ធិ ជា​កូនបង្កើត មាន​តួនាទី​ជា អគ្គនាយក​កិច្ចការ​សាសនា​។ ទី​៤.​លោក ហ៊ឹម និមល ជា​កូនបង្កើត មាន​តួនាទី​ជា អនុរដ្ឋលេខាធិការ​។ ទី​៥.​លោក ហ៊ឹម វិបុលផល ជា​កូនបង្កើត មាន​តួនាទី​ជា អនុរដ្ឋលេខាធិការ នៅក្នុង ក្រសួង​ធម្មការ តែមួយ​។
​ ​
​ក្រៅពី​ការតែងតាំង​កូនបង្កើត​របស់ខ្លួន​មាន​តួនាទី​គ្រាក់ៗ​ក្នុង​ស្ថាប័ន​មួយ​នេះ​នៅមាន កូនក្មួយ​ជាច្រើន​នាក់​ទៀត ក្លាយជា​មន្ត្រី​ក្របខណ្ឌ​ក្រសួង​ធម្ម​ការ និង​សាសនា ដែល​កំពុង​បម្រើ​ការងារ​នៅតាម នាយកដ្ឋាន ចំណុះ​ឲ្យ​ក្រសួង​ធម្មការ ថែម​ទៀតផង​។
​ ​
​មន្ត្រី​ជាច្រើន​នាក់​នៅក្នុង ក្រសួង​ធម្មការ បានឃើញ​ទង្វើ​បែបនេះ​មានការ​អន់ចិត្ត​ជាខ្លាំង​ដោយ​នឹកស្មាន​មិន​ដល់​ថា លោក ហ៊ឹម ឆែម ហ៊ាន​តែងតាំង​កូនចៅ​ខ្លួន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដោយ​មិន​ខ្លាចរអា​អ្វី​បន្តិច​ឡើយ​។ សព្វថ្ងៃ​ករណីនេះ​មាន​មន្ត្រី​មួយចំនួន​បាន​បង្ហើប​ថា ការតែងតាំង​មន្ត្រី​សព្វថ្ងៃ​​គឺធ្វើឡើង​ក្រោម​ការ​សូកប៉ាន់ ប្រព្រឹត្ត​អំពើពុករលួយ ដោយ​មិន​ខ្លាច​ចំណាត់ការ​របស់ រាជរដ្ឋាភិបាល នោះទេ​។ ជាក់ស្តែង​ការតែងតាំង​  ក្រោម​ការ​សូក​​ប៉ាន់​នេះ​ធ្វើឡើង​មហា​សែន​លោត​ផ្លោះ​គ្រប់​តំណែង​ពី មន្ត្រី​ធម្មតា ទៅជា អគ្គនាយករង ពី​អនុប្រធាន​ការិយាល័យ ទៅជា អនុប្រធាននាយកដ្ឋាន ពី​​ប្រធានការិយាល័យ ទៅជា​ប្រធាន​នាយកដ្ឋាន​។​ល​។ ទង្វើ​ឈ្លក់​វង្វេង​នឹង អំពើពុករលួយ នេះ​ដែល​ធ្វើ​ឲ្យ​កិត្តិនាម ក្រសួង​ធម្មការ ធ្លាក់ចុះ​ធ្ងន់ធ្ងរ​យ៉ាង​​ត្រ​ដាប​។​
​ ​
​ដោយ​ភ្ជាប់​បញ្ហា​នេះ​ផងដែរ​លោកស្រី ហ៊ុន ស៊ី​ណាត ប្អូនស្រី​បង្កើត​សម្តេច​តេ​ជោ សែន បាន​រិះគន់​រឿង ព្រះសង្ឃ​ចៅអធិការ វត្ត​ពោធិចិនតុង លួច​​លាក់​មាន​ស្រី​។ មិនតែប៉ុណ្ណោះ​មាន​មន្ត្រី​សង្ឃ​ខ្លះ​ចេញ​មុខមក​  ការពារ​ថែមទៀត​ផង​បែរជា រដ្ឋមន្ត្រីក្រសួង​ធម្មការ​ស្ងាត់ឈឹង​បើ​អាច​យក​ល្អ​គួរតែ​សុំ​​លា​ពី​រដ្ឋមន្ត្រី ក្រសួង​ធម្មការ ទៅ​ទុកឱ្យ​ក្មេងៗ​ជំនន់​ក្រោយ​ធ្វើការ​ម្តង​។ ព្រោះ​ញ័រ​ដូច​លលក​ត្រូវ​គ្រាប់​លុ​ញ​ទៅហើយ​។ ជាមួយ គ្នានេះ​លោកស្រី​ក៍​បាន​សុំ​ឲ្យ​លោក ហ៊ឹម ឆែម រដ្ឋមន្ត្រី ក្រសួង​ធម្មការ មាន​ចំណាត់ការ​ចំពោះ​សង្ឃ​នេះ   ​ផងដែរ ចេញមុខ​ការពារ​សង្ឃ​កំហូច​នាំ​ឲ្យ​អាប់ឱន វិស័យ​ព្រះ​​ពុទ្ធសាសនា​ខ្មែរ​។
​ ​
​លោកស្រី​ក៍មាន​ចម្ងល់​ទៀតថា រដ្ឋមន្ត្រីក្រសួង​ធម្មការ អត់​មាន​មើល​សង្ឃ​កំហូច​មាន​ស្រី​ញី​អ្វី​ទេ ស្ងាត់ឈឹង​ខូច​សាសនា​អស់ហើយ​? សាសនា​​រលត់រលាយ ដោយសារ​ថ្នាក់ដឹកនាំ​ក្រសួង​មិន​គិតគូរ​។ សូមជួយ​មើល​លោក សង្ឃ​ហ្នឹង​ផង បើ​មក​បួស​មិនទាន់​ដាច់​កិលេស​ទេ​កុំ​ឲ្យ​បួស​អ្វី​។ លោក​​តា ហ៊ឹម ឆែម គួរ​យក​គំរូ​តាម​លោកតា គាត់ ឈន់ ទម្លាក់ចោល​នយោបាយ​ទៅ​រស់នៅ​ជីវិតចុងក្រោយ​ធម្មតា​។ មាន​អ្នកខ្លះ​ដើរ​សុទ្ធតែ​គ្រា​ទៅ​ហើ​​យ ​នៅ​មិន​ឈប់​ទៀត​…​។​
​ ​
​ជុំវិញ​ការចោទប្រកាន់​ខាងលើ​គេ​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក ហ៊ឹម ឆែម រដ្ឋមន្ត្រី និង​អ្នកនាំពាក្យ​ក្រ   សួង​បានឡើយ នៅ​រសៀល​ថ្ងៃទី​១៤ ​ខែតុលា ឆ្នាំ​២០១៩ នេះ​។​
​ ​
​ថ្នាក់ដឹកនាំ​ក៍​ដូច មន្ត្រីរាជការ ក្រសួង​ធម្មការ សំណូមពរ​ដល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៍​ដូច អង្គភាព​ប្រ  ឆាំង​អំពើពុករលួយ សូម​ពិនិត្យមើល​​ករណីនេះ​ផង ប្រសិនបើ​គ្មាន​ការកែទម្រង់​ណាមួយ​នោះទេ ការងារ​វិស័យ​សាសនា​នៅ​កម្ពុជានឹង​ធ្លា​ក់ដាំ​ក្បាល​ចុះ​ជាពុំខាន​ឡើយ​៕